ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

យន្តការ​កូវ៉ាក់ (COVAX) ទំនង​ពន្យារ​ការ​ដឹក​វ៉ាក់សាំង​មក​កម្ពុជា ដោយសារ​មហន្តរាយ​កូវីដ​នៅ​ឥណ្ឌា


រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ តាមរយៈយន្តការកូវ៉ាក់ COVAX មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/​វីអូអេ​)

កិច្ច​សម្រប​សម្រួល​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​ជា​សាកលកូវ៉ាក់ (COVAX) ទំនង​មិន​អាច​ដឹក​វ៉ាក់សាំង​រាប់សែន​ដូស​ ដែល​ត្រូវ​ផ្ដល់​ឱ្យ​កម្ពុជាដូច​ការ​គ្រោង​ទុក​ថា ​នឹង​មក​ដល់នៅ​ចុង​ខែ​ឧសភា​នេះ​ទេ ដោយ​សារ​ឧបសគ្គ​នាំ​ចេញ​ពីប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​អង្គការ​យូនីសេហ្វ​ (UNICEF)។

COVAX ជា​កម្មវិធី​សាកល​ដឹកនាំ​ដោយ​អង្គការយូនីសេហ្វ អង្គការ​សុខភាព​ពិភពលោក សម្ព័ន្ធ​ភាព​សាកល​ដើម្បី​វ៉ាក់សាំង​និង​ភាពស៊ាំ (GAVI) និង​សម្ព័ន្ធភាព​ដើម្បី​នវានុវត្តន៍​នៃ​ការ​ត្រៀម​បង្ការ​ជំងឺ​ឆ្លង​ (CEPI) ដើម្បី​កៀរ​គរ​ជំនួយ​វ៉ាក់សាំង​កូវីដ​ដល់​ពលរដ្ឋ​ ២០%​ ទូទាំង​ពិភពលោក ​ដោយ​ឥត​គិត​ថ្លៃ។

តាម​គម្រោង​ដែល​ប្រកាស​ពី​ ២ ​ខែ​មុន COVAX បម្រុង​នឹង​ដឹក​ជញ្ជូន​វ៉ាក់សាំងកូវីស្យែល ​(Covishield) សរុប​ ១លាន ​១សែន​ដូស មក​កម្ពុជា​ត្រឹម​ដំណាច់​ខែ​ឧសភា។ ក្នុង​ចំណោម​នោះ​មាន​វ៉ាក់សាំង​ ៣២៤.០០០​ដូស​ហើយ ដែល​បាន​ដឹក​មក​ដល់​កម្ពុជា​កាល​ពី​ដើម​ខែ​មីនា​ តាម​រយៈ​គម្រោង​នេះ។

អ្នកស្រី Rudina Vojvoda ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​ UNICEF ប្រចាំ​កម្ពុជា ​បាន​ប្រាប់​វីអូអេ​ថា ​វ៉ាក់សាំង​ដែល​នៅ​សល់ ​«ទំនង» ​មិនទាន់​អាច​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ទាន់​ពេល​នោះ​ទេ។

មន្ត្រី​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​សរសេរ​តាម​អ៊ីមែល​នៅ​ថ្ងៃ​សុក្រនេះថា៖ «[ការ​ដឹក​វ៉ាក់សាំង​ដែល​នៅ​សេសសល់​ក្នុង​ចំណោម] ​វ៉ាក់សាំង ​១លាន​ ១សែន​ដូស ​ដែល​កម្ពុជា​ត្រូវ​ទទួល​បាន​ត្រឹម​ដំណាច់​ខែឧសភា​នេះ ​តាមរយៈ​ COVAX ​ប្រហែល​ជា​ត្រូវ​ពន្យារ​ពេល ​ដែល​វា​បណ្ដាល​មក​ពី​ឧប​សគ្គ​នៃ​ការផ្គត់ផ្គង់​ពីប្រទេស​ឥណ្ឌា​ ពាក់ព័ន្ធ​នឹងវ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) និង​វិទ្យាស្ថាន​ Serum ​ឥណ្ឌា»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Covishield នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Covishield នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។

អ្នកស្រី Vojvoda បន្ថែម​ថាការ​ផ្ទុះ​ឆ្លង​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា ដែល​នាំ​ឱ្យ​ឥណ្ឌា​ត្រូវ​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អាយុ ១៨ឆ្នាំ​ឡើង​នោះ​ ហើយ​ដែល​បាន​បង្ក​ជា​ផល​លំបាក​ដល់​ការ​ទទួល​វ៉ាក់សាំង​ផលិត​នៅឥណ្ឌា បញ្ជូន​មក​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត។​

យ៉ាងណា​ក៏​ដោយ ​មន្ត្រី​រូប​នេះ​ថា COVAX កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ឈាន​ទៅ​បន្ត​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ពីវិ​ទ្យាស្ថាន Serum​ «ឱ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

កាល​ពី​ថ្ងៃ​អង្គារ​វិទ្យាស្ថាន Serum ​បញ្ជាក់​ថា ការ​ដឹកជញ្ជូន​នាំ​ចេញ​វ៉ាក់សាំងកូវីស្យែល ​ដល់​កិច្ច​សម្រប​សម្រួល COVAX និង​ដឹក​ជូន​ប្រទេស​ដទៃ​ទំនង​នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ដំណាច់​ឆ្នាំ ខណៈ​ក្រុមហ៊ុន​ «នឹង​មិន​ធ្វើការ​នាំ​ចេញ​ណា​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ឥណ្ឌាមិន​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ខ្លួនឯង​នោះ​ទេ»។

ឥណ្ឌា​កំពុង​ជួប​ប្រទះ​នឹងរលក​ឆ្លង​អាក្រក់​បំផុត ដែល​មួយ​ថ្ងៃៗ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី​រាប់​សិប​ម៉ឺន​នាក់ និង​មាន​មនុស្ស​ស្លាប់​រាប់ពាន់​នាក់។

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ ៥.៣២៤.០០០​ដូស​ហើយ គិត​ត្រឹម​ថ្ងៃសុក្រ​នេះ ដែល​ក្រៅ​តែ​ពី​វ៉ាក់​សាំង​ ៣២៤.០០០​ដូស ​ជា​ជំនួយ ​COVAX មាន ​៥លានដូស ជា​វ៉ាក់​សាំង​ជំនួយ​និង​ការ​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​គម្រោង​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើត​ភាព​ស៊ាំ​សហគមន៍​ទល់​នឹង​ជំងឺកូវីដ១៩​ មុន​ដំណាច់​ឆ្នាំ ២០២១​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​ការ​ឆ្លង​សហគមន៍​ខ្លាំងក្លា ដែល​មានអ្នក​ឆ្លង​ជាង​ ២ម៉ឺន​នាក់ ​និង​ស្លាប់​ជាង ​១៦០នាក់ ​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ។

ក្នុង​សន្និសីទ​អំពី​អនាគត​អាស៊ី​រៀប​ចំ​ដោយ​ក្រុមហ៊ុន​សារព័ត៌មាន​ជប៉ុន Nikkei កាល​ពី​ថ្ងៃព្រហស្បតិ៍​លោក ​ហ៊ុន សែន​ លើក​ពី​ការ​ពឹងពាក់​ចិន​លើ​រឿង​វ៉ាក់​សាំង ក្នុង​គ្រា​ពិភព​លោក​កំពុង​ខ្វះ​ខាត​វ៉ាក់សាំង ហើយ​លោក​បង្ហើប​ថា​លោក​ក៏បាន​ស្នើសុំ​វ៉ាក់សាំង​ ៤លានដូស ​ពីអាមេរិក​ផង​ដែរ។

មេដឹកនាំ​កម្ពុជា​រូប​នោះបញ្ជាក់​ថា ​បើ​លោកមិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិននោះ​ទេ ​តើ​កម្ពុជា​នឹង​មាន​វ៉ាក់សាំង​ចាក់​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ជាង​ ២០% ​នៃ​ប្រជាជនដែល​មាន​អាយុ​លើស​ពី ​១៨ឆ្នាំ​ ប្រមាណ ១០លាន​នាក់។

រូបឯកសារ៖ សេចក្តីប្រកាសជាអក្សរអំពីការអស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវបានបិទនៅលើរបងចូលមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ សេចក្តីប្រកាសជាអក្សរអំពីការអស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ត្រូវបានបិទនៅលើរបងចូលមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​នៅភ្នំពេញ បាន​ប្រាប់​វីអូអេ​ថា ​ការ​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​សរុប​ ៨០លាន​ដូស ពី​សំណាក់​រដ្ឋការ​លោក Joe Biden ដល់​កិច្ច​សម្រប​សម្រួល​ COVAX គ្រោង​នឹង​ត្រូវ​ដឹកជញ្ជូន​មក​ដល់បណ្ដា​ប្រទេស​នានា​ មុន​ដំណាច់​ខែ​មិថុនា។

សហរដ្ឋអាមេរិក​បានផ្ដល់​ជំនួយ៤ពាន់លាន​ដុល្លារ​ដល់​កិច្ចសម្រប​សម្រួល COVAX ​តែ​ក៏​ជា​ប្រទេស​ជួរ​មុខ​ដែល​ស្ដុកទុក​វ៉ាក់សាំង​ទាំង​ដូស​ជាក់​ស្ដែង​ និង​ទាំង​តាម​កិច្ចសន្យា​ច្រើន​ជាង​គេ​ផង​ដែរ។

អ្នកនាំពាក្យ​ស្ថាន​ទូត​អាមេរិក​រូប​នោះបញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​ធ្វើការ​ជាមួយ​ COVAX និង​ដៃគូ​នានា​ដទៃ​ទៀត ដើម្បី​ធានា​ថា​វ៉ាក់សាំង​ទាំង​នេះ​ត្រូវ​បាន​ដឹក​ជញ្ជូន​និង​ផ្គត់ផ្គង់​ក្នុង​របៀប​មួយ ​ដែល​ប្រកប​ដោយ​សមធម៌​និង​ស្រប​តាម​ទិន្នន័យ​ក្បួន​ខ្នាត​វិទ្យាសាស្ត្រ​ និង​សុខមាលភាព​សាធារណៈ។ សហរដ្ឋ​អាមេរិក​នឹង​មិន​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​ ដើម្បី​ឈ្នះ​ចិត្ត​ប្រទេស​ដទៃ​នោះ​ទេ»។

អ្នកស្រី​ Vojvoda ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃអង្គការ​ UNICEF បញ្ជាក់​ថា ​រឿង​កម្ពុជា​ទទួល​បាន​ ឬ​មិន​បាន​ហើយ​ទទួល​បាន​ប៉ុន្មាន​ដូស និងពេល​ណា ក្នុង​ចំណោម​វ៉ាក់សាំងជំនួយអាមេរិក​ ៨០លាន​ដូសជា​ការ​សម្រេច​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក។

លោក Roedemeier អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​មិន​ធ្វើអត្ថាធិប្បាយ​លម្អិត​លើ​រឿង​នេះ​នោះ​ទេ។

វ៉ាក់សាំង BBIBP-CorV ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ចិន Sinopharm ទើប​ត្រូវ​បាន​អង្គការ​សុខ​ភាព​ពិភព​លោក​ចាត់​ក្នុង​បញ្ជី​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទាន់​កាល​ពី​ដើម​ខែ ហើយ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ជួយ​បំពេញ​ចន្លោះ​នៃតម្រូវ​ការវ៉ាក់សាំង​ទូទាំង​សាកល ជាពិសេស​តាម​រយៈ​ COVAX។

យ៉ាងណា​ក៏​ដោយ អ្នកស្រី Vojvoda មន្រ្តី​អង្គការ​ UNICEF បញ្ជាក់​ថា ទោះ​បាន​ចុះ​បញ្ជីវ៉ាក់​សាំង BBIBP-CorV របស់​ស៊ីណូហ្វាម (Sinopharm) មិន​ទាន់​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ស្ដុក​របស់ COVAX នៅ​ឡើយ ហើយ​អ្នកស្រី​ក៏​មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយទេ ថា​នៅពេល​ខាង​មុខ COVAX នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​ពី Sinopharm ឬ​យ៉ាងណា។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រជាជន​កម្ពុជាប្រមាណ ​២លាន​ ២សែននាក់ហើយបាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​មួយ​ដូស ដែល​ក្នុង​នោះ​មាន​ ៩០​ម៉ឺន​នាក់​ទទួល​វ៉ាក់សាំង​ផលិត​ដោយ ​Sinopham ​មាន​ ១លាន ​១៣ម៉ឺន​នាក់​ ទទួល​វ៉ាក់សាំង​ផលិត​ដោយក្រុមហ៊ុន​ចិន​ស៊ីណូវ៉ាក់ (Sinovac) និង​មាន​មនុស្សប្រមាណ​ ១៦ម៉ឺន​នាក់​ ទទួល​វ៉ាក់សាំង AstraZeneca។

អ្នកស្រី​វេជ្ជបណ្ឌិត ​ឱ វណ្ណឌីន ​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ បដិសេធ​ក្នុង​ការ​ផ្ដល់​អត្ថាធិប្បាយ​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ដោយ​ថា​ជាប់​រវល់​ប្រជុំ៕

XS
SM
MD
LG