កាលពីថ្ងៃពុធ មេដឹកនាំសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេសសម្រាប់ក្រោយពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel បានញញឹមក្នុងពិធីចុះហត្ថលេខារបស់ពួកគេលើឯកសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសហប្រតិបត្តិការ ដែលមានកម្រាស់ ១.២៤៦ ទំព័រនេះ។
អ្នកស្រី von der Leyen និយាយថា៖ «វាជាដំណើរដ៏វែងឆ្ងាយមួយ។ ឥឡូវនេះគឺជាពេលដែលយើងត្រូវបិទបញ្ចប់នូវរឿងចាកចេញរបស់អង់គ្លេសនេះហើយ។ អនាគតរបស់យើងត្រូវបានបង្កើតឡើងនៅក្នុង [សហភាព] អឺរ៉ុប»។
ចក្រភពអង់គ្លេសនឹងចាកចេញជាផ្លូវការពីសហភាពអឺរ៉ុបនៅម៉ោង ១១ យប់ ម៉ោងសាកល នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ។ ការចាកចេញនេះនឹងចូលជាធរមាននៅថ្ងៃសុក្រ ទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខ។
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson បានសន្យាកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងធ្វើការដោយជិតស្និទ្ធជាមួយនឹងសហភាពអឺរ៉ុប ក្រោយការចាកចេញជាផ្លូវការនេះ ស្របពេលដែលសមាជិកសភាអង់គ្លេសកំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។
លោកJohnson បានប្រាប់រដ្ឋសភាអង់គ្លេសថា៖ «ជាមួយនឹងច្បាប់នេះ ចក្រភពអង់គ្លេសនឹងក្លាយជាមិត្តជិតខាងរបស់សហភាពអឺរ៉ុប ដែលជាមិត្តនិងជាសម្ព័ន្ធមិត្តដ៏ល្អបំផុតមួយដែលសហភាពអឺរ៉ុបមាន»។
លោកបានបន្តថា រដ្ឋាភិបាលអង់គ្លេសនិងសហភាពអឺរ៉ុបនឹងធ្វើការរួមគ្នាសម្រាប់ «តម្លៃនិងផលប្រយោជន៍រួមរបស់យើង»៕