ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ពិចារណា​ចាក់​ដូសទី៣​ខណៈ​កម្រិត​ប្រសិទ្ធភាព​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​តែ​ជា​សំណួរ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​


រូប​ឯកសារ៖​ មន្ត្រីម្នាក់ប្រចាំក្រសួងព័ត៌មានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ (AFP)
រូប​ឯកសារ៖​ មន្ត្រីម្នាក់ប្រចាំក្រសួងព័ត៌មានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ (AFP)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​ដូស​ទី៣​ដល់​ប្រជាពលរដ្ឋ​ខណៈ​រង់​ចាំ​ការ​សិក្សា​ជា​លក្ខណៈ​វិទ្យាសាស្រ្ត​របស់​ពិភពលោក។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​កំពុងចោទ​ជា​សំណួរ​លើ​កម្រិត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​(Sinovac)​ របស់​ចិន​ដោយសារ​ចាក់​ហើយ​នៅ​តែ​ឆ្លង​ដដែល។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៃ​ការ​បិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​នៅ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​នាថ្ងៃ​ព្រហស្បតិ៍​នេះ​លោកស្រី ​ឱ វណ្ណឌីន​រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ទទួល​បន្ទុក​ការ​ចាក់​វ៉ាក់សាំង​នេះ​បាន​ថ្លែង​ថា​អាជ្ញាធរ​នឹង​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០លាន​នាក់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ។ លោកស្រី​បន្ថែម​ថារដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​ការ​ចាក់​ដូសទី៣​ដោយរង់ចាំ​ការ​សិក្សា​លក្ខណៈ​វិទ្យាសាស្រ្ត​របស់​ពិភពលោក​ជាមុន​សិន។

លោកស្រី​ថ្លែង​ថា៖ «ហើយ​ទន្ទឹម​នឹង​នោះ​យើង​ក៏គិត​គូរ​ថា​តើ​យើង​គួរ​តែ​មានការ​ចាក់​នូវ​ដូសទី៣​ឬក៏​យើង​ត្រូវការ​ចាក់​ដូស​រំឭក​ឡើង​វិញ»។

ទោះ​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​នៅ​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​ប្រមាណ​២លាន​នាក់​លោកស្រី ​ឱ វណ្ណឌីន​ឲ្យដឹង​ថា​«ការ​ឆ្លង​កំពុង​តែសកម្ម​ដដែល»​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​វិធានការ​ការពារ​ជា​ចាំបាច់។ លោកស្រី​បញ្ជាក់​ថា​ការ​ឆ្លង​នៅ​តែ​មាន​ទោះចាក់​វ៉ាក់សាំង​ពីរដូស​រួច​ហើយ​ក្តី​ប៉ុន្តែ​វ៉ាក់សាំង​នឹង​ជួយ​មិន​ឲ្យ​ជំងឺ​នេះ​វិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ​វាយ​លុកសួត​រហូត​ដល់​ស្លាប់។

លោកស្រី​ថ្លែង​ថា៖ «អញ្ចឹង​ហើយ​បាន​ជា​វ៉ាក់សាំង​នេះ​សំខាន់​ណាស់…ចាក់​ទៅ​ដើម្បីជួយ។ នៅ​ពេល​ណា​ដែល​វីរុស​ចូល​មក​ក្នុង​ខ្លួន ទប់​កុំ​ឲ្យ​យើង​ហ្នឹង​វិវឌ្ឍ​ទៅ​រក​សេចក្តី​ស្លាប់ កុំ​ឲ្យ​យើង​វិវឌ្ឍ​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ។ នេះ​ជា​ផល​ប្រយោជន៍​ធំណាស់​របស់​វ៉ាក់សាំង»។

​បើ​តាម​លោកស្រី​ឱ វណ្ណឌីន អ្នក​ស្លាប់​ភាគ​ច្រើន​នៅ​កម្ពុជា ជា​មនុស្ស​វ័យ​ចំណាស់​អាយុ​ចាប់​ពី​៥០ឆ្នាំ​ឡើង​ហើយ​ពួកគេ​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរៃ​ផង​ដែរ។

លោកស្រី​បន្ថែម​ថា​ប្រជាពលរដ្ឋ​កម្ពុជាមាន​ទឹកចិត្ត​ចង់ចាក់​វ៉ាក់សាំង​និង​ស្ម័គ្រចិត្ត​ចាក់​បើ​ទោះ​មាន«ការ​ររាំងពី​ក្រុមអគតិ»​មួយ​ចំនួន​ក៏ដោយ​។

ការ​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ឆ្លង​ជំងឺកូវីដ១៩ ក៏​ត្រូវ​បាន​ពិភាក្សា​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ផង​ដែរ។ ស្របពេល​ជាមួយគ្នា​ប្រទេស​មួយ​ចំនួន​ក៏កំពុង​លើក​ឡើង​អំពី​កម្រិត​នៃ​ប្រសិទ្ធភាពវ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ក្រុមហ៊ុន​ចិន។ ប្រទេស​សិង្ហបុរី​បាន​ប្រកាស​ថា​មិន​ចាត់ទុក​ប្រជាជន​ខ្លួនដែល​ចាក់វ៉ាក់សាំង​ស៊ីណូវ៉ាក់ជា​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នោះ​ទេ។ នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reutersកាល​ពី​ថ្ងៃ​ពុធ។ កាល​ពី​ពេល​ថ្មីនេះ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថាឯកសារ​បែកធ្លាយ​មួយ​របស់​ក្រសួង​សុខាភិបាល​ថៃ បណ្តាល​ឲ្យ​មាន​ការ​អំពាវនាវ​ដល់​បុគ្គលិក​ពេទ្យ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន​រួច​ហើយ ត្រូវ​ចាក់​បន្ថែម​វ៉ាក់សាំង​កូវីដ​១៩​ប្រភេទ​ផ្សេង​ដែល​ផលិត​ឡើង​តាម​ប្រព័ន្ធ​បចេ្ចកវិទ្ យាmRNA។​ឯកសារ​នោះ​បាន​បញ្ជាក់​ថា​ចំណាត់ការ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេចក្តី​ទុកចិត្ត​របស់​សាធារណជន​លើវ៉ាក់សាំង​ចិន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech។

លោកស្រី ​ឱ វណ្ណឌីន​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា៖ «វ៉ាក់សាំង​នេះ​នៅ​តែ​មាន​តម្លៃ​សម្រាប់​មនុស្សជាតិ​ដែល​សូម្បី​តែ​អង្គការ​សុខភាព​ពិភពលោក​ក៏ទទួល​ស្គាល់​ដាក់​បញ្ចូល​ក្នុងបញ្ជី​ប្រើ​ប្រាស់​បន្ទាន់​ដែរ។ ដូច្នេះការចាក់​វ៉ាក់សាំង​កូវីដ១៩​នៅ​តែបន្ត​រហូត​ដល់​គ្រប់​តាម​គោលដៅ​ចំនួន​ដប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​គិតត្រឹម​ថ្ងៃពុធ​មាន​៤លាន​៧សែន​នាក់​ដែល​ស្មើ​នឹង៤៧%​នៃ​ប្រជាជន​១០លាន​នាក់​ដែល​ជា​គោលដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង។ នៅ​ក្នុង​នោះ​មាន​មនុស្ស​៣លាន​នាក់​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់របស់​ចិន។

លោក​ ហេង វីរៈបុត្រ ​អាយុ​៣៣ឆ្នាំ​រស់​នៅ​ក្នុង​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ចំនួន​ពីរដូស​កាល​ពីខែ​មិថុនា។ ទោះ​ជាយ៉ាងណា​ លោក​មិន​មាន​ជំនឿ​១០០%​ថាវ៉ាក់សាំង​នេះ​អាច​ការពារ​ខ្លួន​បាន​ទេ​ខណៈ​មាន​ព័ត៌មាន​ក្នុង​ប្រទេស​ថា​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​បន្ថែម​ថា​ តាម​ពិត​ទៅ​លោក​មិន​ចង់​ចាក់​វ៉ាក់សាំង​នោះ​ទេ ប៉ុន្តែ​ដោយសារ​លោក​ជា​អាជីវករ​លក់ខោអាវ​និង​គ្រឿង​ភេសជ្ជៈ​ដូច្នេះ​លោក​ត្រូវ​តែ​ចាក់​ដោយសារ​អាជ្ញាធរ​ចង់​ឃើញ​បណ្ណ​ចាក់​វ៉ាក់សាំង​ហើយ ទើប​អនុញ្ញាត​ឲ្យ​លក់​ដូរ​ធម្មតា។

លោក​ប្រាប់​វីអូអេ​ថា៖ «ពី​ដំបូង ខ្ញុំ​អត់​ចង់​ចាក់​ដែរ​ហ្នឹង ក៏ប៉ុន្តែ​មើល​ទៅ​ដូច​គេ​រៀង​បង្ខំ ឬ​មួយ​ក៏​អី​អញ្ចឹង ក៏​ចាក់​ទៅ ចាក់​ដើម្បី​យក​កាត»។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​បន្ថែម​ទៀត មុន​នឹង​យក​មក​ចាក់​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ថែម​ថា៖ «យើង​ខំ​ទៅ​ចាក់​ហើយ​ការពារ​ដែរ​ដល់​ពេល​នៅ​តែ​ឮ​ព័ត៌មាន​ថា​ឆ្លង​ថា​អី​អញ្ចឹង ចង់​ថា​រាជរដ្ឋាភិបាល​គាត់​ពិនិត្យ​គាត់​អី​អញ្ចឹង​ទិញ​មក ថ្នាំ​ហ្នឹង​វា​មាន​គុណភាព​អីអត់? ចេះ​តែ​គេ​បញ្ជូន​មក​យើង​ចេះ​តែ​យក​មក​ចាក់​ឲ្យ​ប្រជាជន​អញ្ចឹង វា​ពិបាក​ដែរ​ណា​បង»។

ចំណែក​លោក​ ជា ផេងហួរ ​អាយុ​២១​ឆ្នាំ​ជា​និស្សិត​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ឆ្នាំទី៣​នៅ​រាជធានី​ភ្នំពេញ​ថ្លែង​ថា​លោក​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​កាល​ពី​ខែឧសភា​និង​ចាក់​លើកទីពីរ​កាល​ពី​ដើម​ខែ​មិថុនា។ លោក​បន្ថែម​ថា​ក្រុមគ្រួសារ​របស់​លោក​ក៏បាន​ចាក់រួច​ទាំងអស់​គ្នា​ផងដែរ​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​សីណូវ៉ាក់នេះ។​លោក​អាច​ចាត់ទុក​វ៉ាក់សាំង​នេះជួយ​ការពារ​ខ្លះ ទោះ​មិន​១០០%​ក៏ដោយ។

លោក​ប្រាប់​វីអូអេ​ថា៖ «អត់​រំពឹង​អាហ្នឹង​[វ៉ាក់សាំង]​ខ្លាំង​ពេក​ដែរ។ ទាល់​យើង​ប្រយ័ត្ន​ខ្លួន​ឯង​ដែរ។ បើ​យើង​ដើរ​ពាស​វាល​ពាសកាល​អញ្ចឹង វ៉ាក់សាំង​ជួយ​ម៉េច​ឈ្នះ»។

លោក ​យង់​ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាពប្រាប់​វីអូអេ​ថា​ភាព​ជោគជ័យ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩​មិនមែន​អាស្រ័យ​លើ​ចំនួន​ប្រជាជន​ដែល​ចាក់​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​គុណភាព​នៃ​វ៉ាក់សាំង។ លោក​បង្ហាញ​ចម្ងល់​ការ​បន្ត​ឆ្លង​ច្រើន​និង​ស្លាប់​ច្រើន ខណៈ​ប្រជាជន​កម្ពុជា​ក្នុង​ចំនួន​ច្រើន​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។

លោក​បញ្ជាក់​ថា៖ «បើ​សិន​ជា​វា​អត់មាន​ប្រសិទ្ធភាព​សោះ អាហ្នឹង​យើង​គួរ​តែ​ផ្អាក​ប៉ុន្តែ​សិន​ជា​វា​មាន​ប្រសិទ្ធ​ភាព​ខ្លះ​ដែរ​អាហ្នឹង​យើង​នៅ​តែ​បន្ត​ចាក់​អាហ្នឹង​វា​គ្រាន់​បើ​ជាង​អត់»។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​តួលេខ​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​ថា​តើ​អ្នក​ចាក់​ពីរដូស ស្លាប់​ប៉ុន្មាន​ភាគរយ? អ្នក​ដែល​ទទួល​វ៉ាក់សាំង​ពីរ​លើក​ហើយ​ឆ្លង​ប៉ុន្មាន​ភាគរយ​ដើម្បី​ឲ្យ​សាធារណជន​គាត់​បាន​ដឹង​បាន​ឮ បាន​ឃើញ​ ហើយ​គាត់​បាន​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​អ្នក​ចាក់​លើក​ទីពីរ​មាន​អ្នក​ស្លាប់​អត់​បាទ? ​អាហ្នឹង​ជា​រឿង​សំខាន់»។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ករណី​ស្លាប់​ចំនួន​២៧នាក់​ដែល​នាំ​ឲ្យ​ករណីស្លាប់​សរុប​មាន​ចំនួន​៨២៥នាក់។ ចំណែក​ករណីឆ្លង​ថ្មី​មាន​ចំនួន​៩៥៤នាក់​ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ទៅ​ដល់​៥៨.០០០​នាក់៕

XS
SM
MD
LG