របាយការណ៍មួយ ដែលនិយាយអំពីការកាប់បំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារធម្មជាតិ ហើយដែលបានចេញផ្សាយដោយក្រុមអង្គការសង្គមស៊ីវិលមួយក្រុម បានបង្ហាញថា កងកម្លាំងប្រដាប់អាវុធ រួមនិងមន្ត្រីរដ្ឋាភិបាលបានបម្រើការឲ្យក្រុមហ៊ុនទ្រីភាពគ្រុប ហើយបានធ្វើឲ្យក្រុមហ៊ុននេះមានឥទ្ធិពលក្នុងជំនួញជួញដូរឈើប្រណិត។ ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាល បានថ្លែងថា របាយការណ៍នេះមិនបានផ្តល់ព័ត៌មានជាក់លាក់ទេថា តើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបណាបានជាប់ពាក់ព័ន្ធនឹងជំនួញឈើនេះ។
ក្រុមហ៊ុនទ្រីភាពគ្រុប (Try Pheap Group) ត្រូវបានពិពណ៌នាថា ជាក្រុមហ៊ុនដ៏មានឥទ្ធិពលនៅក្នុងជំនួញកាប់ឈើនៅក្នុងខេត្តភាគឦសាន្តចំនួនពីរនៃប្រទេសកម្ពុជា នៅពេលដែលក្រុមហ៊ុននេះបានធ្វើជំនួញនេះនៅក្នុងឆ្នាំ២០១៣។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗដោយក្រុមអង្គការសង្គមស៊ីវិលមួយក្រុម។
ឥទ្ធិពលរបស់ក្រុមហ៊ុនទ្រីភាពគ្រុបគឺនៅត្រង់ថា អ្នកកាប់ឈើប្រណិតទាំងអស់នៅក្នុងខេត្តរតនគីរី និងស្ទឹងត្រែង ត្រូវតែលក់ឈើរបស់ពួកគេទៅឲ្យក្រុមហ៊ុនទ្រីភាពគ្រុប បើទោះជាមានការមិនពេញចិត្តពីសំណាក់អ្នកកាប់ឈើ និងឈ្មួញឈើមួយចំនួនដែលបានលួចលាក់លក់ឈើនៅឯផ្សារតាមព្រំដែនក៏ដោយ។
របាយការណ៍ដែលធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យនេះបានរៀបរាប់ពីអាជីវកម្មឈើប្រណិតយ៉ាងដូច្នេះថា ប្រសិនបើអ្នកកាប់ឈើ ដឹកឈើចេញពីព្រៃ ហើយមិនលក់នៅដេប៉ូទ្រីភាពនោះទេ ឈើទាំងនោះនឹងត្រូវរឹបអូស ហើយនាំយកទៅឲ្យដេប៉ូទ្រីភាព។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាប់ឈើជាច្រើនបានព្យាយាមលក់ឈើដោយផ្ទាល់នៅលើទីផ្សារសេរីដើម្បីទទួលបានតម្លៃខ្ពស់ជាង។ នៅក្នុងភូមិជាច្រើន អ្នកភូមិមួយចំនួនបានកាប់ឈើប្រណិតលាក់គរទុកនៅក្រោយផ្ទះរបស់ពួកគេ រង់ចាំថៅកែឈើមកទិញ។
ឈ្មួញឈើភាគច្រើនមិនចង់លក់ឈើដោយផ្ទាល់ទៅឲ្យក្រុមហ៊ុននោះទេ ព្រោះពួកគេទទួលបានតម្លៃត្រឹមតែពាក់កណ្តាលប៉ុណ្ណោះធៀបនឹងតម្លៃទីផ្សារសេរី ខណៈដែលឈ្មួញកាប់ឈើខ្លះបានលក់ដោយផ្ទាល់នៅឯផ្សារតាមព្រំដែនដែលមានទីតាំងស្ថិតនៅចន្លោះរវាងព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ឬតាមច្រករបៀងនានាជាដើម។
ប៉ុន្តែឈ្មួញឈើឯកជននៅតែមិនងាយគេចផុតពីសំណាញ់របស់ក្រុមហ៊ុនទ្រីភាពគ្រុបឡើយ។ នេះបើតាមរបាយការណ៍ដែលធ្វើឡើងដោយមានការប្រថុយប្រថានជីវិតរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ។
របាយការណ៍នេះឲ្យដឹងថា ឈ្មួញឈើឯកជនត្រូវតែបង់ប្រាក់ឲ្យកម្លាំងប្រដាប់អាវុធ ប្រសិនបើពួកគេមានចេតនាចង់គេចចេញពីក្រុមហ៊ុនទ្រីភាពគ្រុប។ ប្រសិនបើពួកគេមិនបានបង់ប្រាក់ទេ ឈើប្រណិតរបស់ពួកគេនឹងត្រូវរឹបអូស ហើយប្រគល់ទៅឲ្យក្រុមហ៊ុនទ្រីភាព ដោយសារតែកងកម្លាំងប្រដាប់អាវុធបានដឹងថា ក្រុមហ៊ុនទ្រីភាពមានសិទ្ធិផ្តាច់មុខលើព្រៃឈើ។ ការបង់ប្រាក់ទៅឲ្យអាជ្ញាធរគឺធ្វើឡើងដោយផ្អែកទៅលើប្រភេទនៃសេវាដឹកជញ្ជូនតម្លៃចាប់ពី៥ទៅ១០ដុល្លារសម្រាប់ការដឹកតាមម៉ូតូ និងពី៥០ដុល្លារ ទៅ១០០ដុល្លារសម្រាប់ការដឹកតាមរថយន្តទម្ងន់២តោន។
ក្រុមហ៊ុនទ្រីភាពគ្រុបមានយុទ្ធសាស្រ្ត និងដំណើរការដើម្បីកសាងភោគទ្រព្យរបស់ខ្លួនដោយជំនួញកាប់ឈើ ហើយមានកងកម្លាំងប្រដាប់អាវុធ រួមនឹងមន្ត្រីរដ្ឋាភិបាលបម្រើការឲ្យក្រុមហ៊ុននេះផងដែរ។ របាយការណ៍ដែលមានកម្រាស់១២១ទំព័រនេះបានរកឃើញថា យោធា ប៉េអឹម ប៉ូលិស និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបានបម្រើការងារឲ្យក្រុមហ៊ុនទ្រីភាព។ ក្រុមហ៊ុននេះក៏បានបង់ប្រាក់ជាប្រចាំទៅឲ្យមន្ត្រីរុក្ខាប្រមាញ់ អ្នកឃ្លាំមើលបរិស្ថាន អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីតាមកុងត្រូលនានាផងដែរ ដើម្បីធានាថា ការដឹកជញ្ជូនឈើប្រព្រឹត្តទៅដោយរលូន។
ទោះបីជារបាយការណ៍នេះបានសរសេរលម្អិតទៅលើវិធីសាស្ត្រនៃការរកស៊ីឈើ ដោយមានការជាប់ពាក់ព័ន្ធជាមួយកម្លាំងប្រដាប់អាវុធ និងមន្ត្រីរដ្ឋាភិបាលក៏ដោយ ក៏លោកស្រ៊ុន ដារិទ្ធិ ទីប្រឹក្សាបរិស្ថានរបស់រដ្ឋាភិបាល បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះថា ការលើកឡើងអំពីការជាប់ពាក់ព័ន្ធរបស់កម្លាំងប្រដាប់អាវុធ និងមន្ត្រីរដ្ឋាភិបាលនេះគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។
«អានេះអាចជាការចោទប្រកាន់មួយដោយគ្មានមូលដ្ឋាន។ តើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលណាខ្លះដែលបម្រើការឲ្យក្រុមហ៊ុនទ្រីភាព? អញ្ចឹងជួយរកឲ្យឃើញមក តើមន្ត្រីជាន់ខ្ពស់ណាមួយដែលត្រូវបម្រើការឲ្យក្រុមហ៊ុនឯកជន?»
លោកបានព្រមានផងដែរថា សៀវភៅមួយក្បាលនេះអាចក្លាយជាភស្តុតាងសម្រាប់ចំណាត់ការតាមផ្លូវច្បាប់ ប្រសិនបើមានការប្តឹងផ្តល់កើតឡើងទាក់ទិននិងការចោទប្រកាន់នេះ។ លោកក៏ស្នើឲ្យមានការផ្លាស់ប្តូរចំណងជើងពីការបំផ្លាញព្រៃឈើរដ្ឋ និងតំបន់ការពារធម្មជាតិមកជា «ស្ថានភាពព្រៃឈើនៅខេត្តទាំងពីរ (រតនៈគីរី និងស្ទឹងត្រែង) ប្រយោជន៍ដើម្បីបញ្ចៀសការវាយប្រហារមកលើរដ្ឋាភិបាល ឬភាគីពាក់ព័ន្ធណាមួយ។ លោកបន្ថែមថា របាយការណ៍នេះក៏គួរតែសម្លឹងទៅមើលផលវិជ្ជមានរបស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធក្នុងការគាំពារព្រៃឈើផងដែរ ជាជាងសម្លឹងមើលតែទៅលើការបំផ្លិចបំផ្លាញ។
ទាក់ទិននឹងការលើកឡើងរបស់លោកស្រ៊ុន ដារិទ្ធិ របាយការណ៍ថ្មីនេះបានសរសេរនៅក្នុងសេចក្តីសង្ខេបរបស់ខ្លួនថា លទ្ធផលនៃការស្រាវជ្រាវដែលបានបង្ហាញក្នុងរបាយការណ៍នេះគឺមិនមានបំណងធ្វើការរិះគន់ ឬវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកការកេងចំណេញផ្នែកហិរញ្ញវត្ថុ ឬនយោបាយនោះទេ ពីព្រោះការកាប់ឈើខុសច្បាប់គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ។
រីឯលោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ថ្លែងថា របាយការណ៍នេះអាចជាឧបករណ៍សម្រាប់រកដំណោះស្រាយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
«សម្រាប់អង្គការសង្គមស៊ីវិល ដូចខ្ញុំបញ្ជាក់ហើយថា ផ្នែកមួយចំនួននៃរបាយការណ៍នេះគឺបានបង្ហាញទាក់ទងទិដ្ឋភាពជាក់ស្តែងនៃការបាត់បង់ធនធានព្រៃឈើ នៅក្នុងខេត្តរតនៈគីរី ហើយស្ទឹងត្រែង។ អញ្ចឹងយើងរីករាយក្នុងការយកលទ្ធផលរបាយការណ៍នេះ បន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយ»។
ក្រៅពីការលើកឡើងអំពីឥទ្ធិពល និងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនទ្រីភាពគ្រុបក្នុងការជួញដូរឈើ របាយការណ៍នេះក៏បានលាតត្រដាងពីការខ្វះចន្លោះរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់ការពារព្រៃឈើដែរ ពីព្រោះអាជ្ញាធរបានងាកមកគាំទ្រដល់ជំនួញយ៉ាងវិនាសកម្មនេះទៅវិញ។ របាយការណ៍សរសរថា ដោយសារការកាប់ឈើត្រូវបានគាំទ្រដោយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានបានធ្វើការអនុវត្តច្បាប់ការពារព្រៃឈើតិចតួចណាស់។ ប៉ូលិស ទាហាន ប៉េអឹម មន្ត្រីបរិស្ថាន ទាហានការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ព្រៃឈើមួយចំនួនក៏បានចូលរួមពាក់ព័ន្ធនៅតាមដំណាក់កាលជាច្រើននៅក្នុងខ្សែសង្វាក់រកស៊ីកាប់ឈើដែរ។
ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានទម្លាយឲ្យដឹងទៀតថា សហគមន៍ជនជាតិដើមភាគតិចជាច្រើនបានប្តេជ្ញាការពារ និងអភិរក្សធនធានធម្មជាតិ។ ពួកគាត់ទាមទារ តវ៉ា រារាំងក្រុមហ៊ុនមិនឲ្យមានការកាប់ឈើ ហើយបានដាក់ញត្តិម្តងហើយម្តងទៀតទៅរដ្ឋាភិបាល។ ប៉ុន្តែទីបំផុត ពួកគាត់នៅតែមិនអាចការពារព្រៃឈើទាំងនោះបាន។
សកម្មជនការពារព្រៃឈើម្នាក់ត្រូវបានដកស្រង់សម្តី និងសរសេរនៅក្នុងរបាយការណ៍នេះថា៖ «តើយើងអាចប្តឹងរដ្ឋាភិបាល និងក្រុមហ៊ុនដោយរបៀបណា នៅពេលដែលរដ្ឋាភិបាលបានគាំទ្រ និងរកស៊ីជាមួយក្រុមហ៊ុន?»
លើសពីនេះទៅទៀត អ្នកតវ៉ា ដែលការពារព្រៃឈើ ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការវាយដំ និងការគំរាមកំហែងពីសំណាក់កងកម្លាំងប្រដាប់អាវុធ ដែលការពារក្រុមហ៊ុនកាប់ឈើផងដែរ៕