ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សំខាន់​៣រូប ដែល​ជួយ​បុណ្យ​សព​លោក កែម ឡី រង​បទចោទ​ថា បាន​កិបកេង​លុយ​ពី​បុណ្យសព


រូបឯកសារ៖ ផ្នូររបស់​លោកបណ្ឌិត​ កែម ឡី ស្ថិត​នៅ​ស្រុកកំណើត​របស់​លោកក្នុង​ខេត្ត​តាកែវ។
រូបឯកសារ៖ ផ្នូររបស់​លោកបណ្ឌិត​ កែម ឡី ស្ថិត​នៅ​ស្រុកកំណើត​របស់​លោកក្នុង​ខេត្ត​តាកែវ។

ក្នុង​ដីកា​នោះ​ក៏បាន​ដាក់​ឲ្យ​គណៈកម្មការ​បុណ្យ​ទាំង​បីរូប​ ស្ថិត​ក្រោម​ការ​ឃុំខ្លួ​ន​បណ្តោះ​អាសន្ន​ដោយ​​សំអាង​ហេតុ​ផល​ថា ដើម្បី​បង្ការ​និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ជា​ថ្មី​ និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​​តាម​នីតិវិធី។

អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ចោទ​ប្រកាន់អតីត​គណៈ​កម្មការ​បុណ្យ​សពលោក​ កែម ឡី​ ចំនួន​បីរូប​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ ក្រោយទទួល​បាន​បណ្តឹង​ពី​ប្រធាន​គណបក្ស​នយោបាយមួយ។

ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចេញ​ដោយ​លោក​ គុជ គីមឡុង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ និង​ត្រូវបានផ្សព្វផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ព្រះរាជ​អាជ្ញា​រូប​នេះ​ បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​អតីត​គណៈ​កម្មការ​បុណ្យ​សពលោក​បណ្ឌិត កែម ឡី​ ចំនួន​បីរូប​ពី​បទ «រំលោភ​លើ​ទំនុកចិត្ត» និង​សម្រេចបញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ចៅក្រម​ដើម្បី​ស៊ើបសួរ​បន្ត។ ព្រះរាជ​អាជ្ញា​រង ​គុជ គីមឡុង ​បញ្ជាក់​ក្នុង​ដីកា​នោះ​ថា ការ​សម្រេច​ចោទ​ប្រកាន់​នេះ​ ធ្វើ​ឡើង​ក្រោយ​ការ​ពិនិត្យលើ​សំណុំ​រឿង ​និង​ពាក្យ​បណ្តឹង​របស់​លោក​ ពេជ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

ក្នុង​ដីកា​នោះ​ក៏បាន​ដាក់​ឲ្យ​គណៈកម្មការ​បុណ្យ​ទាំង​បីរូប​ ស្ថិត​ក្រោម​ការ​ឃុំខ្លួ​ន​បណ្តោះ​អាសន្ន​ដោយសំអាង​ហេតុ​ផល​ថា ដើម្បី​បង្ការ​និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ជា​ថ្មី​ និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការតាម​នីតិវិធី។

អតីត​គណៈកម្មការ​បុណ្យ​សព​លោក​ កែម ឡី ទាំង​៣​រូប​ដែល​រង​បណ្តឹង​របស់​អ្នក​នយោបាយ​ ពេជ ស្រស់​ថា បាន​កិប​កេងប្រាក់​ពី​បុណ្យ​សព​លោក កែម ឡី រួម​មាន​ដូចជា​ លោក​ ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)​ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ព្រមទាំង​ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុនតិញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។​

VOA​ មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​អ្នក​ទាំង​បី​បាន​ទេ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ទោះ​យ៉ាង​ក៏​ដោយ​អតីត​គណៈកម្មាធិការ​ទាំង​បី​រូប​ធ្លាប់​បាន​ច្រាន​ចោល​ថា ពួក​គេ​មិន​បាន​ពាក់ព័ន្ធ​កិបកេង​ថវិការ​នោះ​ឡើយ។

​លោក​ កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៦។ សំណុំ​រឿង​ឃាត​កម្ម​ដ៏​កក្រើក​ក្នុង​រាជធានី​មួយ​នេះ​កំពុង​ស្ថិត​ក្នុងការ​ស៊ើប​សួរ​បន្ថែម​បន្ទាប់ពី​តុលាការ​បាន​កាត់​ទោស​ខ្មាន់​កាំភ្លើង​មួយ​រូប​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយជីវិត៕

XS
SM
MD
LG