ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​អះអាង​ពី​ជ័យ​ជម្នះ​ក្រោយ​​ចេញ​ពី​សហភាព​អឺរ៉ុប ​ដោយ​បាន​ចូលរួម​​កិច្ចព្រមព្រៀង​ CPTPP​​​


នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ លោក Rishi Sunak (កណ្តាល) និង​លោក Grant Shapps រដ្ឋមន្ត្រី​សន្តិសុខ​ថាមពល ទស្សនា​ឧបករណ៍​រូបយន្ត​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​មួយ​កន្លែង​នៅ​ទី​ក្រុង Abingdon ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៣។

ចក្រភព​អង់គ្លេស​នឹង​ចូល​រួម​ជាមួយ​ប្រទេស​១១​ផ្សេង​ទៀត​ នៅក្នុងកិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ និង​ជឿនលឿន​សម្រាប់​ភាព​ជាដៃគូ​អន្តរប៉ាស៊ីហ្វិក (CPTPP)​ដ៏​សំខាន់​មួយ។​ នេះ​បើ​យោងទៅ​លើ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ លោក Rishi Sunak ដែល​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ ដែលជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយបន្ទាប់​ពី​បាន​ចរចា​គ្នា​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​របស់​ប្រទេស​នេះ​ ក្រោយ​ពី​ការ​ចាកចេញ​ពី​សមាជិកភាពរបស់​សហភាព​អឺរ៉ុប​ ឬBrexit​ នោះ។ ​នេះ​បើ​យោង​ទៅ​លើ​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

ចក្រភព​អង់គ្លេស​ នឹង​ក្លាយ​ជា​សមាជិក​ថ្មី​បំផុត​មួយ​ ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​នូវ​កិច្ចព្រមព្រៀងគ្រប់​ជ្រុងជ្រោយ​និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​កាល​ពី​ឆ្នាំ​២០១៨​មក​ និងក្លាយ​ជាប្រទេស​អឺរ៉ុប​ដំបូង​គេ​បង្អស់ ដែល​បាន​ចូល​រួម​នៅ​ក្នុងប្លុកមួយ​នេះ។​

ក្រុមប្រទេសនៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ ​មាន​ប្រជាជន​សរុប​ជាង​៥០០​លាន​នាក់​ និង​តំណាង​ឱ្យផលទុន​សរុប​សាកល GDP ​ចំនួន១៥ភាគរយ​ នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​សមាជិក​ទី​១២​របស់ខ្លួន។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Sunak។ ​

ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និយាយ​ថា​ ​ការ​ទទួលចក្រភព​អង់គ្លេស​ជា​សមាជិក​របស់ប្លុក​ពាណិជ្ជកម្ម​មួយ​នេះ ​កើត​មាន​ឡើង​ បន្ទាប់​ពី​ការ​មានការ​ពិភាក្សា​ចរចាគ្នា​យ៉ាង​តឹង​តែង​មក ដែលបាន​ដាក់ប្រទេស​នេះ​ទៅក្នុង​ក្រុម​ស្នូល​នៃ​ប្រទេស​ដែល​មានសន្ទុះ​សេដ្ឋកិច្ចខ្លាំង​ ហើយ​ក៏​ជា​ភ័ស្តុតាង​មួយ​ដែរ​ សម្រាប់​ប្រទេស​អង់គ្លេស​ក្នុង​ការ «ចាប់​យក​ឱកាសនៃសេរីភាព​ធ្វើ​ពាណិជ្ជកម្ម​ថ្មី​មួយ​របស់​ខ្លួន ​ក្រោយ​ចាកចេញ​ពី​សហភាព​អឺរ៉ុប»។

ការ​វិវត្ត​នេះ​ ​បង្ហាញ​ពី​ការ​សន្យា​ដ៏​សំខាន់​សម្រាប់​អ្នកគាំទ្ររបស់​ប្រទេសអង់គ្លេស លើការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ ដែល​ថា​ ក្រៅ​ពី​សហភាព​អឺរ៉ុប​ចក្រភព​អង់គ្លេស​ក៏​នៅអាច​ចូលរួម​ជា​មួយប្លុក​ពាណិជ្ជកម្ម​ដទៃ​ផ្សេងៗ​ទៀត​ដែរ ដែល​មានសន្ទុះ​សេដ្ឋកិច្ច​កើនលឿន​ឆាប់រហ័ស​ជាងប្លុក​មួយដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន​នោះ។​

ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​វិញ​ អះអាង​ដោយ​លើក​ហេតុផល​ថា​ ការ​ចូលរួម​របស់​អង់គ្លេស​ទៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ថ្មី​មួយ​នេះ ​គឺ​ជា​ការ​តស៊ូ​មួយ​របស់​ខ្លួន​ ដើម្បី​ជួសជុល​សេដ្ឋកិច្ច​ដែល​បានខូចខាត ដោយ​សារ​តែ​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ ដែលសហភាព​អឺរ៉ុប​គឺ​ជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយរបស់​ពិភពលោក​ ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​រួម​មួយ៕​

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG