ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អរគុណ​ចិន​ដែល​ជួយ​កម្ពុជា​ពី​ការប្រឈម​នឹង​ការដក EBA


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ចូលរួម​វេទិកា​«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម» នៅ​ទីក្រុង​ប៉េកាំង លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​កំពុង​មាន​ទំនាក់​ទំនង​កាន់​តែ​រឹងមាំ​ជាមួយ​​ចិន​ ស្រប​ពេល​ដែល​ចិន​កំពុង​ផ្តល់​ជំនួយ​ផ្នែក​យោធា​ជិត​៩០​លាន​ដុល្លារ​ដល់​កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម»ជា​លើក​ទី២​នៅ​ប្រទេស​ចិន ដោយ​ប្រកាស​អរគុណ​រដ្ឋាភិបាល​ចិន​ដែល​ជួយ​កម្ពុជា​ពី​ការ​ប្រឈម​ជាមួយ​នឹងការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ផ្នែក​យោធា​ជិត​៩០​លាន​ដុល្លារ​ដល់​កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចូលរួម​វេទិកា«ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម» ​នៅ​ទីក្រុង​ប៉េកាំង​ ដែល​រៀប​ចំ​ដោយ​រដ្ឋាភិបាល​ចិន​ ចាប់​ពី​ថ្ងៃទី​២៥ ខែ​មេសា ដល់​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រោយពី​ការ​ចាកចេញ​ពី​ប្រទេស​ចិន​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ​សារបង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​និង​សហ​ប្រតិបត្តិការ​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ។ លោក​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា កម្ពុជា​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ជា​បណ្តើរៗ​ពី​គោល​នយោបាយ «​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម» តាមរយៈ​ការ​តភ្ជាប់​លើ​គ្រប់​វិស័យ។ លោក​បន្ត​ថា យុទ្ធ​សាស្រ្ត​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម ស្របគ្នា​នឹង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​គោល​នយោបាយ​អំពី​ការលើក​ស្ទួយ​វិស័យ​កសិកម្ម ​ការស្តារ​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត ការ​អភិវឌ្ឍ​ផ្នែក​ឯកជន និង​ការងារ​ ការកសាង​សមត្ថភាព​និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

ក្នុង​សារ​ដដែល​នោះ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​អរគុណ​ភាគី​ចិន​ដែល​បាន​ជួយ​ពាក់ព័ន្ធ​នឹង​គម្រោងដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​បែប​ណា​នោះ​ទេ។​

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖«អរគុណ​ដល់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ដែល​នឹង​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ EBA របស់​សហភាព​អឺរ៉ុប ដែល​ចំណុច​នេះ ឯក​ឧត្ដម​នាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង ក៏​បាន​បញ្ជាក់​ពី​ការ​ខិតខំ​របស់​ឯកឧត្តម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់​មក​ពី​ចូលរួម​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្មចិន​ ជា​លើក​ទី២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA Khmer)

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​«គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ»​ ​(EBA)​ ​ត្រូវ​បាន​សហភាព​អឺរ៉ុប​បង្កើត​ឡើង​កាលពី​ឆ្នាំ២០០១ ​ដោយ​បាន​ផ្តល់​ចំណេញ​ពី​ការ​រួច​ពន្ធ​ទំនិញនាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កម្មករ​ជិត​មួយ​លាន​នាក់​នៅ​កម្ពុជា​ពឹងផ្អែក​លើ​វិស័យ​វាយនភ័ណ្ឌ​និង​ផលិតផល​ផ្សេង​ទៀត​ ​ដែល​រក​ចំណូល​ជាង​៥ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​ ​ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល​ទាំងនេះ​ទៅ​ទីផ្សារ​អឺរ៉ុប។ វិស័យ​ឧស្សាហកម្ម​នេះ​គឺ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​ចំនួន៤​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ​បន្ទាប់​ពី​វិស័យ​កសិកម្ម​ ​សំណង់​និង​ទេសចរណ៍។

សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​ ឆ្នាំ២០១៨ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហ​ភាព​អឺរ៉ុប​ ​ដោយ​សារ​តែ​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​ជា​រឿយៗ​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឬការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​អន្តរជាតិ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ។​

សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ក៏​បាន​ជម្រាប​ប្រធានាធិបតី​ចិន​ថា កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​លក្ខណៈ​ប្រកួត​ប្រជែង ក្នុង​គោល​បំណង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​អ្នក​វិនិយោ​គិន​បរទេស​នៅ​កម្ពុជា។ លោក​ក៏​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ចិន​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជា​បន្ត​ទៀត ជា​ពិសេស​ធ្វើយ៉ាងណា​ឲ្យ​ទីផ្សារ​ចិន​មាន​ការ​បើក​ចំហ​ជាង​មុន​ លើ​ការនាំ​ចូល​ផលិតផល​កសិ​កម្ម​ពី​កម្ពុជា​ផង​ ដើម្បី​រក្សា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

លោក​នាយក​រដ្ឋមន្រ្តី​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាម​ន័យ​ដើម​ថា៖ «ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​នេះ គឺ​ចិន​នឹង​ជំរុញ​ការកសាង​ក្នុង​តំបន់​សេដ្ឋកិច្ច​ដូចជា​ការកសាង​ព្រលាន​យន្តហោះ ផ្លូវ​ល្បឿន​លឿន ជាពិសេស​ក្នុងការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​តាម​គោល​ការណ៍​ដែល​ផ្ដល់​ជូន។ ចិន​នឹង​បន្ត​គាំទ្រ​ជួយ​ដល់​វិស័យ​ការពារជាតិ​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​ក្នុង​ន័យ​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន​បាន​ប្រកាស​ថា ចិន​នឹង​ជួយ​៦០០​លាន​យ័ន​ដល់​វិស័យ​ការពារ​ជាតិ​កម្ពុជា»។

កម្ពុជា​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស្រប​ពេល​ដែល​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​ភាព​រកាំ​រកូស។​

លោក មាស នី អ្នកសិក្សា​ពី​ការ​វិវត្ត​សង្គម​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នា​ពេល​នេះ ​ជា​ការ​បង្ហាញ​អំពី​ការ​ផ្តេក​ផ្តួល​កាន់​តែ​ខ្លាំង​ទៅ​លើប្រទេស​ចិន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​ផ្នែក​យោធា។ លោក​បន្ត​ថា កម្ពុជា​កំពុង​តែ​ដើរ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​និង​ការ​ប្រកាស​ជារឿយៗ​របស់​ខ្លួន​ដែល​ថា កម្ពុជា​ជា​ប្រទេសអព្យាក្រឹត្យ​ មិន​ពឹង​ផ្អែក​លើ​ប្រទេស​ណាមួយ​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖

«ជាការ​ប្រមើរ​មើល​របស់​ខ្ញុំ មក​ដល់​ពេល​នេះ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​គាត់​មាន​ការ​ពិបាក​ក្នុងការ​ដក​ខ្លួន​បន្តិច ព្រោះ​នៅ​ក្នុង​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក ដរាប​ណា​សំឡេង​គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាពប្រណាំង​ប្រជែង​ខ្ពស់ ខ្ញុំ​គិត​ថាការ​ដក​ខ្លួន​ពី​ចិន​គឺ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ហ្នឹង​ត្រូវ​មាន​ការ​លំបាក​ក្នុងការ​រក្សា​ស្ថិរភាព​នយោបាយ​របស់​ខ្លួន​ ដោយ​សារ​យើង​មិន​សូវ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បស្ចិម​ប្រទេស»។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​ចូលរួម​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ រួម​មាន​អនុ​ស្សារណៈ​នៃ​ការយោគ​យល់​គ្នា​ស្តីពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិត និង​ការវិនិយោគ។ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ នៃ​ការជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ។ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ ស្តីពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន​ចូល​ទីផ្សារ​ចិន។ អនុស្សារណៈ​នៃ​ការយោគ​យល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​យុទ្ធសាស្រ្ត​ចតុកោណ​និង​គំនិត​ផ្តួចផ្តើម «ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម»។ផែនការ​សកម្មភាព​ស្តីពី​ការបង្កើត​សហគមន៍​វាសនា​រួម កម្ពុជា-ចិន និង​កិច្ច​ព្រមព្រៀង ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​បច្ចេកទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ៕

XS
SM
MD
LG