ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​មិន​ទទួល​ស្គាល់​ការ​បំពាក់​ទង់ជាតិ​កម្ពុជា​លើ​នាវា​​កូរ៉េ​ខាង​ជើង​ដែល​​ដឹក​អាវុធ​ខុស​ច្បាប់


រូបឯកសារ៖ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​ការ​បំពាក់​ទង់ជាតិ​កម្ពុជា​លើ​នាវា​កូរ៉េ​ខាង​ជើង​ដែល​ដឹក​អាវុធ​ខុស​ច្បាប់ ​ខណៈ​មាន​សេចក្តី​រាយការណ៍​ពី​ការ​រក​ស៊ី​ជំនួញ​អាក្រក់​នៅ​លើ​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា។

ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ជំនួញ​ទាក់ទង​នឹង​ការ​បំពាក់​ទង់ជាតិ​កម្ពុជា​នៅ​លើ​នាវា​ ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១៦​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ឡើង​វិញ ​ខណៈ​មាន​សេចក្តី​រាយការណ៍​ពី​ការ​រក​ស៊ី​ជំនួញ​អាក្រក់​នៅ​លើ​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា។​ កាល​ពី​ថ្ងៃ​ចន្ទ​ កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​ថា ​នាវា​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​បំពាក់​ទង់ជាតិ​កម្ពុជា​ ត្រូវបាន​រក​ឃើញ​ថា​ ដឹក​អាវុធ​ខុស​ច្បាប់​ទៅ​ប្រទេស​អេហ្ស៊ីប​ ស្ថិត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រកាស​ភ្លាមៗ​ មិន​ទទួលខុស​ត្រូវ​ការ​ប្រើ​ទង់​ជាតិ​កម្ពុជា​ ដូច​ក្នុង​សេចក្តី​រាយ​ការណ៍​នោះ ​ដោយ​បាន​អធិប្បាយ​ថា ​នាវា​ដែល​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​គឺ​ខុស​ច្បាប់។

​បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ​របស់​សារ​ព័ត៌មាន​អាមេរិក ​កាល​ពី​ថ្ងៃ​ចន្ទ ​ទាក់ទង​នឹង​ការ​រក​ឃើញ​ថា ​នាវា​របស់​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​បំពាក់​ទង់ជាតិ​កម្ពុជា ​ដឹក​អាវុធ​ទៅ​ប្រទេស​អេហ្ស៊ីប​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ច្បាប់​ ដោយ​បានបដិសេធ​ការ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ។​

កាសែត ​The Washington Post​ របស់​អាមេរិក​បាន​ចុះ​ផ្សាយ​ថា ​នាវា​ដឹក​ទំនិញ​ឈ្មោះ ​Jie Shun ​បាន​បំពាក់​ទង់ជាតិ​កម្ពុជា​ តែ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កូរ៉េ​ខាង​ជើង​ ហើយ​ត្រូវ​បាន​គយ​របស់​អេហ្ស៊ីប​ឃាត់​ដើម្បី​ត្រួត​ពិនិត្យ ហើយ​បាន​រក​ឃើញ​កាំភ្លើង​បាញ់​រ៉ុក្កែត​ជាង​៣​ម៉ឺន​ដើម​ ដែល​លាក់​នៅ​ក្នុង​នាវា​នោះ។​

ក្នុង​សេចក្តី​បំភ្លឺ​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បកស្រាយ​ថា ​ រដ្ឋាភិបាល​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ចុះ​បញ្ជី​នាវា​អន្តរជាតិ​ (ISROC)​ កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៥​ និង​បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ចុះ​បញ្ជី​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា​ចាប់​ពី​ពេល​នោះ​មក។ ​ទោះ​ជា​យ៉ាងណា ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​នាវា​ទាំង​នោះ​ដំណើរ​ការ​ដល់​ចុង​ខែ​សីហា​ ឆ្នាំ​២០១៦ ​ដោយ​សារ​ម្ចាស់​នាវា​ខ្លះ​នៅ​មាន​សុពលភាព​នៃ​វិញ្ញាបន​បត្រ​នៃ​ការ​ចុះ​បញ្ជី។​

ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា៖​

«នាវា​ទាំងឡាយ​ណា​ដែល​អះអាង​ថា ​ស្ថិត​នៅ​ក្រោម​ទង់ជាតិ​កម្ពុជា ​ក្រោយ​ថ្ងៃ​អស់​សុពលភាព​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ ខុសច្បាប់ ​និង​អាច​ត្រូវ​បាន​ដាក់​ទោស ​ដោយ​ច្បាប់ ​និង​បទបញ្ញត្តិ​អន្តរជាតិ»។​

បើ​តាម​សេចក្តី​បំភ្លឺ​នោះ ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ ខ្លួន​ក៏​ធ្លាប់​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​របស់​កូរ៉េ​ខាងត្បូង​អំពី​ការ​លុប​ចេញ​ពី​បញ្ជី​នៃ​នាវា​ចំនួន​៣​គ្រឿង​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​មួយ​ដែល​បំពាក់​ទង់​ជាតិ​កម្ពុជា ​ស្រប​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។​

ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ការ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា ​ដោយ​នាវា​ណា​ក៏​ដោយ​ រួម​ទាំង​នាវា​ ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ ​គឺ​ជា​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​អេហ្ស៊ីប​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​ត្រូវ​បាន​ដក​ស្រង់​ដោយកាសែត​ The Washington Post ​ អេហ្ស៊ីប​បាន​បង្ហាញ​ពី​តម្លាភាព​របស់ខ្លួន​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ ​ក្នុង​ការ​ស្វែង​រក ​និង​បំបាត់​ការ​នាំ​ទំនិញ​ខុស​ច្បាប់។

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ផ្លូវ​សមុទ្រ​អន្តរជាតិ​ (International Maritime Organization)​ ក្នុង​ឆ្នាំ​១៩៦១ ​ហើយ​បាន​បើក​ឲ្យ​មាន​ការ​បំពាក់​ទង់ជាតិ​កម្ពុជា​នៅ​លើ​នាវា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥។​

រូបឯកសារ៖ កប៉ាល់ដឹកទំនិញ​របស់​កូរ៉េខាងជើងឈ្មោះ Kum Pit មក​ដល់​កំពង់ផែ Incheon នៅភាគខាងលិច​កូរ៉េខាង​ត្បូង កាលពីឆ្នាំ២០០៩។
រូបឯកសារ៖ កប៉ាល់ដឹកទំនិញ​របស់​កូរ៉េខាងជើងឈ្មោះ Kum Pit មក​ដល់​កំពង់ផែ Incheon នៅភាគខាងលិច​កូរ៉េខាង​ត្បូង កាលពីឆ្នាំ២០០៩។

ជាង​២០​ឆ្នាំ​មក​នេះ ​ការ​រក​ស៊ី​បំពាក់​ទង់ជាតិ​កម្ពុជា​នៅ​លើ​នាវាមាន​បញ្ហា​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​មាន​ការ​ដាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ខ្មៅ ​ដោយ​ក្រុម​អ្នក​ឃ្លាំមើល​នាវា​ធំៗ​របស់​ពិភពលោក ​ដែល​ក្នុង​នោះ​មាន​ការ​នេសាទ​ត្រី​ខុស​ច្បាប់ ​និង​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំញៀន ​និង​អាវុធ​ជាដើម។​

កាល​ពីខែ​កុម្ភៈ​ ឆ្នាំ​នេះ ​សារព័ត៌មាន​ Kyodo​ របស់​ជប៉ុន​បាន​រាយ​ការណ៍​ថា ​នាវា​ធំមួយ​របស់​កូរ៉េ​ខាង​ជើង​ដែល​បំពាក់​ទង់​ជាតិ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​ថា ​ដឹក​អាវុធ ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦។​

ទោះជាយ៉ាងណា ​មិន​មាន​ការ​ឆ្លើយតប​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ​ដោយ​មន្រ្តី​កម្ពុជា​គ្រាន់​តែ​បញ្ជាក់​ថា ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​បំពាក់​ទង់ជាតិ​នេះ​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១៦។​

លោក​ ចាន់ តារា ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ ផ្លូវ​សមុទ្រ ​និង​កំពង់​ផែ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​អង្គការ​ផ្លូវ​សមុទ្រ​អន្តរជាតិ ​អំពី​ការ​បញ្ឈប់​បំពាក់​ទង់​ជាតិ​កម្ពុជា​នៅ​លើ​នាវា ​ហើយ​បញ្ជាក់​ថា ​ប្រសិន​បើ​មាន​នាវា​ណា​បំពាក់​ទង់ជាតិ​កម្ពុជា​នាវា​នោះគឺ​ជា​នាវា​ខុស​ច្បាប់។​

លោក​បញ្ជាក់​ថា ការ​បញ្ឈប់​នេះគឺ​ដោយសារ​កម្ពុជា​ខ្វះ​យន្ត​ការ​ក្នុង​ការ​តាមដាន ​បញ្ហា​បច្ចេក​ទេស ​និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ ដែល​ត្រូវ​បាន​រាយការណ៍​ ដោយ​ប្រទេស​មួយ​ចំនួន។ លោក​បន្ត​ថា ​ក៏​មាន​ការ​បន្លំ​បំពាក់​ទង់​ជាតិ​កម្ពុជា ​ដោយ​ខុសច្បាប់​ផង​ដែរ។​

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ថា៖​

«វា​នៅ​តែ​មាន​អ្នក​ដែល​អាច​នឹង​បន្លំ​យក​អា​របស់​យើង​ហ្នឹង​ទៅ​ប្រើ​ ហើយ​យើង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង។ ​អីចឹង​ហើយ​បាន​ជា​យើង​គិត​ថា ​វា​លំបាក​ពេក ​បាន​សម្រេច​ចិត្ត​ថា ​យើង​នឹង​ដក​ចេញ ​បញ្ចប់​អា​កិច្ចការ​ហ្នឹង​តែ​ម្តង ​លែង​ឲ្យ​មាន​បន្ត​ទៀត ​កុំ​ឲ្យ​ពិបាក ​ព្រោះ​បញ្ហា​ចេះ​តែ​កើត​មាន​អត់​ឈប់​អីចឹង»។​

លោក​ ចាន់ តារា ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផល​ចំណេញ​ពី​ការ​រក​ស៊ី​បំពាក់​ទង់ជាតិ​លើ​នាវា​នេះ​គឺ​មិនមែន​ជា​ការ​ចុះ​បញ្ជី​នោះ​ទេ​គឺ​ផល​ចំណេញ​ពី​កម្លាំង​ពលកម្ម​ដែល​បម្រើ​ការ​នៅ​លើ​នាវា​នោះ។​ លោក​បន្ត​ថា​ កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ ហើយ​សង្ឃឹម​ថា ​នឹង​អាច​ដាក់​ដំណើរ​ការ​ឡើង​វិញ ដោយ​ខ្លួន​ឯង​ យ៉ាង​តិច​៥ឆ្នាំ​ខាង​មុខ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ក្នុង​ពេល​អនាគត​ នៅ​ពេល​ដែ​ល​យើង​ពិនិត្យ​ឃើញ​លទ្ធភាព​របស់​យើង​គ្រប់គ្រាន់​ សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​កិច្ច​ការ​នេះ ​អា​នេះ​យើង​នឹង​បន្ត​ទៀត​ រៀបចំ​ដោយ​កម្ពុជា​ខ្លួន​ឯង។ ​ហើយ​ធានា​បាន​ថា ​ការ​គ្រប់គ្រង​ក៏​គ្រប់គ្រង​បាន»។​

កន្លង​ទៅ ​នាវា​ជាង​៨០០​គ្រឿង​ត្រូវ​បាន​រាយ​ការណ៍​ថា​ ​បាន​ចុះ​បញ្ជី ​ហើយ​បំពាក់​ទង់ជាតិ​កម្ពុជា។​

កាល​ពី​ឆ្នាំ​២០១៤​ សហភាព​អឺរ៉ុប​បាន​បិទ​ការ​នាំ​ចូល​ត្រី​ពី​កម្ពុជា ​ដែល​ជា​ការ​ដាក់​ទណ្ឌកម្ម​មួយ​នៃ​ការនេសាទ​ត្រី​ខុស​ច្បាប់​ ដោយ​ការ​ប្រើប្រាស់​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា។​

លោក ​George Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ VOA​ ថា ​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ អស់​រយៈ​ពេល​បួន​ឆ្នាំ ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា​លើ​នាវា ​និង​បញ្ហា​ទាក់ទង​នឹង​ការ​នេសាទ​ត្រី​ខុស​ច្បាប់ ​ដោយ​មិន​មាន​ការ​គ្រប់គ្រង។​ លោក​បន្ត​ថា ​សហភាព​អឺរ៉ុប​បាន​ស្វាគមន៍​ការ​បញ្ឈប់​ការ​ចុះ​បញ្ជី​នេះ។​

លោក ​Paul Chambers ​ជា​សាស្រ្តាចារ្យ​ ​និង​ជាទីប្រឹក្សា​ស្តីពី​បញ្ហា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​ ​មិន​ត្រឹម​តែ​ការ​នេសាទ​ខុស​ច្បាប់​នោះទេ​ គឺ​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​ ការ​ជួញ​ដូរ​ថ្នាំញៀន ​ការ​រត់​ពន្ធ​ប្រេង​ និង​អាវុធ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​រយៈ​អ៊ីម៉េល​ថា៖​

«ជាង​នេះ​ទៅ​ទៀត ​កម្ពុជា​មិន​ចង់​ឲ្យ​ប្រទេស​មហា​អំណាច ​ដូច​ជា​ចិន ​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក គិត​ថា​ ​កម្ពុជា​កំពុង​តែ​គាំទ្រ​ជំនួញ​អាក្រក់​ទេ»។​

លោក​បន្ថែម​ថា ក​ម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​ខ្លាំង​ជាង​នេះ ​ក្នុង​ការ​តាម​ដាន​នាវា​ទាំង​អស់ ​ដែល​ឆ្លង​កាត់​ដែន​ទឹក៕

XS
SM
MD
LG