កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១៥កន្លងទៅនេះ តំណាងបណ្តាញនិងសហគមន៍ព្រៃឈើថ្នាក់ជាតិមួយក្រុមបានផ្ញើញត្តិទៅស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដើម្បីស្នើសុំរកដំណោះស្រាយទប់ស្កាត់ការកាប់ព្រៃឈើនិងការរំលោភយកដីក្រោមរូបភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ មានការឆ្លើយតបតិចតួចណាស់ពីស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជនទាំងនោះ។
នាងឡេង ស្រីនិចនៃ VOA បានធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកស្រី ប្រាក់ សុផល តំណាងបណ្តាញសហគមន៍ព្រៃឈើថ្នាក់ជាតិសម្រាប់កម្ពុជា ទាក់ទងនឹងដំណើរការដាក់ញត្តិនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
VOA៖ តើអ្នកស្រីអាចនិយាយប្រាប់ត្រួសៗ អំពីតំណាងបណ្តាញនិងសហគមន៍របស់អ្នកស្រីដែរឬទេ ថាតើតំណាងនេះមានប្រវត្តិយ៉ាងណាដែរ ហើយកន្លងមកបានធ្វើអ្វីខ្លះ?
អ្នកស្រីសុផល៖ ពួកខ្ញុំមានដើមកំណើត កើតកាលវាលគុម្ពបន្តបន្ទាប់ជាមួយគ្នាដោយសារយើងបានចូលទៅផ្តុំមតិ តស៊ូមតិក្រុមផ្សេងៗ ហើយក៏រួបរួមគ្នាជាក្រុមធំ។ ហើយបើទោះបីការប៉ះពាល់មានផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែវាជាបញ្ហាតែមួយ ប្រឈមមុខនឹងក្រុមហ៊ុនតែមួយ ដែលទាក់ទងនឹងការអភិវឌ្ឍន៍។ នៅពេលដែលការអភិវឌ្ឍកើតឡើង វាធ្វើឲ្យពួកយើងកើតទុក្ខវេទនា បាក់បែកផ្ទះសម្បែងដែលត្រូវគេឈូសឆាយ ឬក៏រឿងដែលគេចោទថា យើងរស់នៅស្របច្បាប់ឬមិនស្របច្បាប់។ វាគឺជាច្បាប់មួយដែលរដ្ឋាភិបាលបានបង្កើតឡើងហៅថា ច្បាប់០១បប ដែលធ្វើឲ្យយើងមានការរងគ្រោះ ដោយសារយើងមិនដឹងអំពីច្បាប់នេះ។ នៅពេលដែលនិស្សិតចុះទៅវាស់ ទើបយើងដឹងថា យើងមានគ្រោះថ្នាក់បាត់បង់ដីធ្លី ផ្ទះសម្បែង។ ខ្លះគេចាប់ដាក់ខ្នោះ ដាក់គុក និងបង្ខិតបង្ខំឲ្យផ្តិតមេដៃ ដោយសារប្រការផ្សេងៗ។ ដូចនេះ នៅពេលយើងទៅចូលរួមសិក្សាជាមួយអង្គការនីមួយៗ យើងឃើញថា បញ្ហានោះ ដូចគ្នាទាំងអស់ ទើបយើងរួបរួមគ្នាប្តូរមតិរកដំណោះស្រាយ។
VOA៖ VOA បានទទួលច្បាប់ចម្លងញត្តិដែលបណ្តាញរបស់អ្នកស្រីបានដាក់ផ្ញើទៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដែលនិយាយអំពីការកាប់ព្រៃឈើ និងការរំលោភយកដីធ្លី។ តើអ្នកស្រីអាចរៀបរាប់បានទេអំពីបញ្ហាដែលកើតមាននៅក្នុងសហគមន៍របស់អ្នកស្រី និងអំពីដើមចមដែលធ្វើឲ្យមានការផ្ញើញត្តិនេះ?
អ្នកស្រីសុផល៖ កាលពីឆ្នាំ២០១០ មានក្រុមហ៊ុនដែលបានចុះមកសហគមន៍របស់យើងគឺខេត្តពោធិ៍សាត់ បានបោះ និងបាញ់ជា GPS ទៅតាមខ្នាតរបស់ភូមិឃុំរបស់យើង ដែលមានការប៉ះពាល់លើដីធ្លី ហើយ ក្រោយការបោះបង្គោលរួច គេបានហាមឃាត់យើងមិនឲ្យចូល ហើយ ឈូសឆាយដីរបស់យើងខ្ទេចខ្ទីអស់ និងជាបន្តបន្ទាប់ យើងក៏បានដាំបង្គោល តែគេបានជួលកម្លាំង និងក្រុមប្រដាប់អាវុធ ឲ្យមកដកបន្ថែមទៀត។
VOA៖ ដូចនេះ តើការដាក់ញត្តិនេះមានគោលបំណងអ្វីដែរ?
អ្នកស្រីសុផល៖ ការដាក់ញត្តិនេះមានបំណងចង់ឲ្យទាំងប្រមុខរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងស្ថាប័នគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធនឹងដំណោះស្រាយដីធ្លីនេះ ធ្វើឲ្យយើងមានការកក់ក្តៅដើម្បីរង់ចាំទទួលការដោះស្រាយ។ ដ្បិតអ្វីដែលសម្តេចមានប្រសាសន៍ចេញមកគឺចង់ឲ្យដីរបស់យើងបានទទួលការកាត់ឆ្វៀលចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ក៏ប៉ុន្តែអ្វីដែលយើងពិបាកនោះគឺក្រុមហ៊ុនទាំងស្រុងដែលបានសម្បទានសេដ្ឋកិច្ចនៅលើដីរបស់ប្រជាពលរដ្ឋយើងនោះ មិនដឹងថា ដីរបស់គេមានទំហំប៉ុណ្ណាឲ្យប្រាកដទេ។ អ្វីដែលយើងមើលឃើញគឺមានតែការប៉ះពាល់លើដីប្រជាពលរដ្ឋទាំងស្រុងតែម្តង។
VOA៖ តើដំណើរការនៃការដាក់ញត្តិនេះមានដំណើរការដល់ណាហើយ អ្នកស្រី?
អ្នកស្រីសុផល៖ មានការឆ្លើយតប គេហៅយើងចូលសួរ ហើយមានតែការស្បថស្បែរ តែអត់ទាន់មានចម្លើយអ្វីទាំងអស់។ ចម្លើយដែលធ្លាប់មាន មានដូចជាថា តើធ្វើសាលកប័ត្រ ឬមិនធ្វើ ហើយគ្មានការចុះមកពិនិត្យដល់ផ្ទះរបស់យើងនៅឡើយទេ។
VOA៖ ហើយបន្ទាប់ពីការដាក់ញត្តិនេះ តើលោកស្រីធ្វើអ្វីទៀត?
អ្នកស្រីសុផល៖ ជំហានបន្ទាប់ពីការដាក់ញត្តិនេះ គឺយើងទាំងអស់គ្នាកំពុងរង់ចាំតាមដាន ដោយសារ នៅថ្ងៃព្រហស្បតិ៍នេះ បើនៅតែមិនមានចម្លើយអ្វីទៀត ពួកខ្ញុំនឹងមានផែនការបន្តសម្រាប់ជម្រាបទៅស្ថាប័នដដែល ដែលមានអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផងដែរ។ ហើយ ជាពិសេសនោះ ពួកយើងមានការឆ្ងល់ជាខ្លាំង ដោយសារពួកយើងរស់នៅទីនោះតាំងពីឆ្នាំ១៩៩៩ ឬឆ្នាំ២០០០ គេថា ជាដីមិនស្របច្បាប់ ចុះក្រុមហ៊ុនដែលគាត់មក នៅឆ្នាំ២០១០ ឬ២០១២នេះក្លាយទៅជាគាត់ស្របច្បាប់? អញ្ចឹងគ្រប់បែបយ៉ាង យើងដែលជាប្រជាពលរដ្ឋ ដែលមិនទទួលបាននូវការអប់រំជ្រៅជ្រះនិងចេះច្បាប់តែបន្តិចបន្តួច នៅតែមានការងឿងឆ្ងល់ មានការភ័យព្រួយ ហើយរង់ចាំពន្លឺរបស់រដ្ឋាភិបាលដែលផ្តល់ឲ្យ។
សូមអរគុណ អ្នកស្រីប្រាក់ សុផល តំណាងបណ្តាញព្រៃឈើថ្នាក់ជាតិដើម្បីកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍ដល់ VOA៕