ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបែកធ្លាយ​ឯកសារ​ផ្ទៃក្នុង បង្កើត​ក្តីបារម្ភ​ក្នុង​ប្រទេស​ថៃ​ស្តីពី​ប្រសិទ្ធភាព​វ៉ាក់សាំង Sinovac របស់​ចិន


រូបឯកសារ៖ ពលរដ្ឋ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​កូវីដ១៩ Sinovac របស់​ចិន នៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ឯកសារ​បែកធ្លាយ​មួយ​របស់​ក្រសួង​សុខាភិបាល​ថៃ បណ្តាល​ឲ្យ​មាន​ការ​អំពាវនាវដល់​បុគ្គលិក​ពេទ្យ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារកូវីដ១៩ Sinovac របស់​ចិន​រួច​ហើយ ត្រូវ​ចាក់​បន្ថែម​វ៉ាក់សាំង​កូវីដ​១៩​ប្រភេទ​ផ្សេង​ដែល​ផលិត​ឡើង​តាមប្រព័ន្ធ​បចេ្ចកវិទ្យា mRNA បន្ទាប់ពី​ឯកសារ​នោះ​បាន​បញ្ជាក់​ថា​ ចំណាត់​ការ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេចក្តី​ទុកចិត្ត​របស់​សាធារណជន​ស្តី​ពី​វ៉ាក់សាំង​ចិនដែល​ផលិត​ដោយ​ក្រុម​ហ៊ុន Sinovac Biotech នោះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ឯកសារ​ផ្ទៃ​ក្នុង​ដែលបាន​លើក​ឡើង​ពី​ជម្រើស​ជា​ច្រើន​ផង​ដែរ​នោះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន​ក្នុង​ស្រុក ​និង​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាតលើ​បណ្តាញ​សង្គម។ ឯកសារ​នោះ​ ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul អះអាង​ថា ជា​ឯកសារ​ពិត​ត្រឹម​ត្រូវ។​

ឯកសារ​បែក​ធ្លាយ​នេះ ​មាន​ភ្ជាប់​ជា​មួយ​នឹង​ការសរសេរ​បញ្ជាក់​ពី​មន្ត្រី​ម្នាក់​ដែល​មិន​ប្រាប់ឈ្មោះ​ដែល​ផ្តល់អនុសាសន៍​ដល់​អាជ្ញាធរ ​មិន​ត្រូវចាក់​វ៉ាក់សាំង Pfizer-BioNTech បន្ថែម​ទៅ​ឲ្យ​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ​នោះ​ឡើយ ព្រោះ​ការ​ធ្វើ​ដូច​នោះ​ នឹងជា​ការ​ទទួល​ស្គាល់​មួយ​ថា វ៉ាក់សាំងចិន Sinovac មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ប្រទេស​ថៃ​ បាន​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន​ដល់​បុគ្គលិក​សុខាភិបាលរបស់​ខ្លួន​ ដែល​ការ​សិក្សា​កន្លង​មក​បាន​បង្ហាញ​ថា ការ​ចាក់​វ៉ាក់សាំង​នេះ​ចំនួន​២​ដូស​មាន​ប្រសិទ្ធភាព៩៥% ក្នុង​ការកាត់​បន្ថយ​ការ​ស្លាប់​ និង​រោគសញ្ញា​កូវីដ១៩​ ​ធ្ងន់ធ្ងរ។ ការសិក្សា​នោះ​ក៏​បាន​បង្ហាញ​ផង​ដែរថា ​វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព​ក្នុង​ចន្លោះ​ពី​៧១% ដល់​៩១% ក្នុង​ការបញ្ឈប់​ការឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី Alpha ផង​ដែរ។

ក្រុម​ហ៊ុន Sinovac នៅ​ក្នុង​ប្រទេស​ចិន​ មិន​បានឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ស្នើ​សុំ​បញ្ជាក់​ជុំវិញពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ខ្លួន​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin និយាយ​ថា ការបញ្ជាក់​លើ​ការឲ្យ​ចាក់​វ៉ាក់សាំង Pfizer របស់​ក្រុម​ហ៊ុន​អាមេរិក​នោះ «គ្រាន់តែ​ជា​ទស្សនៈផ្ទាល់​ខ្លួន​មួយ​តែ​ប៉ុណ្ណោះ» ព្រោះ​ប្រទេស​ថៃ​ មាន​ក្រុម​អ្នក​ជំនាញមួយ​ដែលដាក់​ចេញ​នូវ​គោលនយោបាយ​វ៉ាក់សាំង​នេះ។ លោក​បន្តថា​ ការ​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន​ចំនួន​២ដូស​ គឺ​មាន​ប្រសិទ្ធភាព​ និង«ផ្តល់​លទ្ធផលហួស​ពី​បទដ្ឋានធម្មតា»៕

XS
SM
MD
LG