ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​វិនិយោគិន​អាមេរិក​ថា​កុំព្រួយ​ ខណៈ​ស្ថាន​ការណ៍​នយោបាយ​តានតឹង


លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) និងលោក William Hei​dt ឯកអគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំកម្ពុជា។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) និងលោក William Hei​dt ឯកអគ្គ​រដ្ឋ​ទូត​អាមេរិកប្រចាំកម្ពុជា។

នៅ​ចំកណ្ដាល​នៃ​ភាព​ប្រទាំង​ប្រទើស​គ្នា​នៃ​ចំណង​ទាក់ទង​ខ្មែរ​អាមេរិក​ ​អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ប្រាប់​វិនិយោគិន​ ​និង​ធុរជន​ជាតិ​អាមេរិកាំង​ឱ្យ​បន្ត​រក្សា​ទំនុក​ចិត្ត ​និង​បន្ត​សកម្មភាព​អាជីវកម្ម​​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​គ្មាន​ក្តី​បារម្ភ។

ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​មាន​ភាព​រកាំ​រកូស​ ​នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ដោយ​មានការ​ចោទ​ប្រកាន់​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​គម្រោង​ផ្ដួល​រំលំ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា។​ ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំពាក្យ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ថ្លែង​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា​អាមេរិក​ ​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ​ហើយ​ប្រាប់​ឱ្យ​ធុរជន​អាមេរិកាំង​កុំ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ចំកណ្ដាល​នៃ​ភាព​ប្រទាំង​ប្រទើស​គ្នា​នៃ​ចំណង​ទាក់ទង​ខ្មែរ​អាមេរិក​ ​អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ប្រាប់​វិនិយោគិន​ ​និង​ធុរជន​ជាតិ​អាមេរិកាំង​ឱ្យ​បន្ត​រក្សា​ទំនុក​ចិត្ត ​និង​បន្ត​សកម្មភាព​អាជីវកម្មរបស់​ខ្លួន​នៅ​កម្ពុជា​ដោយ​គ្មាន​ក្តី​បារម្ភ។​

កាល​ពី​ខែ​កន្លង​ទៅ​ ​រដ្ឋាភិបាល​ភ្នំពេញ ​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដំឡើង​សរសៃ​ក​ដាក់​គ្នា​ ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​របស់​អាមេរិក​ចេញ​ពី​កម្ពុជា​ មាន​ការ​បង្ក្រាប​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ​និង​ការ​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ពី​បទ​ចូល​ដៃ​ចូល​ជើង​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​របប​ក្រុង​ភ្នំពេញ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ដែល​បំពង​សំឡេង ​ដោយ​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មាន​សមាន​ចិត្ត​នឹង​រដ្ឋា​ភិបាល​ខ្មែរ ដែល​បាន​ចង្អុល​ចំៗ​ទៅ​សហរដ្ឋ​អាមេរិក​ ដោយ​ចោទ​ថា​ រៀប​ចំ​គម្រោង​ការ​ផ្លូវ​ងងឹត​ប្រុង​ប្រៀប​ធ្វើ ​«បដិវដ្ដន៍​ពណ៌» ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ការផ្ដល់​ហិរញ្ញប្ប​ទាន​ដល់​ដំណើរ​ការ​នៃ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន។​

មួយ​សប្ដាហ៍​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​កាលពី​ដើម​ខែ​កញ្ញា​ ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក​អាស៊ាន​បាន​ចេញ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​វិនិយោគិន​របស់​ខ្លួន​អំពី​«ហានិភ័យ​ដែល​ចេះ​តែ​កើន​ឡើង» ​ចំពោះ​ជំនួញ​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា ​ទី​ដែល​«វោហា​ស័ព្ទ​ប្រឆាំង​អាមេរិក​ចេះ​តែ​មាន​កំដៅ​ក្ដៅ​ទៅៗ»។

ក្នុង​សេចក្ដី​ដាស់​ស្មារតី ​ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី៧ ​ខែ​កញ្ញា ​ឆ្នាំ​២០១៧​ ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក​អាស៊ាន​បាន​សរសេរ​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«អ្នក​នយោបាយ​កម្ពុជា​មួយ​ចំនួន ​និង​ក៏​ដូច​ជា​មួយ​ចំនួន​នៃ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​បច្ចុប្បន្ន​នេះ​ទំនង​ជា​រក្សា​គន្លាត​ខ្លួន​គេ​មួយ​កម្រិត ​ចាក​ឆ្ងាយ​ពី​ការ​ប្រឡូក​ពាក់ព័ន្ធ​ទាក់​ទង​ជា​សាធារណៈ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក​ រហូត​ទាល់​តែ​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ២០១៨ ​ត្រូវ​ចប់​សព្វ​គ្រប់។

ការណ៍​នេះ​នាំ​ឱ្យ​រាល់​សកម្មភាព​តស៊ូ​មតិ​[ធុរកិច្ច]​នៅ​កម្រិត​រដ្ឋាភិបាល​ ​ហាក់​មាន​សភាព​តឹង​តែង​ជាង​សព្វ​មួយ​ដង»។​

រូបឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ បក់​រវេចនៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។
រូបឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ បក់​រវេចនៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។

នៅ​កម្ពុជា ​ស្ថាន​ទូត​អាមេរិក​ដើរ​តួនាទី​យ៉ាង​មមាញឹក​ក្នុង​ការ​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា។ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​១២​ខែមុន ​លោក​William ​Heidt ​ ឯក​អគ្គរដ្ឋ​ទូត​ស.រ.អា. ​បាន​ព្រលយ​ពាក្យ​ព្រមាន​ថា៖​

«វោហា​ស័ព្ទ​ប្រឆាំង​អាមេរិក​បាន​ធ្វើឱ្យ​ជន​ជាតិ​អាមេរិក ​និង​បណ្ដា​អ្នក​ទេសចរ​មក​ពី​បស្ចិម​លោក​ជា​ច្រើន​ ហាក់​មាន​អារម្មណ៍​ថា​ មិន​សូវ​ត្រូវ​បាន​គេ​ទទួល​ស្វាគមន៍​ទេ ​នៅ​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​យើង​នេះ»។

ក៏​ប៉ុន្តែ​កញ្ញា ​សឺង​ សុផារី ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​អះអាង​ថា បរិយាកាស​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​សាជីវកម្ម​នានា​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​នៅតែ​អាច​ទទួល​នូវ​បរិស្ថាន​អំណោយ​ផល​ដូច​ធម្មតា ​បើ​ទោះ​ជា​មាន​ភាព​តាន​តឹង​យ៉ាង​ណា​ក្ដី។​

កញ្ញា ​សឺង ​សុផារី​ បាន​ប្រាប់​ VOA ​កាល​ពី​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ថា៖

«អត់​ទាន់​មាន​លើក​ទូត​អាមេរិក​ចេញ​ផង ​ហេតុអ្វី​យើង​ត្រូវ​មាន​សតិ​អារម្មណ៍។ ​...​ យើង​មាន​ទៅ​បិទ​រោងចក្រ​អី​គេ!​ ​គេ​វិនិយោគ​ប៉ុន្មាន​នៅ​ប៉ុណ្ណឹង!​ ​ឱ្យ​តែ​គេ​គោ​រព​ច្បាប់​ទម្លាប់​នៅ​ក្នុង​ស្រុក​យើង»។​

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​បាន​បន្ត​ថា៖

«ធម្មតា​ប្រទេស​មួយៗ ​វា​មិន​អាច​ដូច​ទឹក​នឹង​ ដូច​ថា មិន​អាច​មិន​ឱ្យ​មាន​ព្រឹត្តិការណ៍​អី​សោះ​នោះ​ទេ​ ព្រោះ​នយោបាយ​វា​មិន​អាច​ថេរ​ដូច​ចិត្ត​យើង​ចង់​បាន​ទេ​ណា។ ​ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​ ​នយោបាយ​ប្រែប្រួល​ វា​ត្រូវ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​យើង ​ឬ​ប្រព័ន្ធ​ទំនាក់ទំនង​យើង​ហ្នឹង​វា​ត្រូវ​តែ​ក្រឡុក​ក្រឆា​ដែរ​ គឺ​អត់​ទេ»។​

កាល​ពី​ឆ្នាំ​២០១៦​ ​មាន​ប្រមាណ​២១,៣%​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ទិញ​ចូល​របស់​អាមេរិក​ដែល​ឈរ​នៅ​លំដាប់​ទីពីរ​ បន្ទាប់​ពី​សហគមន៍​អឺរ៉ុប។ ​អាមេរិក​ហក់​ទៅ​ឈរ​នៅ​លំដាប់​ទី​ប្រាំ​នៃ​ក្រុម​ប្រទេស​ដែល​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អ្នក​ទេសចរ​អាមេរិក​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​ពីរ​សែន​នាក់ ​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ ​អគ្គ​រដ្ឋ​ទូតសហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ និង​សហភាព​អឺរ៉ុប​ក៏​បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​ត្រៀម​ទទួល​ទិញ​ទំនិញ​បន្ថែម​ពី​វិស័យ​វាយនភណ្ឌ​កម្ពុជា ​ដោយ​ហេតុ​ថា​ ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​តម្រូវ​ដោយ​និយាម​ការងារ​អន្តរជាតិ។ ប៉ុន្តែ​វីអូអេ​មិន​អាច​ទទួល​បាន​ការ​បញ្ជាក់​ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុបថា​ តើ​ការ​ប្រកាស​ដោយ​រដ្ឋាភិ​បាល​នេះ​ពិត​កម្រិត​ណា​នោះ​ទេ។

លើស​ពី​នោះ​ទៅ​ទៀត​ ​សាជីវ​កម្ម​ផ្គូផ្គង​សេវា​កម្ម​ដឹកជញ្ជូន​ Uber​ របស់​អាមេរិក​ក៏​បាន​បើក​សម្ពាធ​វត្តមាន​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ផង​ដែរ​ កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ។​

លោក​ Anthony​ Galliano​ ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន​គ្រប់គ្រង​វិនិយោគ​នៅ​កម្ពុជា (CIMG)​ ​បាន​ប្រាប់​ VOA​ ក្នុង​ពេល​កន្លង​ទៅ​ថា ​ដោយ​ហេតុ​ថា​ចំណែក​នៃ​ការ​វិនិយោគ​នៅកម្ពុជា​ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ​ម្ល៉ោះ​ហើយ​កម្ពុជា​នឹង​មិន​រង​ការ​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ច្រើន​ ពី​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។​

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ​(IMF) ​បាន​ចង្អុល​ទៅ​កាន់​សញ្ញា​នៃ​ការ​ធ្លាក់​ការ​វិនិយោគ​ឯកជន​នៅ​កម្ពុជា ​នា​អំឡុង​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ​ដោយ​គ្រឹះស្ថាន​ពិភព​លោក​មួយ​នេះ​បាន​ដាក់​ការ​បន្ទោស​ទៅ​លើ ​«ភាព​មិនប្រាកដ​ប្រជា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត»​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ។​

រី​ឯ​លោក ​Casey ​Barnett ​វិនិយោគិន ​និង​ជា​នាយក​សាលា​ពាណិជ្ជ​កម្ម ​CamEd ​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ប្រាប់ ​VOA​ តាម​សារ​អេឡិច​ត្រូនិច​ ​ដោយបង្ហាញ​ជំនឿ​ថា ​ភាព​មិន​ចុះ​សម្រុង​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​និង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ នឹង​ស្ថិត​នៅ​ត្រឹម​កម្រិតឆ្លើយឆ្លងផ្ដោះផ្ដង​គ្នា​ជា​ពាក្យ​ពេជន៍​តែ​ប៉ុណ្ណោះ ​ហើយនឹងមិន​ឈាន​ដល់​កម្រិត​បញ្ចេញ​នូវ​សកម្ម​ភាពនយោបាយ​អ្វី​ដាក់​គ្នា​ជា​ដុំ​កំភួន​នោះ​ឡើយ។​

លោក ​Casey ​Barnett ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

​«ខ្ញុំ​មាន​ជំនឿ​ថា ​កម្ពុជា​នឹង​បន្ត​នូវ​អត្ថិភាព​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ដូចជា​នឹង​បន្ត​ការពារ​ផល​ប្រយោជន៍វិនិយោគិន​អាមេរិក​នៅ​ទី​នេះ»។​

លោក ​Miguel ​Chanco ​អ្ន​ក​វិភាគ​នាំមុខ​លើ​កិច្ច​ការ​ក្នុង​តំបន់​អាស៊ាន ឱ្យ​អង្គភាព​ស៊ើប​អង្កេត​នៃ​ទស្សនាវដ្ដី ​The​ Economist ​(EIU) ​បាន​ប្រាប់​ VOA​ ថា ​ហានិភ័យ​នៃ​អស្ថិរភាព​នយោបាយ​មិន​នឹង​នរ​នៅ​កម្ពុជា​នឹង​ទុក​ឱ្យ​វិនិយោគិន ​និង​ធុរកិច្ច​អាមេរិក ​ចាប់​យក​វិធីសាស្ត្រ​អង្គុយ​ស្ងៀម ​និង​ចាំមើល ​ទម្រាំ​តែ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​កន្លង​ផុត​ទៅ​ដោយ​ចប់​សព្វ​គ្រប់។​

ដោយ​ឡែក ​លោក ​Anthony ​Nelson ​ដែល​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុនផ្ដល់​ប្រឹក្សា​ធុរ​កិច្ច​ Albright ​Stonebridge ​Group ​បាន​និយាយ​ថា ​សតិ​អារម្មណ៍​នៃ​វិនិយោគិន​អាមេរិកក្នុង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ វា​អាស្រ័យ​ទៅ​លើលោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ជា​រឿយៗ ​ប្រើ​ពាក្យ​ពេជន៍​ប្រ​ឆាំង​អាមេរិក​នៅ​ក្នុង​សុន្ទរកថា​សារធារណៈ​របស់​លោក​ នា​ពេល​ថ្មីៗ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG