លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាកេរមរតកនយោបាយរបស់លោកហើយរដ្ឋាភិបាលរបស់លោកបានប្រើប្រាស់យុទ្ធសាស្រ្តពឹងផ្នែកលើវ៉ាក់សាំងរបស់ចិន។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងការថ្លែងតាមអនឡាញមួយចេញពីគេហដ្ឋានរបស់លោកក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល។
លោក ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលរបស់លោកនឹងសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋឲ្យបាន១០លាននាក់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយកចិនជាបង្អែកវ៉ាក់សាំងបង្ការនេះ។
លោកថ្លែងតាមខ្លឹមសារដើមថា៖ «ខ្ញុំថាបើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា? រឿងហ្នឹងវាជាការពិត មិនដឹងនិយាយថាម៉េច? អ្នកនេះសន្យាអ្នកនោះសន្យា[ឲ្យវ៉ាក់សាំង] ក៏ប៉ុន្តែទីចុងបំផុត វាមិនមក ហើយធ្វើម៉េច។ មានតែរបស់[វ៉ាក់សាំង]ចិន វាមក»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថាការចាក់វ៉ាក់សាំងនេះជាមរតកនយោបាយរបស់លោកផងដែរ។
លោកបញ្ជាក់ថា៖ «ឥឡូវមានអ្នកធ្វើអត្ថាធិប្បាយថាប្រហែលជាកេរអាកររបស់លោក ហ៊ុន សែន ប្រហែលជាវ៉ាក់សាំង។ ត្រូវ! អ្នកឯងនិយាយត្រូវ»។
បើតាមលោក ហ៊ុន សែន អាជ្ញាធរកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ៤លាន២សែននាក់ គឺស្មើនឹង៤២%នៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។ រដ្ឋាភិបាលកម្ពុជាបានពឹងផ្អែកលើវ៉ាក់សាំងដែលទិញនិងជំនួយឥតសំណងពីចិន គឺវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដែលលោកហ៊ុន សែន ថាមានសុពលភាពប្រសិទ្ធភាពរយៈពេល២ឆ្នាំ។
លោក ហ៊ុន សែន បន្ថែមថាបន្ទាប់ពីចាក់ដល់ប្រជាពលរដ្ឋ១០លាននាក់ដែលមានអាយុលើសពី១៨ឆ្នាំ រដ្ឋាភិបាលនឹងរកវ៉ាក់សាំងចាក់ដល់ក្មេងៗអាយុក្រោម១៨ឆ្នាំផងដែរ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថាប្រជាពលរដ្ឋនឹងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងមន្រ្តីទាំងអស់ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ ប៉ុន្តែលោកបញ្ជាក់ថានេះជាកាតព្វកិច្ចករណីកិច្ចនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំក្នុងវិបត្តិជំងឺជាសាកលនេះ។
លោកបន្ថែមថាគេមិនទាន់ដឹងនៅឡើយទេថាតើជំងឺនេះនឹងបញ្ចប់នៅពេលណាក្នុងប្រទេសកម្ពុជា ខណៈចំនួនអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ១៩ នៅបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកជំរុញឲ្យរដ្ឋាភិបាលរកវិធីទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពហើយបង្ហាញប្រាប់ប្រជាពលរដ្ឋថារដ្ឋាភិបាលនិងអាជ្ញាធរអាចធ្វើបាន៕