ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​អ្នករៀបចំ​បុណ្យ​សព​លោក កែម ឡី


រូបឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)
រូបឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

​សេចក្តី​ថ្លែងការណ៍​​នោះ​​បន្ត​​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​គឺជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ផ្អែក​តែ​ទៅ​លើ​ភស្តុតាង​ក្នុង​​បណ្តឹង​របស់​លោក ពេជ ស្រស់ ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

អង្គការ​សង្គម​ស៊ីវិលជាង​៣០ ​អំពាវ​នាវ​ឲ្យ​មានការ​ទម្លាក់បទ​ចោទលើ​មន្ត្រីអង្គការសង្គម​ស៊ីវិល​សំខាន់​៣រូប​ដែល​រង​ការ​ចោទប្រកាន់ថា បាន​កិបកេង​លុយ​ពី​បុណ្យសព​លោក បណ្ឌិត​ កែម ឡី និង​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ បាន​បង្ហាញ​ពី​ការ​គំរាម​កំហែងដើម្បី​បំបិទ​សំឡេង​សង្គមស៊ីវិល និង​អ្នកការពារ​សិទ្ធិ​មនុស្ស​នៅកម្ពុជា។

អតីត​គណៈ​កម្មការ​បុណ្យ​សព​លោក​ កែម ឡី ទាំង​៣​រូប​ដែល​រង​បណ្តឹង​របស់​អ្នក​នយោបាយ​ ពេជ ស្រស់ ​ថា​បាន​កិប​កេងប្រាក់ពីបុណ្យសពលោក កែម ឡី រួមមាន ​ លោក​ ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)​ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ព្រមទាំង​ព្រះ​តេជ​ព្រះ​គុណ ប៊ុត ប៊ុនតេញ​ ស្ថាបនិកបណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។​ អ្នកទាំង​បី​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ភ្នំពេញ​ចោទ​ប្រកាន់​កាលពី​ពីរសប្តាហ៍មុន​ពី​បទ «រំលោភ​លើ​ទំនុកចិត្ត» ដែល​បទ​ល្មើស​នេះ​អាច​ប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣ឆ្នាំ។

លោក ប៉ា ងួនទៀង (ឆ្វេង) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM)​ លោក មឿន តុលា (កណ្តាល) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស និង​ព្រះតេជគុណ​ ​ ប៊ុត ប៊ុនតេញ​ (ស្តាំ) ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដែល​ត្រូវ​បាន​ចោទ​ថា បាន​កិបកេង​លុយ​ពី​បុណ្យសព​លោក បណ្ឌិត​ កែម ឡី។
លោក ប៉ា ងួនទៀង (ឆ្វេង) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM)​ លោក មឿន តុលា (កណ្តាល) នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស និង​ព្រះតេជគុណ​ ​ ប៊ុត ប៊ុនតេញ​ (ស្តាំ) ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដែល​ត្រូវ​បាន​ចោទ​ថា បាន​កិបកេង​លុយ​ពី​បុណ្យសព​លោក បណ្ឌិត​ កែម ឡី។

សេចក្តី​ថ្លែងការណ៍​រួមចេញ​នៅ​ថ្ងៃទី​៣០ ខែ​មករានេះ ​ឲ្យ​ដឹងថា ​អង្គការ សហគមន៍​ចំនួន​៣៥ ដែល​ធ្វើការពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ការ​អភិវឌ្ឍ បាន​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ចំពោះ​ថ្នាក់​ដឹក​នាំ​អង្គការមិនមែនរដ្ឋាភិបាល​ និង​បញ្ឈប់​ការ​យាយី​ដែល​បន្ត​កើត​មាន​លើ​សង្គម​ស៊ីវិល។ ​សេចក្តី​ថ្លែងការណ៍នោះបន្តថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​គឺជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ផ្អែក​តែ​ទៅ​លើ​ភស្តុតាង​ក្នុងបណ្តឹង​របស់​លោក ពេជ ស្រស់ ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

ក្រុម​អង្គការ​ទាំងនោះ​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​រួមក្នុង​ន័យ​ដើម​ថា៖ «យើង​ខ្ញុំ​អំពាវនាវដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល​ អ្នក​ការពារសិទ្ធិ​មនុស្ស​ និង​សកម្មជន​ដែល​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​ការងារ​ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់ដល់ការ​អភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ យើងខ្ញុំស្នើឲ្យរដ្ឋាភិបាល​កម្ពុជាគោរពរដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​គ្មាន​ការ​រឹត​ត្បិត​និង​យាយី»។

រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ ស៊ឹង សែនករុណា​ មន្ត្រីស៊ើបអង្កេត​ជាន់​ខ្ពស់​ផ្នែកសិទ្ធិមនុស្ស​ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ កាលពីថ្ងៃ​ទី​ ៨​ ខែ សីហា​ ឆ្នាំ​ ២០១៧​ និយាយ​ជាមួយ​អ្នកកាសែត​នៅ​មុខ​សាលា​ឧទ្ធរណ៍។ (ហ៊ុល រស្មី/VOA)

លោក ស៊ឹង សែនករុណា​ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់ VOA ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹកនេះ គឺចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹងពី​ការ​មិនពេញចិត្ត​របស់សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹងការ​ចោទ​ប្រកាន់​របស់​តុលាការទាំងមិន​សម​ហេតុ​ផល​ទៅលើ​មេដឹកនាំ​សង្គមស៊ីវិល​ដែលធ្វើ​កិច្ចការ​មនុស្សធម៌។​ លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​រដ្ឋាភិបាល​នឹង​ពិនិត្យ​លើការ​អនុវត្ត​របស់​តុលាការ​ ដើម្បីស្តារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «បើសិនជា​ប្រមុខ​រដ្ឋាភិបាល​លោក​ចង់​ស្តារ​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​កម្ពុជា​យើង ហើយ​ចង់ឲ្យពលរដ្ឋ ក៏​ដូចជា​អង្គការសង្គមស៊ីវិល និង​សាធារណៈជនមាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នេះ ​គួរ​តែ​រដ្ឋាភិបាល​ពិនិត្យ និង​ធ្វើ​ការ​អន្តរាគមន៍​ទៅ​តាម​នីតិវិធីទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​អាច​ជួយ​ស្តារ​នូវ​ជំនឿ​នេះ ពី​ព្រោះ​យើង​ដឹងទាំងអស់​គ្នា​ហើយ​ថា ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នេះ ត្រូវ​បានគេ​មើល​ឃើញ​ហើយ​ថា វាបាត់ទំនុក​ចិត្ត​ពី​សាធារណៈ​ជន​មែនទែន​ចំពោះ​ការ​អនុវត្តនៅ​ពេល​កន្លង​មក​ហ្នឹង»។

អតីតគណៈ​កម្ម​ការបុណ្យសពលោក​បណ្ឌិត​ កែម ឡី ទាំង​បី​រូប ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដោយ​អះអាងថា ​ពួកគេ​គ្រាន់តែ​ជួយ​រៀបចំ​កម្មវិធី​បុណ្យ មិនមាន​ពាក់ព័​ន្ធ​នឹង​បច្ច័យ​បុណ្យ​នោះ​ទេ។ ពួកគេ​បន្ថែម​ថា មូលនិធិ​ដែល​ជា​បច្ច័យ​បុណ្យ​សព​ទាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សាច់ញាតិ​របស់​លោក កែម ឡី។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋ​អាមេរិក ប្រាប់ VOA តាមរ​យៈ​សារ​ក្នុង​បណ្តាញ​សង្គម Facebook ​នារសៀល​ថ្ងៃអង្គារ​នេះ​ថា ការចោទ​ប្រកាន់​របស់​តុលាការ​មាន​ចរិក​នយោបាយ និង​ថា​ជា​ការ​ចោទ​ដើម្បី​បង្រ្កាប​សកម្មជន​សិទ្ធិ​មនុស្ស​និង​ជា​ការសងសឹក​ចំពោះ​សកម្មភាព​របស់​អតីត​គណៈកម្មការ​បុណ្យ​ដែល​សកម្ម​ក្នុង​ការធ្វើបុណ្យ​លោក​បណ្ឌិត កែម ឡី។

VOA មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពីលោក លី សុផាណា អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ថ្លែងថា ការ​លើកឡើង​របស់​អង្គការសង្គមស៊ីវិល​ទាំង​នោះ គឺ​ជាការ​តស៊ូ​មតិ​ដែលមិនស្រប​តាម​នីតិរដ្ឋ និង​ថា រដ្ឋាភិបាល​មិនមាន​សិទ្ធិ​ណាមួយដើម្បី​លូក​ដៃលើការ​សម្រេច​របស់​តុលាការ​នោះទេ។​

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ដឹង​ថា​ការងារ​នេះ​ជា​ការងារ​របស់​តុលាការ មិនមាន​ការ​តស៊ូ​មតិ​ណាមួយ​ដែល​អាច​មានឥទ្ធិ​ពល​ជះ​ទៅ​លើ​ដំណើរ​ការ​របស់​តុលាការ​នោះ​ទេ។​ ហើយ​យើង​ដឹងថា​ស្រុក​យើង​កំពុង​ពង្រឹង​នីតិរដ្ឋ ហើយ​អង្គការ​ទាំង​នោះ​គួរកុំ​ប្រើពាក្យ​រឿង​នយោបាយ​។ បើ​មាន​ការ​ចោទ​ប្រកាន់​យើង​គួរ​ស្វែក​រក​មេធាវី​ល្អ​ដើម្បី​ទៅ​តតាំង​តាមអង្គហេតុ និង​អង្គច្បាប់ ជាជាង​យក​ករណី​នេះ​ជាករណី​វិភាគ​នយោបាយ»។

រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក​ ​កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៦​។​ ​មុន​ការ​ដង្ហែ​សព​លោក​ ​កែម ឡីទៅ​កាន់​ផ្ទះ​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​បាន​អធិកអធម​ក្នុង​វត្ត​មួយ​នៅ​ត្រើយម្ខាងរាជធានី​ភ្នំពេញ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ ​គ្រួសារ​របស់​លោក​ កែម ឡី​ ​បាន​ប្រារព្ធ​ខួប​បុណ្យ​សព​នៃ​ការ​ស្លាប់​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ ​និង​មាន​ព័ត៌មាន​ថា​ មានការ​បាត់​បច្ច័យ​បុណ្យដែល​រៀបចំ​ដោយអតីត​គណៈកម្មការ​បុណ្យ។

រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី ​ពរ​កូន​ប្រុស​ពៅ​ឈ្មោះ កែម វីរបុត្រ នៅកន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ក្នុង​ប្រទេស​មួយ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)
រូបឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី ​ពរ​កូន​ប្រុស​ពៅ​ឈ្មោះ កែម វីរបុត្រ នៅកន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ក្នុង​ប្រទេស​មួយ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

លោក​ស្រី ​ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ​បាន​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​កន្លង​មកថា ​ពុំ​មាន​ការ​បាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការ​ចោទ​ប្រកាន់នោះ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG