អ្នកជំនាញលើកឡើងថា ការអនុវត្តប្រជាធិបតេយ្យឌីជីថលនៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋនៅមានកម្រិត ដោយសារកង្វះធនធានមនុស្ស កង្វះហេដ្ឋារចនាសម្ពន្ធអ៊ីនធឺណិតនៅតាមមូលដ្ឋាន ស្របពេលដែលការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋនៅមានកម្រិត។
ការថ្លែងរបស់អ្នកជំនាញបែបនេះធ្វើឡើង នៅក្នុងកិច្ចសន្ទនាប្រជាធិបតេយ្យ ស្តីពីប្រជាធិបតេយ្យនិងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការចូលរួមរបស់ពលរដ្ឋ និងអភិបាលកិច្ចនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោកស្រី ឆន សុគន្ធា លើកឡើងក្នុងកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍នេះថា ការប្រើប្រាស់ឌីជីថលនៅកម្ពុជាមានបញ្ហាប្រឈមច្រើន ដោយសារកម្ពុជាមានគោលនយោបាយ ប៉ុន្តែខ្វះការអប់រំ និងផ្សព្វផ្សាយ។
លោកស្រីបញ្ជាក់ថា៖ «បើការប្រើប្រាស់មានការកើនឡើងលឿន ប៉ុន្តែដល់ពេលអ្នកជំនាញគាត់មកបង្រៀន គាត់មកធ្វើការ មកធ្វើការចែករំលែកនោះគឺរាងយឺតជាងគេ បើយើងប្រៀបធៀបប្រទេសមួយចំនួនក្នុងតំបន់»។
លោក លី វណ្ឌី ប្រធាននាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ថ្លែងថា រដ្ឋាភិបាលបានខិតខំបង្កើតគោលនយោបាយ និងយន្តការនានាដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគី ក៏ប៉ុន្តែបញ្ហាប្រឈមនៅតែកើតមានច្រើន ជាពិសេសនៅតាមតំបន់ជនបទ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលខិតខំហើយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគាត់នៅជនបទ គាត់មានចំណេះដឹងឌីជីថលមានកម្រិត ប៉ុន្តែជាចក្ខុវិស័យ រដ្ឋាភិបាលបានបង្កើតជាយុទ្ធសាស្ត្រ បណ្តុះបណ្តាលជាបែបផែនតាមលំដាប់លំដោយ។ ប៉ុន្តែបេសកកម្មរបស់យុវជន ជាពិសេសប្អូនដែលជាសកម្មជន ដែលជាអ្នកដែលមានទេពកោសល្យ មានចំណេះជំនាញ គឺមេត្តាជួយបកប្រែ បានន័យថាជួយពាំនាំសមិទ្ធផល»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ច័ន្ទរឿន ថ្លែងក្នុងពិធីបើកកម្មវិធីនេះថា ប្រជាធិបតេយ្យឌីជីថលនេះដើរតួនាទីសំខាន់នៅក្នុងកែលម្អអភិបាលកិច្ច តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាឧបករណ៍ដែលផ្តល់នូវភាពអង់អាចដល់ប្រជាពលរដ្ឋ បង្កើតឱកាសសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យមានអភិបាលកិច្ចតាមបែបបរិយាបន្ន»។
ការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថលផ្តល់នូវបរិយាកាសមិនធ្លាប់មានពីមុនមកដើម្បីពង្រឹងសិទ្ធិអំណាចពលរដ្ឋ ការបង្កើនតម្លាភាព និងពង្រឹងប្រព័ន្ធអភិបាលកិច្ច។ បញ្ញាសិប្បនិម្មិត និងឧបករណ៍ឌីជីថលមានលទ្ធភាពធ្វើឱ្យអភិបាលកិច្ចមានបរិយាបន្នជាងមុន ដោយអនុញ្ញាតឱ្យពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនយោបាយ ធ្វើឱ្យរដ្ឋាភិបាលមានទំនួលខុសត្រូវ និងមានឥទ្ធិពលលើការសម្រេចចិត្តនៅគ្រប់កម្រិត។ នេះបើតាមសេចក្តីសង្ខេបរបស់ក្រុមសង្គមស៊ីវិល ដែលរៀបចំកិច្ចសន្ទនាប្រជាធិបតេយ្យ។
លោកបណ្ឌិត មាស នី ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាពង្រឹងសមត្ថភាពតាមឱ្យទាន់បច្ចេកវិទ្យាសម័យថ្មី លុះត្រាតែលំហនយោបាយមានភាពទូលាយសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថល។
លោកបញ្ជាក់ថា៖ «បើសិនជាយើងនិយាយទៅ វាត្រូវជាប់ទោសទណ្ឌដោយសារការបរិហារកេរ្តិ៍ ឬក៏ការញុះញង់អីផ្សេងៗហ្នឹងខ្លាំងពេក នឹងធ្វើឱ្យមនុស្សមិនសូវហ៊ានថាមិនសូវហ៊ាននិយាយ ដល់អ៊ីចឹងទៅ ការដាក់ការអនុវត្តគោលនយោបាយច្បាប់ក៏វាមិនអាចដំណើរការទៅដោយល្អដែរ គឺមនុស្សមិនខ្ចីនិយាយ មិនខ្ចីខ្វល់»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងឆ្លើយតបនឹងក្តីបារម្ភខាងលើថា ការចាត់វិធានការផ្លូវច្បាប់របស់រដ្ឋាភិបាល គឺធ្វើឡើងតែទៅបុគ្គលណាល្មើសច្បាប់ប៉ុណ្ណោះ មិនមែនមានន័យថា រដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពឡើយ។
នៅឆ្នាំ ២០២៤ នេះ អង្គការ Freedom House បានបន្តចាត់ថ្នាក់សេរីភាពអ៊ីនធឺណិតនៅកម្ពុជាដោយពិន្ទុ ៤៣ ក្នុងចំណោម ១០០ ប្រទេស ដែលមានន័យថា សេរីភាពអ៊ីនធឺណិតកម្ពុជានៅរងការរឹតត្បិត ដោយសាររដ្ឋាភិបាលបានបិទគេហទំព័រព័ត៌មានឯករាជ្យ អាជ្ញាធរកម្ពុជាបានយាយី តាមដាន និងចាប់ខ្លួនសមាជិកបក្សប្រឆាំង ហើយអ្នកប្រើប្រាស់អ៊ីនធឺណិតធម្មតាក៏ប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើសកម្មភាពតាមអ៊ីនធឺណិតរបស់ពួកគេ៕
វេទិកាបញ្ចេញមតិ