ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​មីយ៉ាន់ម៉ា​សន្យា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ការ​អប់រំ​ និង​វប្បធម៌


មេដឹកនាំមីយ៉ាន់ម៉ា​លោកស្រី​អង់សាន​ ស៊ូជី​ ថត​រូប​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​វិមាន​សន្តិភាព​ ក្នុង​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩។​ (Facebook/Samdech Hun Sen, Cambodian Prime Minister)

អ្នកស្រី​អង់សាន ស៊ូជី​ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​​ បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​​ពេល​ពីរ​ថ្ងៃ​របស់​អ្នកស្រី​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ស្រី​អង់សាន ស៊ូជី​ (Aung San Suu Kyi) មេដឹក​នាំ​មីយ៉ាន់ម៉ា​ និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន​ សែន​ បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ និង​ពង្រីក​ចំណង​ទាក់​ទង​ខាង​ពាណិជ្ជកម្ម​ ការ​អប់រំ វប្បធម៌ និង​ទេសចរណ៍​រវាងប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​លោក​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា។

លោក​ស្រី ​អង់សាន ស៊ូជី​ ទីប្រឹក្សា​រដ្ឋរបស់ប្រទេស​មីយ៉ាន់​ម៉ា​ បាន​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ រយៈ​ពេល​ពីរ​ថ្ងៃ​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ស្រី​ស៊ូជី​នៅ​កម្ពុជា។

តាម​ព័ត៌មាន​សង្ខេប​ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ស្រី​ស៊ូជី​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​យូរ​ឆ្នាំ​របស់​កម្ពុជា និង​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ អប់រំ វប្បធម៌​ និង​សាសនា​ជា​ដើម។

ក្នុង​ជំនួប​នោះ​ លោក​ ហ៊ុន សែន​ បាន​ប្រាប់លោកស្រី​ស៊ូជី​ថា​ «ទាក់ទង​ទៅ​នឹង​បញ្ហា​វប្បធម៌​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​គឺ​ជា​ ខួប​៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ដូច្នេះ​យើង​គប្បី​ណា​រៀបចំ​រួម​គ្នា​នូវ​សកម្មភាព​ឲ្យ​មាន​ភាព​អធិកអធម​ផង​ និង​ជំរុញ​វិស័យ​ទេសចរណ៍​ រវាង​ប្រទេស​ទាំង​ពីរ​ផង​ ជា​ពិសេស​ខេត្ត​សៀមរាប​ និង​ខេត្ត​បាហ្គាន​ ដែល​ជា​ខេត្ត​ពោរពេញ​ទៅ​ដោយ​ប្រាសាទ​បេតិកភណ្ឌ»។

ទាក់ទិន​វិស័យអប់រំ​ លោក​ ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​រវាង​និស្សិត​កម្ពុជា​ និង​និស្សិត​មីយ៉ាន់ម៉ា​ទៅ​វិញ​ទៅ​មក​ ក្រោម​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សម្រេច​ផ្តល់​អាហារូបករណ៍​ចំនួន​១០ ទៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​និស្សិត​មីយ៉ាន់ម៉ា​មក​សិក្សា​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩-២០២០។

សម្រាប់​បញ្ហា​សេដ្ឋកិច្ច​ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួតគ្នា​ និង​វិស័យ​ដទៃ​ទៀត​ ដែល​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ មាន​សក្តានុពល​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​រីក​លូតលាស់​ឡើង​ខ្លាំង​ថែមទៀត។ ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​លើ​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​ច្រើន​ជាង​ទំហំ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ដែល​មាន​ត្រឹម​តែ​១០លាន​ដុល្លារ។

លោក​ស្រី ​អង់សាន ស៊ូជី​ និង​លោក​ ហ៊ុន សែន​ «បាន​ឯកភាព​គ្នា​ ជំរុញ​វិស័យ​សំខាន់ៗ​ទាំង​នេះ​ ហើយ​ក៏​បាន​ផ្ដល់​ការ​ទុកចិត្ត​ និង​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ ធ្វើ​ការងារ​នោះ​ជា​បន្ត​បន្ទាប់​ទៀត»។

អ្នក​សិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិកលើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ស្ថិត​ក្នុង​ឋានៈ​ជា​ប្រទេស​ក្រីក្រ​មួយ​ចំនួន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគេ្នយ៍​ នឹង​ប្រឈម​ឧបសគ្គក្នុង​ការ​ពង្រីក​វិសាលភាព​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ខណៈ​ដែល​ការ​នាំ​ចេញ​ផលិតផល​របស់​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រហាក់​ប្រហែលគ្នា។

ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​និង​ប្រទេស​ក្រីក្រ​ផ្សេង​ទៀត​របស់​អាស៊ាន​អាច​ប្រើ​យន្តការ​អាស៊ាន​ ក្នុង​ការ​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ ដើម្បី​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំងទៅ​លើ​ប្រទេស​ចិន។

លោក​ ឈាង វណ្ណារិទ្ធ អ្នក​វិភាគ​កិច្ចការ​តំបន់​ប្រាប់ VOA ​ថា​ កម្ពុជា​និង​ប្រទេស​មីយ៉ាន់ម៉ា​ ឬភូមា​ សុទ្ធ​តែ​ជា​ប្រទេស​ ដែល​បាន​ពឹង​ផ្អែក​លើ​ចិន​ ដូច​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ឡាវ​កំពុង​ធ្វើ​ផង​ដែរ។

លោក​ថា​ កម្ពុជា​ និង​ភូមា​ អាច​ពិបាក​ក្នុង​ការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ នៅ​គ្រា​ដែល​ប្រទេស​ទាំង​ពីរ​ មាន​កម្លាំង​ផលិត​ទំនិញ​នាំ​ចេញ​ក្នុង​កម្រិត​មួយ​ប្រដំប្រសង​គ្នា​ តែ​ប្រទេស​ទាំង​ពីរ​នេះ​អាច​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ តាម​យន្តការ​អាស៊ាន ដើម្បី​បង្កើន​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​ និង​ក្នុង​តំបន់។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា៖

«ការ​ធ្វើ​ទស្ស​នកិច្ច​ហ្នឹង​ គឺជំរុញ​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ ជា​ពិសេស​ ផ្នែក​សេដ្ឋកិច្ច​ យើង​អាច​មាន​លទ្ធភាព​ពង្រឹង​បន្ថែម​ ទាក់​ទង​នឹង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​ ជា​ពិសេស​អា​លំហូរ​នៃ​ការ​វិនិយោគ​ហ្នឹង តើ​កម្ពុជា​យើង​អាច​ស្វែង​រក​ឱកាស​វិនិយោគ​ហ្នឹង​យ៉ាង​ណា​ នៅ​ប្រទេស​ភូមា​ ហើយ​ទាក់​ទង​ពាណិជ្ជកម្ម​ប្រហែល​ជា​ពិបាក​នឹង​ជំរុញ​បន្ថែម​ ពីព្រោះ​ថា​ ផលិតផល​នាំ​ចេញ​នៃ​ប្រទេស​ទាំងពីរ​ហ្នឹង​វា​ប្រហាក់​ប្រហែល​គ្នា។ ក៏​ប៉ុន្តែ ​សំខាន់​ជាង​នេះ​ ខ្ញុំ​គិត​ថា ការ​តភ្ជាប់​នៅ​ក្នុង​តំបន់​មេគង្គ​ក៏​ដូច​ជា​ ការ​ពង្រឹង​នូវ​សហគមន៍​អាស៊ាន​ អាហ្នឹង​ទំនាក់ទំង​ទ្វេភាគី​សំខាន់។ ហើយ​និយាយ​ចំ​ទៅ​ កម្ពុជា​ ភូមា ឡាវ​ហ្នឹង​ ជា​ប្រទេស​ក្រីក្រ​ជាង​គេបំផុត​ហើយ​ នៅ​ក្នុង​អាស៊ាន​ ដូច្នេះ​ប្រទេស​ទាំង​បី​ហ្នឹង​គួរ​តែសហការ​គ្នា​បន្ថែម​ទៀត​ ទាក់ទង​ធ្វើ​យ៉ាង​ណា​ឲ្យ​យន្តការ​អាស៊ាន​ហ្នឹង​វា​ជួយ​កាត់​បន្ថយ​នូវ​គម្លាត​នៃ​ការ​អភិវឌ្ឍ​ហ្នឹង​បាទ»។

ប្រទេស​កម្ពុជា​ និង​ភូមា​បាន​រង​ការ​កំណត់​យក​ពន្ធ​ពី​សំណាក់​សហភាពអឺរ៉ុប​លើ​ការ​នាំ​ចូល​អង្កររយៈ​ពេល​បី​ឆ្នាំ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេស​ ដោយ​ចាប់​ផ្តើម​កាល​ពី​ខែ​មករា ​ដើម្បី​ទប់ស្កាត់​អ្វី​ដែល​សហភាព​អឺរ៉ុប​និយាយ​ថា ​ជា​វិធានការ​ការពារ​ផលិតករ​របស់​សហភាព​អឺរ៉ុប​ដូច​ជា ​ប្រទេស​អ៊ីតាលី​ ដែល​ប្រឆាំង​នឹង​ការ​នាំ​ចូល​អង្ករ​ដែល​បាន​កើន​ឡើង។

ជាង​នេះ​ទៅ​ទៀត​ ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជា​ទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​សារ​តែ​កំណត់ត្រា​វិបត្តិ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ទណ្ឌកម្ម​ដែល​អាច​នឹង​កើត​មាន​នេះ​គឺ​ដាច់​ដោយ​ឡែក​ពី​វិធានការ​ការពារ​ទីផ្សារ​អង្ករ​អឺរ៉ុប។

ប្រទេស​ទាំង​ពីរ​ដដែល​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កម្មវិធី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ឈ្មោះ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ» ​ឬ​ហៅ​ថា​ ​EBA ​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ពិភពលោក​អាច​នាំ​ទំនិញ​ភាគច្រើន​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ​គយ។​

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​ (ហ៊ាន សុជាតា/VOA)

លោក ​ឈាង វណ្ណារិទ្ធ បាន​បញ្ជាក់​ទៀត​ថា​ សម្ពាធ​ពី​លោក​ខាង​លិច​មក​លើ​កម្ពុជា​ ​និង​ភូមា​បាន​កំពុង​តែ​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ ងាក​ទៅ​ស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន។

«កម្ពុជា​ និង​ភូមា​ហ្នឹង​ គឺ​ទទួល​រង​ឥទ្ធិពល​ និង​គេ​ហៅ​ថា​ សម្ពាធ​ពី​លោក​ខាង​លិច​ ដូច្នេះ​យើង​ឃើញ​ថា និន្នាការ​នៃ​ប្រទេស​ទាំង​ពីរ​ហ្នឹង​ក៏​ងាក​ទៅ​រក​ចិន​ស្រដៀង​គ្នា​ហ្នឹង​ដែរ។ ​អ៊ីចឹង​ទេ​ នៅ​ក្នុង​សហគមន៍​អាស៊ាន​ ប្រហែល​ជា​ប្រទេស​ដែល​ ដែល​ស្និទ្ធ​ជាមួយ​ចិន​ជាង​គេ​ហ្នឹង​ គឺ​ប្រទេស​ដែល​ក្រី​ក្រ​ជាង​គេ​ក្នុង​អាស៊ាន​ហ្នឹង​តែ​ម្តង​ គឺ​មាន​កម្ពុជា​ ឡាវ​ ភូមា​ហ្នឹង»។​

ដោយ​ឡែក​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​ បាន​លើក​ឡើង​ពី​ការ​តស៊ូ​ខាង​នយោបាយ​របស់​អ្នកស្រី​ស៊ូជី​ដែល​ត្រូវ​យោធា​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​ បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​អស់រយៈពេល​ជាង​មួយ​ទសវត្សរ៍។

លោក​ សម រង្ស៊ី​ បាន​ភ្ជាប់​ករណី​អ្នកស្រី​ស៊ូជី​ជាមួយ​ករណីលោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុងភ្នំពេញ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ជាង​ប្រាំមួយខែ​មក​ហើយ​នោះ។

លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​ បាន​ផ្តល់​ការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​ក្នុង​ន័យ​ដើម​ថា៖

«ដំណើរ​ទស្សនកិច្ច​ លោកស្រី​ អ៊ុង សានស៊ូជី នៅ​កម្ពុជា​សប្តាហ៍​នេះ ធ្វើ​ឲ្យ​សាធារណ​មតិ​ចងចាំ​ថា លោក​ស្រី អ៊ុង សានស៊ូជី ត្រូវ​បាន​របប​ផ្តាច់ការ​ នៅ​ប្រទេស​ភូមា ឃុំឃាំង​ក្នុង​គេហដ្ឋាន​របស់​លោក​ស្រី​ រយៈពេល​សរុប​ ១៤​ឆ្នាំ តែ​លោកស្រី​មិន​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទេ។ ការ​ឃុំឃាំង​ក្នុង​ផ្ទះ​បែប​នេះ ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំង​មូល​ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ស្រី អ៊ុង សាន​ស៊ូជី ឲ្យ​ទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ»។

លោក សម រង្ស៊ី​ បាន​អធិប្បាយ​បន្ថែម​ក្នុងន័យដើម​ថា៖«ឥឡូវ​នេះ​ លោក​កឹម សុខា​ក៏​កំពុង​តែ​ត្រូវ​បាន​របប​ផ្តាច់ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជាង​ ៦​ខែ​មក​ហើយ​ ដូច​លោក​ស្រី អ៊ុង សានស៊ូជី ពី​មុន​អញ្ចឹង​ដែរ។ ដូច្នេះ​ពិភពលោក​ទាំងមូល​ ក៏​ទាមទារ​ឲ្យ​របប​ហ៊ុន សែន ដោះ​លែង​លោក​ កឹម សុខា​ ឲ្យ​ទទួល​បាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ​ ពីព្រោះ​តុលាការ​អាយ៉ង​ទីក្រុង​ភ្នំពេញ​ រក​ភស្តុតាង​ក៏​គ្មាន​សាក្សី​ក៏​គ្មាន​ក្នុង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ មក​លើ​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ»។

យ៉ាង​ណា​ក៏​ដោយ​ តាម​របៀបវារៈ​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​លោក​ស្រីស៊ូជី​នៅ​កម្ពុជា​ បញ្ហា​នយោបាយ​មិន​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​នោះ​ទេ​ ហើយ​ក្រោយ​ការ​ជួប​មេដឹកនាំ​សំខាន់ៗ​របស់​កម្ពុជា​ រួមទាំង​អង្គ​ព្រះមហាក្សត្រ​របស់​ប្រទេស​នេះ​ លោកស្រី ស៊ូជី​ គ្រោង​នឹង​ទៅ​ទស្សនា​ប្រាង្គប្រាសាទ​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​នៅ​ឯ​ខេត្ត​សៀមរាបនៅ​ថ្ងៃ​ពុធ​ស្អែក​នេះ។

លោកស្រី ស៊ូជី​ ក៏​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាម​ជើង​ហោះហើរ​ពិសេស​របស់​លោក​ស្រី​ពី​ទឹក​ដីសៀមរាប​អង្គរ​នៅ​ថ្ងៃ​ពុធ​ដដែល​នោះ។

ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោកស្រី​ ស៊ូជី បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៥ ភាព​ស្រងាក​ចិត្ត​បាន​កើត​មាន​នៅ​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​ចិន​ ​ដោយ​សារ​តែ​ការ​ព្រងើយ​កន្តើយ​របស់​លោកស្រី​ស៊ូជី ទៅ​នឹង​អ្វី​ដែល​គេ​ចោទ​ប្រកាន់​ថា​ ជា​ការ​រើសអើង​ពូជសាសន៍​ផង​ដែរ។

លោក​ស្រីដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្លើង​បំភ្លឺ​ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ ហើយ​ដែល​ត្រូវ​បាន​គេ​ផ្តល់​តួនាទី​ឲ្យ​ក្នុង​ជួរ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៦​ ក្រោយ​ពេល​គណបក្ស​អ្នក​ស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នោះ បន្ត​មិន​មាត់​មិន​ក​អំពី​ប្រធានបទ​រឿង​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ទេ។ លោកស្រី​បាន​ថ្លែង​ការពារ​ក្នុង​បទ​សម្ភាសន៍​កាល​ពី​មុន​មក ដោយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​អំពី​ការ​បោស​សម្អាត​អំបូរ​ជាតិ​សាសន៍

ការ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​របស់​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ ​កើត​មាន​ឡើង​បន្ទាប់​ពី​លោកស្រី​បាន​បញ្ចប់​ទស្សនកិច្ច​ នៅ​រដ្ឋធានី​ប៉េកាំង​ ប្រទេស​ចិន ជា​ទី​ដែល​មាន​ការ​រៀបចំ​វេទិកា​លើក​ទីពីរ​ស្តី​ពី ​«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ចិន» ហៅ​កាត់​ថា BRI៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG