ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​បក្ស​កាន់​អំណាច​និង​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ផ្ទុយ​គ្នា​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ក្រម​ព្រហ្មទណ្ឌ


រូបឯកសារ៖ រូបថត​ពី​គេហទំព័រ​​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូបថត​គេហទំព័រ)
រូបឯកសារ៖ រូបថត​ពី​គេហទំព័រ​​ក្រុម​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (រូបថត​គេហទំព័រ)

ក្រុម​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​​នឹង​ការ​ព្រមាន​របស់​អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​​ចំពោះ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ដោយ​បាន​ចោទ​ថា​ ស្ថាប័ន​នេះ​ ​បាន​ចង​គំនុំ​នឹង​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ លោក​ ហ៊ុន សែន​ បាន​ច្រានចោល​ការ​ព្រមាន​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​បាន​ថ្លែងកាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​នីតិរដ្ឋ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​ ​ហើយប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ​នឹង​កាន់​តែ​រីក​ធំ​ឡើង។​ មន្ត្រី​បក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា​ «មតិ​មាន​លក្ខណៈ​ប្រឆាំង​ ​និង​ជា​ការ​ចង​កំហឹង​មក​លើ​រដ្ឋាភិបាល​កម្ពុជា»។​

​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (ASEAN Parliamentarians for Human Rights) បាន​ចេញ​ការ​ព្រមាន​របស់​ខ្លួន​ ដោយ​បាន​ថ្លែង​ថា​ សេចក្តី​ស្នើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ ​និង​ក្រម​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​ ​ដែល​បាន​អនុម័ត​ដោយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ ចំពោះ​ដំណើរការ​ធ្លាក់​ចុះ​នៃ​ប្រទេស​កម្ពុជា​ ​ទៅ​រក​ភាព​ផ្តាច់ការ​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ គឺ​លោក​ កឹម សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​ ក្នុង​ខែ​កញ្ញា​ និង​វិច្ឆិកា​ ឆ្នាំ​ ២០១៧។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ (VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។ (VOA)

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់ ​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ព្រមាន​របស់​ស្ថាប័នសិទ្ធិ​មនុស្ស​មួយ​នេះ​ ​នឹង​មិន​មាន​ប្រសិទ្ធភាព​អ្វី​លើ​ការ​សម្រេចចិត្តរបស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​នេះ។​ លោក​អះអាង​ថា​ សេចក្តី​វិសោធនកម្ម​ទាំង​អម្បាលម៉ាន​ មាន​គោលបំណង​ស្នូល​មួយ​ គឺ​ការ​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ ការពារ​ប្រព័ន្ធ​រាជានិយម​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ តែ​ប៉ុណ្ណោះ។

លោក​ សុខ ឥសាន​ បញ្ជាក់​ថា៖​

«ការ​ធ្វើ​វិសោធនកម្ម​នេះ​ ដើម្បី​ធ្វើ​យ៉ាងណា​ បង្កើន​នូវ​និរន្តរភាព​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ហើយ​និង​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ពង្រឹង​នីតិរដ្ឋ​បាទ។ អីចឹង​ទេ​ គឺ​ការ​ធ្វើ​នេះ​ ជា​ការ​ត្រឹមត្រូវ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​គ្មាន​ជន​ណា​ មក​អាច​លូកដៃ​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា​បាន​ជា​ដាច់​ខាត»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល​ ក៏​បាន​ថ្លែង​ការពារ​ចំពោះ​សេចក្តី​ស្នើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​មួយ​ចំនួន​ថា​ ជា​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ និង​រារាំង​មិន​ឲ្យ​មាន​ការ​បំពារបំពាន​លើចេស្តា​នៃ​ព្រះ​មហាក្សត្រ​ដែល​គ្រងរាជ្យ​ តែ​មិន​ដឹកនាំ​ប្រទេស​នោះ​ឡើយ។​

លោក​ ​សុខ ឥសាន​ ​មានប្រសាសន៍​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖​

«រដ្ឋធម្មនុញ្ញ​យើង​បាន​និយាយ​ហើយ​ថា​ អង្គ​ព្រះមហាក្សត្រ​មិន​អាច​មាន​នរណា​បំពារបំពាន​បាន។ ក៏​ប៉ុន្តែ​កន្លង​ទៅ​ មាន​ជន​អគតិ​មួយ​ចំនួន​ ប្រមាថ​មើល​ងាយ​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​ ក៏​ប៉ុន្តែ​យើង​មិន​ទាន់​មាន​មាត្រា​ណា​មួយ​ដើម្បី​ដាក់​ទោសកំហុស​របស់​ជន​ដែល​ប្រមាថ​លើ​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​ទេ​ អីចឹង​បាន​ជា​យើង​ធ្វើ​ ​វិសោធនកម្ម​ដើម្បី​មើល​ឲ្យ​ឃើញ​ថា​ ការណ៍​ដែល​អនុវត្ត​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ដែល​ចែង​ថា​ អង្គ​ព្រះ​មហាក្សត្រ​ គ្មាននរណា​បំពារ​បំពាន​បាន​នោះ»។

រូបឯកសារ៖ លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
រូបឯកសារ៖ លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

ក៏ប៉ុន្តែ ​ប្រធាន​សមាជិក​សភា​អាស៊ាន​ ​ដើម្បី​សិទ្ធិមនុស្ស ​លោក​ Charles Santiago​ ​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​ VOA ​បាន​ទទួល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​វិសោធនកម្ម​នេះ​ត្រូវ​បាន​អនុម័ត​ វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​យូរអង្វែង​ដល់​ក្របខណ្ឌ​ស្ថាប័ន​របស់​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​រិចរិល​បន្ថែម​ទៀត​ដល់​នីតិរដ្ឋ​ និង​ពង្រឹង​ប្រព័ន្ធ​ផ្តាច់ការ​ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ»។

លោក​ Charles Santiago​ ត្រូវ​បាន​ដកស្រង់​សម្តី​បន្ថែមថា៖​

«ការ​ដាក់​បញ្ចូល​ការ​ប្រមាថ​ព្រះមហាក្សត្រ​ជា​បទល្មើស​មួយ​នៅ​ក្នុងច្បាប់​កម្ពុជា​ កំពុង​បង្ក​ឲ្យ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង។ យើង​បាន​មើល​ឃើញ​ហើយ​អំពី​ការ​បញ្ញត្តិ​ច្បាប់​បែប​នេះ​ ត្រូវ​បាន​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ជិត​ខាង​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ និង​ជាពិសេស​ដោយ​សារ​ភាព​ទន់​ខ្សោយ​នៃ​នីតិរដ្ឋ​នៅ​កម្ពុជា​ ​និង​ការប្រើប្រាស់​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​ទៀត​ មិន​បាន​ត្រឹមត្រូវ​ជា​យូរ​មក​ហើយ​នោះ​ ​ យើង​នឹង​ឃើញ​មាន​សក្តានុពល​កាន់​តែ​ច្រើន​ទៀត​ ក្នុង​ការ​រំលោភ​បំពាន​បញ្ញត្តិ​ច្បាប់​នេះ​នៅ​កម្ពុជា»។​

ក្រុម​តំណាងរាស្ត្រ​នៃសមាជិក​សភា​អាស៊ាន​ ​ដើម្បី​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​ បាន​ថ្លែង​ថា​ សេចក្តី​ស្នើ​វិសោធនកម្ម​លើ​មាត្រា​ ៥៣​ ដើម្បី​ប្រកាស​យ៉ាង​ជាក់លាក់​ថា​ ​ប្រទេស​កម្ពុជា​ ​«ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែកពី​បរទេស​ណាមួយ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន» ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ព្យាយាម​ដ៏​កម្សោយ​ក្នុង​ការ​ការពារ​រដ្ឋាភិបាល​ពី​ការ​រិះគន់​នោះ​ឡើយ។​

សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣​និង​មាត្រា​១១៨​ ថ្មី ដែល​ត្រូវ​បាន​ផ្តល់​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​កាល​ពី​ពេល​ថ្មីៗ​នោះ ​ត្រូវ​គេ​ជឿ​ថា​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​សិទ្ធិ​ និង​ការ​ដក​សិទ្ធិ​បោះឆ្នោត​របស់​ពល​រដ្ឋ​ ដោយ​មួយ​ផ្នែក​កំណត់​ថា​ ​គណបក្ស​នយោបាយ​ សមាគម​ ​និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ ​«ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ‍» ​និង​មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​និង​ការពារ​ជាតិ​ជាដើម។​

លោក​ Tom Villarin​ សមាជិក​សភា​នៃ​ប្រទេស​ហ្វីលីពីន​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​នេះ​ថា៖​

​«សំណើ​វិសោធនកម្ម​មាត្រា​៤២ និង​៤៩ [នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា] នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តល់​សិទ្ធិ​អំណាច​បន្ថែម​ទៀត​ដល់​អាជ្ញាធរ ក្នុង​ការ​តាមដាន​គណបក្ស​នយោបាយ​និង​ក្រុម​ផ្សេង​ទៀត ​តាម​ទំនើង​ចិត្ត»។​

​នៅ​មុន​ពេល​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​នេះ​ រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​បើក​ការ​វាយ​បង្រ្កាប​មិន​ញញើត​ដៃ​ទៅ​លើ​អង្គការ​សង្គមស៊ីវិល​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​ការ​ចាប់​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​ក្រោម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ រដ្ឋាភិបាល​លោក​ថែម​ទាំងបង្ខំ​ឲ្យ​អង្គភាព​ព័ត៌មាន​ឯករាជ្យ​ ​The Cambodia Daily​ ​បិទ​ទ្វារ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធដារ​ប្រាក់​រាប់​លាន​ដុល្លារ​ និង​ការ​ហាម​ឃាត់​វិទ្យុ​ ​FM​ ​ក្នុង​ស្រុក​មិន​ឲ្យ​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ព័ត៌មាន​របស់​សំឡេង​សហរដ្ឋ​អាមេរិក​VOA និង​វិទ្យុ​អាស៊ីសេរី។​ វិទ្យុ​អាស៊ីសេរី​ ​ក្រោយ​មក​បាន​ប្រកាស​បិទទ្វារ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ ​ក្រោម​ហេតុផល​ថា​ រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​គ្មាន​ចេតនា​ផ្តល់​សេរីភាព​ដល់​ក្រុម​ការងារ​ខ្លួន​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​ភ័យខ្លាច។​ ​

​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​អំណាច​តុលាការ​កំពូល​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ និង​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​នយោបាយ​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​នឹក​ស្មាន​មិន​ដល់​ ​តែ​ត្រូវ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ថា​ ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នូវ​ការ​ភ័យ​ខ្លាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ ចំពោះ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​ ២០១៨​នេះ។​

​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ការ​បែងចែក​អាសនៈ​សភា​ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ធ្វើ​ឲ្យ​សភា​ [កម្ពុជា]​ ​លែង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​មិន​អាច​ធ្វើ​ឲ្យ​វិសោធនកម្ម​នេះ​ស្រប​តាម​លក្ខខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​ជា​ធរមាន​នោះ​ឡើយ»។

យ៉ាងណា​ក្តី ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ជាតិ ដែល​គ្រប​ដណ្តប់​ដោយ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បើក​កិច្ច​ប្រជុំ​ និង​អនុម័ត​ ​លើ​សេចក្តី​ព្រាង​ច្បាប់​ជា​ច្រើន​ ក្នុង​នោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ផង​ដែរ។​

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)

លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​យល់​ថា​ ​ប្រតិកម្ម​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ ប្រាសចាក​ទៅ​នឹង​ខ្លឹមសារ​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ ដែល​មានបំណង​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងៗ​ ​និង​ការពារ​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ហើយ​ថា​ ស្ថាប័ន​សិទ្ធិ​មនុស្ស​ដដែល​នេះ​ បាន​សន្សំ​ចិត្តចង​កំហឹង​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

លោក​ ជិន ម៉ាលីន បញ្ជាក់​ប្រាប់ VOA ថា៖

«ចំណុច​ទី​ពីរ​ទៀត​ បើ​យើង​ហ្នឹងមើល​ជា​រូបភាព​ទៅ​វិញ​ យើង​កុំ​មើល​ពី​ខ្លឹមសារ​ គឺ​ក្រុម​សភា​អាស៊ាន​នេះ​ គឺ​ជា​ អ្វី​ដែល​យើង​ដឹង​ រួច​ទៅ​ហើយ​ ថា​ក្រុម​នេះ គឺ​ហាក់​ដូច​មាន​កំហឹង​ និង​មាន​គំនុំ​ជាមួយរដ្ឋាភិបាល​តាំង​ពី​ដើម​មក​ ហើយ​សំឡេង​នេះ​ ក៏​មិន​មែន​ជា​សំឡេង​តំណាង​ឲ្យ​អាស៊ាន​ដែរ។ ការ​យក​ឈ្មោះ​នេះ​ គឺ​ដើម្បី​យក​ឈ្មោះ​ជា​ការ​បន្លំ​តែ​ប៉ុណ្ណោះ​ គ្រាន់តែ​ជា​សមាជិក​សភា​របស់​ម៉ាឡេស៊ី​មួយ​ក្រុម​តែ​ប៉ុណ្ណោះ ហើយ​រួម​ជាមួយ​នឹង​សមាជិក​សភា​នៃ​បក្ស​ប្រឆាំង​ បណ្តា​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ ក៏ប៉ុន្តែ​ ​រូបភាព​ក្លែង​បន្លំ​ថា ​ជា​តំណាង​ឲ្យ​ សភា​អាស៊ាន តាម​ពិត​មិនមែន​ជា​តំណាង​ផ្លូវការ​សភា​របស់​អាស៊ាន​នោះ​ទេ»។

លោក​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា៖​

«អីចឹង​បើ​យើង​មើល​ចេតនា​ និង​រូបភាព​នៃ​ក្រុម​នេះ​ គឺ​មាន​ចេតនា​នយោបាយ​ ច្រើន​ជាង​ ជាជាង​ការ​កសាង​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ក្នុង​ប្រទេស​មួយ​ ក្នុង​ក្របខណ្ឌ​អាស៊ាន​ អីចឹង​ជា​ ជា​សរុប​មក​គឺ​ថា​ អ្វី​ដែល​ក្រុម​ហ្នឹង​លើក​ឡើង​ គឺ​យើង​មិន​អាច​ទទួលយក​បាន​ដោយសារ​ ទី​មួយ​ទៅ​លើ​ខ្លឹមសារ​ និង​ដោយ​ផ្អែក​ទីពីរ​ ទៅ​លើ​រូបភាព​ និង​ចេតនា​ និង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ក្រុម​មួយ​នេះ​បាទ»។

រូបឯកសារ៖ លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​នៅមុខ​សាលា​ឧទ្ធរណ៍​អំពី​រឿង​ក្តី​អ្នកស្រី ទេព វន្នី កាលពីថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)
រូបឯកសារ៖ លោក​ អំ សំអាត​ ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​នៅមុខ​សាលា​ឧទ្ធរណ៍​អំពី​រឿង​ក្តី​អ្នកស្រី ទេព វន្នី កាលពីថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី​/VOA)

សម្រាប់​លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ថ្លែងថា​ រលក​នៃ​ការ​រិះគន់​ចំពោះ​ផែនការ​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌ​នឹង​កើន​ឡើង​បន្ថែម​ទៀត​ ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ជាង​៤០​ភាគរយ​ ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ខែ​មិថុនា​ ឆ្នាំ​២០១៧។​

«ដំណាក់កាល​នេះ​ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ទៅ​អីចឹង​យើង​ឃើញ​ថា​ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​ ដោយ​ឯកបក្ស...អីចឹង​យើង​ឃើញ​ថា​ ការ​ធ្វើ​វិសោធនកម្ម​ ឬ​ក៏​អនុម័ត​ច្បាប់​ផ្សេងៗ​ វា​មាន​ភាព​ងាយស្រួល​ អីចឹង​អា​តាហ្នឹង​ហើយ​ ដែល​មាន​ការ​រិះគន់​ច្រើន​ថា​ មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ក៏​ច្បាប់​ផ្សេងៗ​ ឬ​ក៏​អា​ការ​អនុម័ត​ច្បាប់​ផ្សេងៗ​ហ្នឹង​ វា​អាច​ជា​ផល​ប្រយោជន៍​សម្រាប់​គណបក្ស​កាន់​អំណាច​នោះ។ អានេះ​ ជា​ការ​លើកឡើង​និង​ការ​យល់​ឃើញ​ ​និង​ការ​រិះគន់​សម្រាប់​សហគមន៍​អន្តរជាតិ»។​

លោក​ ញ៉េប ប៊ុនជិន​ អ្នក​នាំពាក្យ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ ដឹកនាំ​ដោយ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ​ យល់​ផ្ទុយ​ពី​មន្ត្រី​សិទ្ធិមនុស្ស​ ហើយ​បាន​ចាត់​ទុក​ថា​ ​សេចក្តី​ស្នើ​វិសោធនកម្ម​ទាំង​ឡាយ​នោះ​ នឹង​មិន​បំផ្លាញ​អត្ថប្រយោជន៍​របស់​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ។​

«ច្បាប់​បួន​ ទាំងបួន​ដែល​ដាក់​មក​ហ្នឹង​ អត់​មាន​ប៉ះពាល់​ដល់​ស្ថិរភាព​ អត់​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ អត់​ប៉ះពាល់​ដល់​ស្អី​ទាំងអស់»។​

លោក​បាន​បន្ត​ថា​ កម្ពុជា​ក៏​នៅ​មិន​មានការ​ដាក់​ទោសទណ្ឌ​ ទៅ​លើ​ក្រុម​អ្នក​រិះគន់​អង្គ​ព្រះមហាក្សត្រ​ ដូច​នៅ​ប្រទេស​ថៃ​នោះ​ដែរ។ ដូច្នេះ​ហើយ ​សេចក្តី​ស្នើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ដែល​បាន​ធ្វើ​ឡើង​នោះ​ គឺ​ចង់​ឲ្យ​មាន​ការ​ចែង​ឲ្យ​ច្បាស់​ពី​ទោសទណ្ឌ​ ដែល​នឹង​ត្រូវ​ដាក់ទៅ​លើ​ជន​ណា​ដែល​បំពាន​ចេស្តា​នៃ​ព្រះ​មហាក្សត្រ។​«ដូច​ជា​ឧទាហរណ៍​ប្រទេស​ថៃ​ ​យើង​មិន​ធ្វើ​ដល់​ប្រទេស​ថៃ​ផង​ ប្រទេស​ថៃ​ ​គ្រាន់​តែ​យក​លុយ​ដែល​មាន​ព្រះ​ភក្រ្ត​រូប​ព្រះករុណា​ថៃ​ហ្នឹង​ ​យក​មក​ជាន់​ វា​ចេតនា​មួយ​ហែក​ ឬ​ក៏​ដុត​ចោល​ក៏​ជាប់​គុក​ដែរ។​ ស្រុក​ខ្មែរ​អត់​ទាន់​ដល់​ប៉ុណ្ណឹង​ទេ»។​

ទោះ​ជា​មាន​ការ​ប្រកែក​គ្នា ​ទៅលើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ និង​ក្រម​ព្រហ្មទណ្ឌយ៉ាង​ណា​ក៏​ដោយ​ចុះ​ ការ​បក​ស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ឬ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ កាល​ពី​ពេលកន្លង​មក​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​រឿយៗ​បាន​ទទួល​ជោគជ័យដោយ​សារ​តែ​គណបក្ស​ដែល​ស្ថិតក្នុង​អំណាច​ជាង​៤០ឆ្នាំ​នេះ​ ​មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​ ​និង​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៕

XS
SM
MD
LG