សមាជិកសភារដ្ឋ Victoria (វិចតូរីយ៉ា) ក្នុងប្រទេសអូស្ត្រាលីដែលមានដើមកំណើតខ្មែរនៅថ្ងៃព្រហស្បតិ៍នេះបានស្នើរដ្ឋាភិបាលអូស្រ្តាលីឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា ដូចសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានធ្វើ។ លោកលើកឡើងថា ប្រព័ន្ធយុត្តិធម៌ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានភាពស្រដៀងទៅនឹងប្រព័ន្ធយុត្តិធម៌ក្នុងរបប ប៉ុល ពត យ៉ាងដូច្នោះ។
លោក ហុង លីម សមាជិកសភារដ្ឋវិចតូរីយ៉ាក្នុងប្រទេសអូស្ត្រាលី ដែលត្រូវបានរដ្ឋាភិបាលខ្មែរប្រកាសមិនស្វាគមន៍ ឲ្យចូលស្រុកកំណើតកាលពីឆ្នាំមុន បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែមករានេះ ដោយលើកឡើងអំពីការវាយប្រហារលើសង្គមស៊ីវិលនៅកម្ពុជា។ លោកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា លោកមានការសោកស្តាយដែលមានការរាយការណ៍ថា សង្គមស៊ីវិលនៅកម្ពុជាកំពុងបន្តរងការវាយប្រហារបន្ទាប់ពីមេដឹកនាំសង្គមស៊ីវិលដ៏លេចធ្លោបីនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌកាលពីខែមុន។
មេដឹកនាំសង្គមស៊ីវិលដែលជាអតីតគណៈកម្មការបុណ្យសពលោក កែម ឡី ទាំងបីរូបដែលត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងបច្ច័យបុណ្យ រួមមាន លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ព្រមទាំងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ។
លោក ហុង លីម បន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះថា ក្រៅពីការយាយីមេសង្គមស៊ីវិលទាំងបីរូប ក៏មានអ្នកទោសនយោបាយជាង២០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលក្នុងនោះមានអតីតប្រធានគណបក្សប្រឆាំង ដែលជាគណបក្សត្រូវបានតុលាការរំលាយតាមបណ្តឹងរដ្ឋាភិបាល សមាជិកសភា អ្នកអត្ថាធិប្បាយនយោបាយ និងអ្នកការពារសិទ្ធិមនុស្សជាដើម។
លោកបន្ថែមថា លោក និងសហគមន៍កម្ពុជាក្នុងរដ្ឋ Victoria ប្រទេសអូស្រ្តាលី បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យដើរតួនាំមុខក្នុងការថ្កោលទោស លោក ហ៊ុន សែន និងអំណាចផ្តាច់ការដែលកំពុងកើតមាននៅកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA នៅថ្ងៃព្រហស្បតិ៍នេះ លោក ហុង លីម សមាជិកសភារដ្ឋវិចតូរីយ៉ាក្នុងប្រទេសអូស្ត្រាលី បានប្រៀបធៀបប្រព័ន្ធយុត្តិធម៌ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា មានភាពស្រដៀងគ្នាទៅនឹងប្រព័ន្ធយុត្តិធម៌ក្រោមរបប ប៉ុល ពត។
លោកបញ្ជាក់ថា៖
«គាត់ [ហ៊ុន សែន] ធ្វើជាប៉ូលិសផង ធ្វើជាចៅក្រមផង ហើយធ្វើជាថៅកែគុកផង ដូច្នេះមានអីខុសពី ប៉ុល ពតហ្នឹង? ក្នុងរបប ប៉ុល ពត ហ្នឹងមានដែលកាត់សេចក្តី មានចៅក្រមមានអីជំនុំ? ចៅក្រមគ្មានបានការទេ អានេះជារឿងឡប់ឡែទេសព្វថ្ងៃហ្នឹង។ នេះជារបប ប៉ុល ពត ទាំងស្រុង គ្មានអីខុសគ្នាទេ ព្រោះអាផលវិបាក អាកិច្ចការចេញមក ទោះយើងស្រែកអំពាវនាវ ខំតវ៉ាយ៉ាងណាក៏អត់បានការដែរ»។
ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានប្រកាសការដាក់ទណ្ឌកម្មទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនដែលពាក់ព័ន្ធនឹងការធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។
លោក ហុង លីម ក៏បានជំរុញរដ្ឋាភិបាលអូស្រ្តាលីឲ្យដើរតាមការសម្រេចរបស់អាមេរិក និងសហគមន៍អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជាទាំងនោះ។
ថ្លែងក្នុងសុន្ទរកថាបើកអង្គប្រជុំមួយកាលពីថ្ងៃច័ន្ទ សមាជិកសភាអូស្រ្តាលីមួយរូប គឺលោក Mark Butler ប្រកាសថា អូស្ត្រាលីមានកាតព្វកិច្ចដ៏សំខាន់មួយដើម្បីចាត់វិធានការការពារលទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់ប្រទេសកម្ពុជា។ លោកបន្ថែមថា សកម្មភាពចុងក្រោយថ្មីៗនេះ គឺជាការបំពានមួយដែលមិនអាចប្រកែកបានពីរបបដឹកនាំនៅកម្ពុជា និងថា អូស្រ្តាលីត្រូវតែមានការឆ្លើយតបផ្នែកការទូតក្នុងកម្រិតខ្ពស់បំផុតមួយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ទាំងការលើកឡើងរបស់លោក ហុង លីម និងលោក Mark Butler គឺជាការបញ្ចេញមតិរបស់ជនបរទេសដើម្បីការពារប្រយោជន៍ក្រុមរបស់ពួកគេប៉ុណ្ណោះ។ លោកបន្ថែមថា ការថ្លែងរបស់ពួកគេ មិនមានឥទ្ធិពលណាមួយដល់ទំនាក់ទំនងកម្ពុជា-អូស្រ្តាលីនោះទេ។
លោកបញ្ជាក់ថា៖
«កម្ពុជានៅតែមានកម្រិតខ្ពស់នៃកិច្ចសហការរវាងរដ្ឋាភិបាលរបស់កម្ពុជា ជាមួយនិងរដ្ឋាភិបាលអូស្រ្តាលី។ ហើយក្រុមមួយក្រុមហ្នឹងគឺគ្មានផលប្រយោជន៍សម្រាប់រដ្ឋាភិបាលអូស្រ្តាលី មកពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលកម្ពុជា បើយើងឈរលើការប្រៀបធៀបនៃផលប្រយោជន៍រួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី។ ដូច្នេះក្រុមទាំងអស់ហ្នឹងគ្រាន់តែបញ្ចេញមតិក្នុងន័យនយោបាយការពារផលប្រយោជន៍ក្រុមរបស់គេប៉ុណ្ណោះ។ មិនមានអីឲ្យយើងបារម្ភទេ»។
ស្រដៀងគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់តែលើបុគ្គលដែលប្រព្រឹត្តខុស ដើម្បីធានាដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«កម្ពុជាដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ ហើយដើម្បីធានានិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យ វាទាមទារត្រូវតែពង្រឹងនីតិរដ្ឋ។ ឥឡូវដល់យើងពង្រឹងនីតិរដ្ឋ គឺអ្នកណាខុសច្បាប់អ្នកហ្នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយមូលហេតុអីបានថារដ្ឋាភិបាលធ្វើខុស? បើអ្នកប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ត្រូវតែមានទោស។ អាហ្នឹងមានអីខុសរាជរដ្ឋាភិបាល ខុសអាអ្នកប្រព្រឹត្តនោះទេ»។
អូស្រ្តាលីជាប្រទេសដែលផ្តួចផ្តើមឲ្យមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងជាប្រទេសមួយក្នុងចំណោមប្រទេសធំៗមួយចំនួនទៀតដែលផ្តល់ជំនួយច្រើនមកកម្ពុជា។លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា លោកគាំទ្រចំពោះការស្នើឲ្យមានការដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ។ ប៉ុន្តែលោកថា លោកមិនយល់ស្របចំពោះការប្រដូចប្រព័ន្ធយុត្តិធម៌ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទៅនឹងរបប ប៉ុល ពត នោះទេ ដោយលោកថា បច្ចុប្បន្នកម្ពុជាមានតុលាការ។
អ្នកវិភាគចាស់វស្សារូបនេះបន្ថែមថា បើយោងតាមស្ថានភាពនៃការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ន កម្ពុជាអាចប្រឈមនឹងការដាក់ទណ្ឌកម្មរបស់អន្តរជាតិកាន់តែច្រើន និងថា ប្រសិនបើរដ្ឋាភិបាលអូស្រ្តាលីពិតជាដាក់ទណ្ឌកម្មលើកម្ពុជាពិតមែន នោះកម្ពុជានឹងកាន់តែប្រឈមការលំបាកកាន់តែខ្លាំង។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា៖
«អាចមានសម្ពាធខាងផ្លូវទូតក្នុងឆាកអន្តរជាតិមកលើប្រទេសកម្ពុជា។ ហើយក៏អាចប៉ះពាល់ដល់ជំនួយដែលបានផ្តល់ និងបន្តផ្តល់មកប្រទេសកម្ពុជាជាបន្តទៀត។ អាហ្នឹងអាចមានការប៉ះពាល់ហើយ។ ហើយក្នុងការទំនាក់ទំនងអន្តរជាតិ កាន់តែមានការរឹតត្បិតលើខ្លួនឯងទៅ។ អាហ្នឹងមិនជាការល្អទេ អាចខាតបង់ដល់ប្រទេសទាំងមូល ជាពិសេសប្រជាពលរដ្ឋរបស់យើង»។
កម្តៅនយោបាយកម្ពុជាចាប់ផ្តើមកើនតាំងពីក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣មក។ រហូតមកដល់ពេលនេះ អតីតមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស យ៉ាងហោចណាស់ជាង២០នាក់ កំពុងត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា ខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិមួយរូបត្រូវនិរទេសខ្លួនទៅរស់នៅប្រទេស ក្រោយរងការចោទប្រកាន់ និងកាត់ទោសពីបទល្មើសជាច្រើនករណី។
ចំណែកលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិមួយរូបទៀត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ កាលពីដើមខែកញ្ញាកន្លងទៅ ដោយរងការចោទថា បានឃុបឃិតជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល។ ក្រោយការចាប់ខ្លួនលោក កឹម សុខា តែប៉ុន្មានខែ តុលាការកំពូលក៏បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទពីបទល្មើសដូចគ្នាទៅនឹងលោក កឹម សុខា ព្រមទាំងហាមអតីតមន្រ្តី និងអតីតតំណាងរាស្ត្រគណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
ក្រោយពេលហេតុការណ៍ទាំងនោះកើតឡើង ពិសេសគឺការរំលាយគណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីពលរដ្ឋខ្មែរជាង៤០ភាគរយនាពេលបោះឆ្នោតកន្លងទៅ គេឃើញអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ពួកគេបានបង្ហាញការបារម្ភពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយថា ការណ៍នេះនឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតនាពេលខាងមុខ៕