ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​រំឭក​ប្រវត្តិ​ចាស់​វាយបក​ការរិះគន់​របស់​អាមេរិក


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដ៏​មាន​អំណាច​ បាន​ភ្ជាប់​​ការ​ត្រៀម​រំលាយ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ទៅ​​នឹង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​មួយ​ចំនួន​ក្នុង​ពេល​អតីត​ ហើយ​ចោទ​សហ​រដ្ឋ​អាមេរិក​ថា​ នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ។​
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដ៏​មាន​អំណាច​ បាន​ភ្ជាប់​​ការ​ត្រៀម​រំលាយ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ទៅ​​នឹង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​មួយ​ចំនួន​ក្នុង​ពេល​អតីត​ ហើយ​ចោទ​សហ​រដ្ឋ​អាមេរិក​ថា​ នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​រំឭក​ពី​ការ​កាត់​ទោស​មេដឹកនាំ​មួយ​ចំនួន​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ ​ដូចជា​ ​កូរ៉េខាងត្បូង​ ​និង​ថៃ​ជាដើម​ ​ដោយ​លោក​ថា​ ​ប្រទេស​ទាំង​នោះ​​ក៏​មិន​បាន​គិត​ដល់​ឆន្ទៈ​ពលរដ្ឋ​ផង​ដែរ។​

ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និងកា​ររិះគន់​ពី​មជ្ឈដ្ឋាន​នា​នា​ចំពោះ​គម្រោង​រំលាយ​គណបក្ស​ជំទាស់​សង្គ្រោះ​ជាតិ ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ភ្ជាប់ការ​ត្រៀម​រំលាយ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​ទៅនឹង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ​មួយ​ចំនួន​ក្នុង​ពេល​អតីត​ ហើយ​ចោទ​សហ​រដ្ឋ​អាមេរិក​ថា​ នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​មកពីរោង​ចក្រ​ចំនួន ​១០​ ​ក្នុង​សង្កាត់​កំបូល​ ​រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​និង​ការរិះគន់​លើការ​តាក់តែង​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​នា​ពេល​ថ្មីៗ​ ​ ព្រមទាំងបណ្តឹង​ ដែល​កំពុង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ ​ហ៊ុន សែន​ក៏​បាន​ចោទ​ជាសំណួរ​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ​ពាក់ព័ន្ធ​នឹងការ​ផ្តួល​រំលំ​ព្រះបាទនរោត្តមសីហនុ​កាលពី​ទសវត្សរ៍​ទី​៧០​ ​ដោយ​ចោទ​ថា​ព្រះ​អង្គ​ដឹកនាំ​ប្រទេស​ផ្តាច់ការ​ និងការ​ទម្លាក់​លោក​ប្រធានា​ធិបតី​ រីឆាដ​ ​និចសុន។​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា​ ​ទង្វើ​ ​និង​សកម្ម​ភាព​ទាំង​នោះ​ ​សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ ដោយ​មិន​បាន​គិត​ពី​ឆន្ទៈ​រាស្រ្ត​ ​ប៉ុន្តែ​លោក​ថា​ ​សហរដ្ឋ​អាមេរិក​ មិន​ដែល​អើពើ។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ដែល​កាន់​អំណាច​ជាង​៣ទសវត្សរ៍​រូប​នេះ​មាន​ប្រសាសន៍​ថា៖​

​«សូម​ផ្ញើ​សារ​ទៅ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​បក​ស្រាយ​ថា​ ​ការ​ផ្តន្ទាទោស​ចំពោះ​មេ​បក្ស​ប្រឆាំង​ដែល​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ​និង​បក្ស​នយោបាយ​ ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នៃ​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​រំលាយ​ ​អាច​នឹង​ត្រូវ​រំលាយ​ដោយ​តុលាការ​ថា​ ក្បត់​ឆន្ទៈ​រាស្រ្ត។​ ​តើ​អ្នក​មាន​បាន​នឹក​ឃើញ​កាល​អ្នក​បាន​ផ្តួល​រំលំ​សម្តេច​ព្រះ​បាទ​នរោត្តម​សីហនុ​ ​ហើយ​រហូត​ទៅ​ដល់​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​នៅ​កម្ពុជា។​ អ្នក​មាន​បាន​គិត​អំពី​ឆន្ទៈ​រាស្រ្ត​ទេ?»។​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បាន​រំឭក​ពី​ការ​កាត់​ទោស​មេដឹកនាំ​មួយ​ចំនួន​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ ​ដូចជា​ ​កូរ៉េខាងត្បូង​ ​និង​ថៃ​ជាដើម​ ​ដោយ​លោក​ថា​ ​ប្រទេស​ទាំង​នោះក៏​មិន​បាន​គិត​ដល់​ឆន្ទៈ​ពលរដ្ឋ​ផង​ដែរ។​

បន្ទាប់​ពី​រដ្ឋសភា​ដែល​មាន​តែ​ក្រុម​តំណាងរាស្រ្តគណបក្សកាន់អំណាច​ ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្មច្បាប់​ចំនួន​បួន​ ​ដែល​កំណត់​ពី​ការ​បែង​ចែក​អាសនៈរបស់​គណបក្ស​ណាមួយ​ដែលត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ គេ​ឃើញមជ្ឈដ្ឋានទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ ជាពិសេស​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកលើកឡើង​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​គឺជា​ ការ​រំលោភ​លើ​ឆន្ទៈ​ប្រជាពល​រដ្ឋកម្ពុជា​ជិត​ពាក់​កណ្តាល​ប្រទេស។​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា ក្រោយ​ពេល​រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​និង​ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា។​ ​សេចក្តី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា​ ​ប្រសិន​បើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ស្របគ្នា​នឹង​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ នោះ​នឹង​ដក​ហូត​សិទ្ធិ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៣​ ​និង​ឆ្នាំ​២០១៧។​ ​ក្រសួង​ការ​បរទស​អាមេរិក​ក៏​បាន​អំពាវ​នាវ​ជាថ្មី​ ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ចេញ​ពី​ពន្ធនាគារ​ផង​ដែរ។​

លោក​ ​David Josar​ ​អ្នក​នាំពាក្យរង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​សួរ​របស់​លោក​ ​ហ៊ុន សែន​ ​នោះ​ទេ​ ​តែ​លោក​បាន​ពន្យល់ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិច​ត្រូនិច ​ឬ​អ៊ីមែល​ថា​ ​អតី​តប្រធានាធិបតី​អាមេរិក​ ​លោក​ ​Richard Nixon​ ​មិនមែន​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ទេ​ ​ប៉ុន្តែ​លោក​បាន​លាលែង​ពី​តំណែង​នៅ​ខែ​សីហា​ ​ឆ្នាំ១៩៧៤​ ​បន្ទាប់ពី​មាន​ការ​ស៊ើប​អង្កេត​រយៈពេល​ពីរ​ឆ្នាំ ​ដោយ​ក្រុម​តុលាការ​ ដើម្បី​អនុម័ត​មាត្រា​ក្នុង​ការ​ចោទ​ប្រកាន់។​

លោក​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ការ​ស៊ើបអង្កេត​ដែល​មាន​រយៈពេល​យូរ​ ​និង​ប្រកប​ដោយ​តម្លាភាព​នេះ​ ​បាន​បង្ហាញ​ពី​ភស្តុតាង​ជា​ច្រើន​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត។​ ​មិន​ដូច​លោក កឹម សុខា ទេ។ លោក Nixon ត្រូវ​បាន​លើក​លែង​ទោស​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧៤ ហើយ​មិន​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារមួយថ្ងៃ​ឡើយ»។​

រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក Richard Nixon
រូបឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក Richard Nixon

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ ​លើក​ឡើង​ថា​ ​កម្ពុជា​ជា​ប្រទេសប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស​ ​និង​យក​សំឡេង​ប្រជាពល​រដ្ឋ​ជាធំ។​ ​លោក​បន្ថែម​ថា​ ​ការ​លើក​យក​ភាព​អវិជ្ជមាន​របស់​បរទេស​មក​អនុវត្ត​ ​ឬ​ប្រៀបធៀបនៅ​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកនាំ​ប្រទេស​។​

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​យក​គំរូ​គោលការណ៍នយោបាយ​ល្អ​ពី​បរទេស ​មក​អនុវត្ត​ឲ្យ​ស្រប​តាម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ៖​

«យើង​ដឹង​ស្រាប់​ហើយ​ថា​ គំរូ​មិនល្អ​ហ្នឹង​វា​មិន​ទទួល​បាន​ផល​ចំណេញ​អី​ដល់ប្រទេស​ជាតិ​ទេ។​ ​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ជូរចត់​ហើយ​អំពី​រឿង​យក​ទស្សនៈ​ ​ឬ​យក​មាគ៌ា​នយោបាយ​ដែល​មិន​យក​ប្រយោជន៍​ប្រជា​ពល​រដ្ឋ ឬ​មិន​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ធំ​ហ្នឹង។​ ​ជាពិសេស​ឆ្នាំ​១៩៧៥-១៩៧៩​ ​ហ្នឹង​គឺថា​យើង​ជូរចត់​មែនទែន»។​

រូបឯកសារ៖ លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា
រូបឯកសារ៖ លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ ​និង​នយោបាយជាច្រើន​បាន​រិះ​គន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ដោយ​និយាយ​ថា​ ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ ​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ និង​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង ​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ ​នឹង​ជះឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ខាង​មុខ។​

ចាប់​តាំង​ពី​ស្ថានការណ៍​នយោបាយ​បន្ត​កើន​កម្ដៅ និង​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ឯ​ខេត្ត​ត្បូងឃ្មុំ ​ក្បែរ​ទល់​ដែន​វៀតណាម​ ​គេ​ឃើញ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ជាង​ពាក់​កណ្តាល​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ​បាន​ចាក​ចេញពី​កម្ពុជា​ជា​បន្ត​បន្ទាប់។​

លោក​ ​អេង ឆៃអ៊ាង​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក​ ​បាន​បង្ហោះ​សារ​លើ​គណនីហ្វេសប៊ុក​របស់​លោក នា​ថ្ងៃ​ទី​១៨​ ​ខែ​តុលា​ ​នេះ​ថា​ ​ជន​ផ្តាច់​ការ​អាច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ ​តែ​មិន​អាច​រំលាយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ពាក់​កណ្តាល​នគរ​តាម​រយៈ​ការ​ កាឡៃ​ច្បាប់​បាន​ឡើយ។

លោក​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ច្បាប់​កាឡៃ​ទាំងបួន​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កែច្នៃ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​កន្លង​មក​នេះ មិន​អាច​យក​មក​ប្រើប្រាស់​ដើម្បី «ប្លន់​ឆន្ទៈ​ប្រជា​ពលរដ្ឋ» បាន​ឡើយ​។ ឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ​៥៥​រូប គឺជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ពាក់​កណ្តាល​ប្រទេស​ដែល​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​។ ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ ​នឹង​មិន​ទទួល​ស្គាល់​ផលិតផល​ ​ដែល​ជន​ផ្តាច់ការ​នឹង​បង្កើត​ចេញ​ពី​ច្បាប់​កាឡៃ​ទាំងបួន​ ​នា​ពេល​ខាង​មុខ​នេះ​ឡើយ​»។​

តាម​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​របស់​បក្ស​កាន់​អំណាច​ដែល​រដ្ឋសភា​ទើប​តែ​អនុម័ត​ ​កាលពី​ថ្ងៃច័ន្ទ នឹង​អនុញ្ញាត​ឲ្យ​គណ​បក្ស​នយោបាយ​ចំនួន​៥ ​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៣​ តែ​មិន​ទទួល​បាន​អាសនៈ​រដ្ឋសភា​នៅ​ពេល​នោះ​ ​ទទួលបាន​អាសនៈ​សភា​របស់​បក្ស​ជំទាស់​ដែល​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បក្ស​កាន់​អំណាច​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ។​ ​វិសោធនកម្ម​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ដែល​បាន​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​និង​ស្រប​ពេល​ដែល​លោក​ ​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ពី​អំពើ​ក្បត់​ជាតិ។​

ទោះ​ជា​យ៉ាង​ណា​ ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​បាន​ច្រាន​ចោល​ការ​រិះគន់​ទាំង​ឡាយ​ ដោយ​លើក​ឡើង​ថា​ ​កម្ពុជា​ជា​ប្រទេស​ដែល​អនុវត្ត​ច្បាប់​ ​និង​មានឯករាជ្យ​ ​មិន​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ណា​មួយ​នោះ​ទេ៕

XS
SM
MD
LG