ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ពង្រឹង​ការទូត​នៅ​តំបន់​មេគង្គ​មួយ​នៅ​កម្ពុជា


ក្រុមអ្នកមុខអ្នកការចូលរួមពិធីសម្ភោធ មជ្ឈមណ្ឌលសកលដើម្បីសិក្សាតំបន់មេគង្គ ដែលគាំទ្រដោយប្រទេសចិន នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)
ក្រុមអ្នកមុខអ្នកការចូលរួមពិធីសម្ភោធ មជ្ឈមណ្ឌលសកលដើម្បីសិក្សាតំបន់មេគង្គ ដែលគាំទ្រដោយប្រទេសចិន នៅក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​ថវិកា​ពី​រដ្ឋ​ចិន ​តាម​រយៈ​ក្រប​ខណ្ឌLMC។ ​LMC ​ត្រូវ​បាន​​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១៥ ​ផ្ដួច​ផ្ដើម​ដោយ​ប្រទេស​ចិន​ដែល​រំពឹង​ត​ភ្ជាប់​ភាព​ជិត​ស្និទ្ធ​នឹង​តំបន់​អាស៊ាន​តាម​រយៈ​តំបន់​មេគង្គ។

ក្នុង​គោល​បំណង​ជួយ​ជ្រោមជ្រែង​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​នៅ​តំបន់​មេគង្គ ​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេសនៅ​តាមដង​ទន្លេ​មេគង្គ​ចំនួន​ប្រាំ​ផ្សេង​ទៀត ​បាន​មូល​មតិ​គ្នា​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្នាក់​តំបន់​មួយ ​នៅ​ទី​ក្រុង​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដែល​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ជា​ការ​ពង្រីក​ចំណាប់​អារម្មណ៍​របស់​ទីក្រុង​ប៉េកាំង​ លើ​ផ្នែក​សិក្សាធិការ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​តំបន់​មេគង្គ​កាន់​តែ​ជិត​ស្និទ្ធ។

មជ្ឈមណ្ឌល​សាកល​ដើម្បី​សិក្សា​តំបន់​មេគង្គ​ ឬ Global Center for Mekong Studies (GCMS) ត្រូវ​បាន​បើក​សម្ភោធ​ដោយ​មាន​ការ​ចូល​រួម​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ថាបនិក​ចំនួន​៦​រួម​មាន ​វិទ្យាស្ថាន​ចិន​ដើម្បី​ការ​សិក្សា​អន្តរជាតិ ​(CIIS) ​វិទ្យា​ស្ថាន​ខ្មែរ​ដើម្បី​សហប្រតិបត្តិការ​ ​និង​សន្តិភាព​ (CICP) ​បណ្ឌិត្យសភា​ការទូត​វៀតណាម ​(DAV) ​វិទ្យាស្ថាន​កិច្ចការ​បរទេស​នៃ​ប្រទេស​ឡាវ ​(IFA) ​វិទ្យាស្ថាន​មីយ៉ាន់ម៉ា​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ ​(MISIS) ​និង​វិទ្យាស្ថាន​កិច្ចការ​បរទេស​ទេវវង្ស​វរប្រាកន ​នៃ​ប្រទេស​ថៃ ​(DVIFA)។

​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​នូវ​អនុសាសន៍ ​និង​គំនិត​យោបល់​ពី​ផ្នែក​អ្នក​ស្រាវ​ជ្រាវ​សិក្សាធិការ​មក​ពី​ប្រទេស​ទាំង​៦ ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការណ៍​ឡានឆាង-​មេគង្គ ​(LMC) ដែល​ជា​គម្រោង​គោល​នយោបាយ​ការ​បរទេស​ផ្ដួច​ផ្ដើម​គំនិត​ដោយ​ទីក្រុង​ប៉េកាំង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ខិត​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​ប្រាំ​រួម​មាន ​មីយ៉ាន់ម៉ា ​ឡាវ ​ថៃ ​កម្ពុជា ​និង​វៀតណាម។ ​នេះ​បើ​តាម ​វិទ្យាស្ថាន​ខ្មែរ​ដើម្បីកិច្ចសហ​ប្រតិបត្តិការនិង​សន្ដិភាព។

​ព្រះអង្គម្ចាស់ ​នរោត្តម ​សិរីវុឌ្ឍ ​ប្រធាន​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​កិច្ចសហប្រតិបត្តិការ​និងសន្តិភាព ​បាន​មាន​ព្រះ​បន្ទូល​ថា ​ក្រៅ​តែ​ពី​ដើរ​តួនាទី​ជា​អ្នក​ផ្ដល់​នូវ​យោបល់ ​និង​គំនិត​ជ្រាល​ជ្រៅ​ដើម្បី​កំណត់​នូវ​របៀបវារៈ​គោល​នយោបាយ​នានា​របស់ ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង-មេគង្គ ​(LMC) ​មជ្ឈ​មណ្ឌល​បង្កើត​ថ្មី​គាំទ្រ​ដោយ​ប្រទេស​ចិន​មួយ​នេះ​ ​ក៏​អាច​ដើរ​តួនាទីផ្សេងទៀត​ជា​អ្នក​ពាំនាំ​សារ​នៃ​ក្របខ័ណ្ឌ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​នៃ​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ខាង​លើ​ផង​ដែរ។​

​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​ថវិកា​ពី​រដ្ឋ​ចិន ​តាម​រយៈ​ក្រប​ខណ្ឌ LMC។ ​LMC ​ត្រូវ​បានចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១៥ ​ផ្ដួច​ផ្ដើម​ដោយ​ប្រទេស​ចិន​ដែល​រំពឹង​ត​ភ្ជាប់​ភាព​ជិត​ស្និទ្ធ​នឹង​តំបន់​អាស៊ាន​តាម​រយៈ​តំបន់​មេគង្គ។

​ទំនាក់ទំនង​របស់​ចិន​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ ​ហាក់​មាន​ភាព​រកាំ​រកូស​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជុំវិញ​ប្រធានរឿង​នៃការ​ដណ្ដើមដែន​អធិបតេយ្យ​ភាព​គ្រប់គ្រង​នៅ​បរិវេណ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​មាន​សមាជិក​អាស៊ាន​យ៉ាង​តិច​បួន​ក៏​ជា​ភាគី​ជម្លោះ​អះ​អាងពី​ការ​គ្រប់​គ្រង​របស់​ខ្លួន​នៅ​តំបន់​ដែល​ជា​ចំណុច​ចេញ​ចូល​ដ៏​សំខាន់​នៃ​នាវាចរណ៍​អន្តរជាតិ។

ប្រទេស​ចិន​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​លើ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​ ឬ​អាង​ទន្លេ​មេគង្គ​ដែល​មួយចំនួន​នៃ​គម្រោង​ទាំង​នោះ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ភាព​ចម្រូងចម្រាស​ និង​រង​ការ​រិះគន់​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន​ និង​ប្រពៃណី​ជនជាតិ​ដើម៕

XS
SM
MD
LG