ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថ្កោលទោស​ការវាយប្រហារ​គ្រាប់បែក​នៅ​ស្រីលង្កា​និង​ជំរុញ​ឱ្យ​រឹត​បន្តឹង​ការការពារ​សន្តិសុខ​ក្នុង​ស្រុក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

អ្នក​វិភាគ​ការវិវត្ដន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​យល់​ឃើញ​​ថា​ ការ​គ្រប់​គ្រង​អាវុធជាតិ​ផ្ទុះ​ឱ្យ​បាន​ល្អ​គឺ​ផ្តើម​ចេញ​ពី​ការ​គ្រប់គ្រង​បញ្ជី​សារ​ពើ​ភណ្ឌ​នៃ​អាវុធ​យុទ្ធ​ភណ្ឌ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នា​នា។

​នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ចូលរួម​ជា​មួ​យ​មេដឹកនាំ​នៃ​ប្រទេស​នា​នា​លើ​ពិភពលោកប្រកាស​ថ្កោល​ទោស​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​នៅ​ប្រទេស​ស្រី​លង្កា​និង​អំពាវនាវ​ឱ្យ​កង​កម្លាំង​រក្សា​សន្តិសុខ​ក្នុង​ស្រុក​បន្ថែម​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ការវាយ​ប្រហារ​ភេរវកម្ម​ណា​មួយ។

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​របស់​សិស្ស​និសិ្សត​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ ​ហ៊ុន សែនបញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាងម៉ឺងម៉ាត់​ចំពោះ​អំពើ​ភេរវកម្ម​នៅ​ស្រីលង្កាដែល​រហូត​មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​ឡើង​យ៉ាង​គំហុក​រហូត​ដល់​២៩០នាក់ សម្រាប់​តែ​អ្នក​ស្លាប់​ ហើយ​នឹង​អ្នក​ដែល​របួស​ជាង​៥០០នាក់​ទៅ​ទៀត!​ ដែល​នេះ​មិនត្រូវ​មើល​ស្រាល​ ត្រង់ហ្នឹង​ហើយ​ដែល​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ ​តែងតែ​រំឭក​ដាស់​តឿន​ចំពោះ​មន្ត្រី​នគបាល​ មន្ត្រី​អាវុធហត្ថ​ ​ជារួម​កម្លាំង​សម្ថកិច្ច​ដែល​មាន​ភារកិច្ច​ ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​សន្តិសុខ​ជាតិ»។

លោក​ ហ៊ុន សែន​ ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​ផ្នែក​សន្តិសុខ​និង​ការពារ​ចំពោះ​អំពើ​ភេរវកម្ម​ ហើយ​មិន​ឱ្យ​មាន​ការ​បង្កើត​មូលដ្ឋាន​របស់​ក្រុម​ភេរវកម្ម​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ស្ថានភាពក្នុងព្រះវិហារ St Sebastian ដែលត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ស្ថានភាពក្នុងព្រះវិហារ St Sebastian ដែលត្រូវបានរងការបំផ្លិចបំផ្លាញដោយសារការផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដែល​ជាថ្ងៃ​បុណ្យ​ Easter​ នៃ​ក្រុម​អ្នក​កាន់​គ្រិស្ត​សាសនា​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​យ៉ាងហោច​ណាស់​៦គ្រាប់​នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​ស្រីលង្កា។​ ​គិត​ត្រឹម​ថ្ងៃអង្គារ​ ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៣១០​នាក់​ និង​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥០០នាក់​រង​របួស។​ ក្រុម​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្សយ៉ាង​ហោច​ណាស់៤០នាក់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។​ ​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ក្រុម​ ភេរវកម្ម​ណាមួ​យ​ចេញ​មុខ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ឡើយ​ ​ខណៈ​រដ្ឋាភិបាល​ស្រី​លង្កា​ជឿ​ថា ​វា​អាច​ទាក់​ទង​នឹង​បណ្ដាញ​ភេរវកម្ម​អន្តរជាតិ​ណា​មួយ។​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ ​VOA​ ​ទទួល​បាន។

គេ​ជឿ​ថា ​ជន​បរទេស​មួយ​ចំនួន​រួមមាន​ ​ជនជាតិអង់គ្លេស ​ហូឡង់ ​និង​ពលរដ្ឋ​អាមេរិកាំង ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ ​ពី​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​អាទិត្យ។​ ​មេដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ថ្កោល​ទោស​នៃ​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​នេះ។​ ​ក្រសួង​ការបរ​ទេស​កម្ពុជា​កាល​ពីថ្ងៃ​អាទិត្យ​ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ចំពោះ​ការវាយ​ប្រហារ​ ដោយ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​កន្លែង​នេះ​ផង​ដែរ។

កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ​មាន​ការបាញ់​ប្រហារ​យ៉ាង​រង្គាល​មួយ​នៅ​ វិហារ​សាសនា​ឥស្លាមក្នុង​ទីក្រុង​ Christchurch​ ​ប្រទេស​នូវែលសេឡង់​ (New Zealand)​បណ្ដាល​ឱ្យ​ពល​រដ្ឋ​កាន់​សាសនា​ឥស្លាម​៥០​នាក់​ស្លាប់។​ ការ​បាញ់​ប្រហារ​នេះ​បាន​នាំ​ដល់​ការ​បង្កើត​ច្បាប់​និង​ពង្រឹង​ការ​គ្រប់​គ្រង​អាវុធ​ដ៏​តឹងរ៉ឹង​ក្នុង​ប្រទេស​នេះ។​

លោក​ ហ៊ុន សែន​ ​នៅ​ថ្ងៃ​អង្ការ​ក៏​បានអំពាវនាវ​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​និង​មើល​ឱ្យ​បាន​ដិត​ដល់​លើ​បទ​ពិសោធន៍​ពី​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះគ្រាប់​បែក​នៅ​ប្រទេស​ស្រី​លង្កា​និង​បាញ់ប្រហារ​ក្នុង​ប្រទេស​នូវែល​សេឡង់​ ​ហើយ​កម្ពុជា​ត្រូវ​មាន​ការ​គ្រប់​គ្រង​អាវុធជាតិផ្ទុះ​ឱ្យ​បាន​តឹងរ៉ឹង។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣​ទសវត្សរ៍​បាន​ថ្លែង​ថា៖

«អីច៊ឹង​បទ​ពិសោធន៍​នៅ​ស្រីលង្កា​ ​និង​បទ​ពិសោធន៍​នៅ​នូវែល​សេឡង់​ ក៏​ផ្តល់​មេរៀន​កាន់​តែ​ច្រើន​សម្រាប់​កម្ពុជាយើង​ថា​ត្រូវ​បន្តការ​គ្រប់គ្រង​ឱ្យ​បាន​ម៉ត់ច៉ត់​ទៅលើ​ការ​ប្រើប្រាស់​អាវុធ​ជាតិផ្ទុះ។​ សេរីភាព​ហួស​ហេតុ​ទៅ​លើ​ការ​ប្រើប្រាស់អាវុធ​ ប្រើ​ជាតិ​ផ្ទុះ​ គឺមិនមែន​ជា​សេរីភាព​សម្រាប់​សេចក្តី​សុខ​របស់​ប្រជា​ពល​រដ្ឋ​ទេ។ ​ប្រទេស​ខ្លះ​បាញ់​គ្នា​ស្ទើរ​រាល់​ឆ្នាំ​ ​បាញ់​កូន​សិស្ស​ ​បាញ់​លើ​ស្អីៗ​នោះ​ ដោយ​សារតែ​អាវុធ​ហ្នឹង​ ​ប៉ុន្តែ​កម្ពុជា​ ​សុំ​តឹងរ៉ឹង​បន្តិច​ហើយ​ ​ទៅ​លើ​រឿង​អាវុធ​ហ្នឹង»។​

​លោក​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ការវិវត្ដន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ជំរុញ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​សម្រាប់​ការ​វាយ​ប្រហារ​ភេរ​វកម្ម​នា​នា។​ យ៉ាងណា​ក៏​ដោយ​លោក​បញ្ជាក់​ថា​ការ​ពង្រឹង​ការ​គ្រប់​គ្រងអាវុធ​ជាតិ​ផ្ទុះ​ក្នុង​ស្រុក​ ​គួរ​ចាប់​ផ្តើម​ចេញ​ពី​បញ្ជីសារ​ពើ​ភណ្ឌ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​ ​បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រមូល​និង​កម្ទេច​អាវុធ​ដែល​ប្រើប្រាស់​ក្នុង​សង្គ្រាម​ស៊ីវិល​នា​ពេល​កន្លង​មក។​

​អ្នក​វិភាគ​ដដែល​បាន​បន្ត​ថា៖​

​«ដូច្នេះ​ចាំបាច់​បំផុត​ហ្នឹង​គឺ​ការត្រួតត្រា​បញ្ជី​សារពើភណ្ឌ​ អាវុធ​យុទ្ធភណ្ឌ​ដែល​ភ្នាក់ងារ​រដ្ឋ​ គឺ​អង្គការ​រដ្ឋ​ទាំង​អស់ ហើយ​ជាពិសេស​គឺ​ខាង​សន្តិសុខ​ជាតិបាទ!​ ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស​ទាំងអស់​ឱ្យ​វាបាន​ច្បាស់​លាស់។​ ​ហើយ​ក៏​យើង​អាច​ដឹង​ដែរ​ថា​ពី​មុនៗ​មក​គឺ​នៅ​ផ្សារ​ទឹកថ្លា​គឺ​មាន​ការលក់​អាវុធយុទ្ធ​ភណ្ឌ​និង​ឯកសណ្ឋាន​របស់​យោធាផង​ដែរ​ បាទ»។ច្បាប់​ស្តីពី​ ​ការ​គ្រប់គ្រង​អាវុធ​ គ្រឿផ្ទុះ​និងគ្រាប់​រំសេវ​ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​និង​អនុវត្តន៍​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០០៥​ ដើម្បី​រឹត​បន្តឹង​លើ​ការ​ប្រើប្រាស់​ជួញដូរ​និង​រក្សា​ទុក​អាវុធ​ ​គ្រឿង​ផ្ទុះ​និង​គ្រាប់​រំសេវ​ក្នុង​ប្រទេស​កម្ពុជា។​ យ៉ាងណា​ក៏​ដោយ​គេ​សង្កេត​ឃើញ​មាន​ការ​សេចក្តី​រាយការណ៍​ជា​ញឹក​ញយ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​និង​បាញ់​បោះ​ខុសច្បាប់​ផ្សេងៗ​ពី​សំណាក់​កងក​ម្លាំង​ប្រដាក់​អាវុធ៕

XS
SM
MD
LG