ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ទោស​អ្នក​សសេរ​ប្លុក​ឲ្យ​ជាប់​ពន្ធនាគារ​បង្ហាញ​ថា​រដ្ឋាភិបាល​វៀតណាម​ធុញ​ទ្រាន់​នឹង​ការរិះគន់​ពី​អំពើ​ស៊ី​សំណូក​ និង​អសមត្ថកិច្ច


អ្នកស្រី Nguyen Ngoc Nhu Quynh (រូប​កណ្តាល) ដែល​ជា​អ្នក​សរសេរ​ប្លុក​ដ៏​ល្បី​មួយ​រូប​ឈរ​នៅ​ចម្លោះ​ប៉ូលិស​នៅ​ក្នុង​សវនាការ​របស់​អ្នកស្រី​នៅ​ក្នុង​ក្រុង Nha Trang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកស្រី Nguyen Ngoc Nhu Quynh (រូប​កណ្តាល) ដែល​ជា​អ្នក​សរសេរ​ប្លុក​ដ៏​ល្បី​មួយ​រូប​ឈរ​នៅ​ចម្លោះ​ប៉ូលិស​នៅ​ក្នុង​សវនាការ​របស់​អ្នកស្រី​នៅ​ក្នុង​ក្រុង Nha Trang ប្រទេស​វៀតណាម កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​ដាក់​ទោស​របស់​តុលាការ​ឧទ្ធរណ៍​​ប្រទេស​វៀត​ណាម​ឲ្យ​អ្នក​សរសេរ​ប្លុក​ (blogger)​ ម្នាក់​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​ ដោយ​សារ​អ្នក​សសេរ​ប្លុក​នោះ​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​បង្ហូរ​សារជាតិ​គីមី​មាន​ជាតិ​ពុល​គឺ​ជា​ការ​បន្ថែម​ទៅ​នឹង​សកម្មភាព​ជា​ច្រើន​ទៀត​ ដែល​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នូវ​ភាព​ក្តៅ​ក្រហាយ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​រិះ​គន់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​អំ​ពី​ការ​ស៊ី​សំណូក​ និង​ភាព​គ្មាន​ប្រសិទ្ធិភាព។​

កាល​ពី​ចុង​ខែវិច្ឆិកា​ សាលា​ឧទ្ធរណ៍​របស់​ប្រទេស​វៀត​ណាម​បាន​តម្កល់​ទោស​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​សម្រាប់​អ្នក​សរសេរ​ប្លុក​ (blogger)​ ម្នាក់​ ឈ្មោះ​ Nguyen Ngoc Nhu Quynh​ ដែល​ប្រើ​ឈ្មោះ​ Mother Mushroom​ ក្នុង​ការ​សសេរ​ប្លុក​របស់​អ្នក​ស្រី។​ អ្នក​ស្រី​ Quynh​ បាន​បង្ហោះ​សារ​ចំនួន​ ១៨​ នៅ​លើ​បណ្តាញ​សង្គម​ Facebook​ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាបនៅ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្តី​ចំនួន​មួយ​ថ្ងៃ​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក​ Trung Nguyen​ ប្រធាន​ដេប៉ាតឺម៉ង់ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ​សង្គមសាស្ត្រ​និង​មនុស្ស​សាស្ត្រទី​ក្រុង​ហូជីមិញ​បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ការ​ដាក់​ទោស​អ្នក​សសេរ​ប្លុក​នេះ​ឲ្យ​ជាប់​ពន្ធ​នា​គារ​ គឺ​មាន​គោល​បំណង​គំរាម​កំហែង​ទៅ​លើ​អ្នក​សសេរ​ប្លុក​ដទៃ​ទៀត។​ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ចង់​បន្លាច​អ្នក​សសេរ​ប្លុក​ដទៃ​ទៀត។ ប្រសិន​បើ​ពួក​គេ​នៅ​តែ​បន្ត​សសេរ​ប្លុក​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ ពួក​គេ​នឹង​ជួប​ប្រទះ​ផលវិបាក​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត»។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា​ ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​យ៉ាង​ហោច​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​មក​នេះ​ បាន​បង្ហាញ​ពី​ភាព​រសើប​របស់​រដ្ឋា​ភិបាល​វៀតណាម​ចំពោះ​ ទស្សនៈ​របស់​សាធារណជន​អំ​ពី​អំ​ពើ​ស៊ី​សំណូក​ និង​បញ្ហា​អសមត្ថភាព​របស់​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​ ការ​រិះ​គន់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ប្រហែល​នៅ​ទី​បំផុត​អាច​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​រូប​ដឹក​នាំ​រដ្ឋាភិបាល​ដែល​ស្អាត​ស្អំ​ជាង​មុន។

ការ​ចាត់​វិធាន​ការ​បំបាត់​ដោយ​មិន​មាន​ការ​ត្រួត​ត្រា

ប្រទេស​វៀត​ណាម​ខ្វះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទៅ​លើ​ការ​ត្រួត​ត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ បើ​ប្រៀប​ធៀប​ទៅ​នឹង​កម្រិត​របស់​ប្រទេស​ចិន​ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​គឺ​ជា​ប្រទេស​កុម្មុយនិស្ត​ដែល​មាន​ការគ្រប់​គ្រង​បែប​ឯក​បក្ស​ក៏​ដោយ។ ខុស​ពី​ប្រទេស​ចិន​ ប្រទេស​វៀតណាម​មិន​បានដាក់​កំហិត​ចំពោះ​វិបសាយ​ណាមួយ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បិទ​បណ្តាញ​ផ្សព្វផ្សាយ​របស់​សង្គម​បរទេស​ ដូច​ជា​បណ្តាញ​សង្គម​ Facebook​ នោះ​ដែរ។

ក៏ប៉ុន្តែ​ អាជ្ញាធរ​ប្រទេស​វៀត​ណាម​តាម​ឃ្លាំ​មើលខ្លឹម​សារ​នៃ​អត្ថបទ​ ឬ​ក៏​សារ​ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិតណា​ដែល​ធ្វើ​ការ​ឃោស​នា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​ទង្វើ​បែប​នេះ​ចាត់​ទុក​ថា​ជា​ការ​បំពាន​ទៅ​លើ​ក្រម​ព្រហ្មទណ្ឌ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ស្នើ​ឲ្យ​មាន​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Cybersecurity)​ ដើម្បី​ផ្តល់​អំណាច​បន្ថែម​ទៀត​ដល់​អាជ្ញាធរ​ក្នុង​ការ​គ្រប់​គ្រង​ទៅ​លើ​ខ្លឹម​សារ​ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់​ និង​សកម្មភាព​នានា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ម្ចាស់​ហាងអ៊ីនធឺណិត​ដែល​មាន​ប្រជាប្រិយភាព​នានា​នៅ​ក្នុង​ប្រទេស​វៀត​ណាម​ ត្រូវ​បាន​តម្រូវ​ឲ្យ​ដំឡើង​កម្មវិធី​តាម​ដាន​សកម្មភាព​ប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ តម្រូវ​ឲ្យ​អតិថិជន​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​ដើម្បី​ឲ្យ​អ្នក​ស៊ើប​អង្កេត​អាច​ពិនិត្យ​បាន។

លោក​ Carl Thayer​ សាស្ត្រាចារ្យ​ឯក​ទេស​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សកល​វិទ្យាល័យ​ New South Wales​ ក្នុង​ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា៖ «ប្រទេស​វៀត​ណាម​កំពុង​តែ​ចាត់​វិធានការ​នា​នា​ និង​អនុម័ត​ច្បាប់​គ្រប់​គ្រង​លើ​សន្តិសុខ​អ៊ីនធឺណិត ហើយ​និង​ដាក់​កំហិត​ទៅ​លើ​ហាង​កាហ្វ​អ៊ីនធឺណិតនានា​ឲ្យ​តាមដាន​ប្រជា​ពលរដ្ឋ។ ដូច្នេះ​ហើយ​ អ្វីៗ​ត្រូវ​បាន​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើង»។

អ្នក​សសេរ​ប្លុក​រក​ឃើញ​រឿង​ដែល​គួរ​ឲ្យ​សង្ស័យ​

អំពើ​ពុក​រលួយ​ និង​ទស្សនៈ​អំពី​បញ្ហា​អសមត្ថភាព​របស់​រដ្ឋាភិបាល​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ប្រជា​ពលរដ្ឋ​វៀត​ណាម​ទូ​ទៅ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពាណិជ្ជកម្ម​នៅ​ទី​ក្រុង​ហូជីមិញ​ម្នាក់។ កិច្ច​សន្យា​ដីធ្លី​ និង​កិច្ច​ព្រម​ព្រៀង​ទិញ​គ្រឿង​ផ្គត់​ផ្គង់​ផ្សេងៗ​ ក៏​ដូច​ជា​ការ​ផាក​ពិន័យ​ចរាចរណ៍​ គឺ​អាច​បង្ក​ឲ្យ​មានអំពើ​ពុក​រលួយ​កើតឡើង​បាន។

អង្គការ​តម្លាភាព​អន្តរជាតិ​ ដែល​ជា​អង្គ​ការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​មួយ​ ដែល​តាម​ដាន​អំពើ​ពុក​រលួយ​ជុំវិញ​ពិភពលោក​ បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​វៀត​ណាម​ជា​ប្រទេស​ទី​ ១១៣​ ដែល​មាន​អំពើ​ពុក​រលួយ​អាក្រក់​បំផុត​ ក្នុង​ចំណោម​ប្រទេស​និង​តំបន់​ចំនួន​ ១៧៦​ ដែល​ខ្លួន​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី​ឆ្នាំ​មុន។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នានាជឿជាក់​ថា​ អ្នក​ស្រី​ Quynh​ បាន​ក្លាយ​ទៅ​ជា​អ្នក​សសេរ​ប្លុក​ដែល​ល្បី​ល្បាញ​ ហើយ​បាន​សសេរ​អំពី​ទស្សនៈ​ទាក់​ទិន​នឹង​រឿង​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​ឲ្យ​បាន​ល្អ​អំពី​បញ្ហាបង្ហូរ​សារធាតុ​គីមី​ដែល​មាន​ជាតិ​ពុល​កាល​ពី​ឆ្នាំ​មុន។

សាកសព​ត្រី​ប្រមាណ​ជាង​ ៨០​ តោន​ ដែល​បាន​អណ្តែត​មក​ទើ​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួនបួន​ នៅ​ភាគ​កណ្តាល​ប្រទេស​វៀត​ណាម​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ឧស្សាហកម្ម​នេសាទ។​ កាល​ពី​ ខែ​មិថុនា​ ក្រុម​ហ៊ុន​តៃ​វ៉ាន់​ឈ្មោះ​ Formosa Ha Tin Steel​ បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហូរ​កាកសំណល់​ឧស្សាហកម្ម​ដែល​មាន​ជាតិ​ពុល​ទៅ​ក្នុង​សមុទ្រ។ ក្រុម​ហ៊ុន​នេះ​បាន​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​ ៥០០​ លាន​ដុល្លា​អាមេរិក​សម្រាប់​ការ​លាង​សម្អាត​សមុទ្រ​ឡើង​វិញ។

លោក​ Thayer ​ បាន​បន្ថែម​ថា​ បើ​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ យ៉ាង​ហោច​ណាស់​មាន​ជន​ជាតិ​វៀតណាម​ ដែល​ជា​អ្នក​សសេរ​ប្លុក​ និង​ជា​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន​១៦​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នក​ខ្លះ​ទៀត​បាន​រិះគន់​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​អំពី​រយៈពេល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បង្ហូរ​សារជាតិ​ពុល​នេះ​ និងអំ​ពី​កម្រិត​នៃ​សំណង​ដែល​ផ្តល់​ដល់​ប្រជា​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ការ​នេសាទ​ត្រី​ក្នុង​តំបន់​ដែល​ត្រូវ​បាន​បំពុល​នេះ។

លោក​ Thayer ​ បាន​ថ្លែង​បន្ត​ថា​ កាល​ពី​ឆ្នាំ​មុន​ អាជ្ញាធរ​ប្រទេស​វៀត​ណាម​បាន​ចាប់​ខ្លួន​អ្នកបញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​ ២១​ នាក់។ អង្កការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Riths Watch)​ ក៏​បាន​កត់​ត្រា​ហេតុការណ៍ចំនួន​ ៣៦​ករណី​ទាក់​ទិន​នឹង​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ចំនួន ដែល​ស្លៀក​ឯក​សណ្ឋាន​ស៊ី​វិល​ វាយ​ដំ​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សសេរ​ប្លុក​នានា​ ដែល​កើត​ឡើង​នៅ​ចន្លោះ​ខែ​មករា​ ឆ្នាំ​២០១៥​ និង​ខែ​មេសា​ឆ្នាំ​ ២០១៧​នេះ។

លោក Trung​ Nguyen​ បាន​និយាយ​ថា​ ហានិភ័យ​នៃ​ការ​ចាប់​ខ្លួន​កំពុង​តែ​កើន​ឡើង​ចំពោះអ្នក​ល្បី​ឈ្មោះ​ខាង​ប្រឆាំង​នឹង​គោល​នយោបាយ​រដ្ឋាភិបាល។

កាល​ពីចុង​ខែ​វិច្ឆិកានេះ​ផង​ដែរ​ តុលាការ​បាន​ដាក់​ទោស​លោក​ Nguyen Van Hoa ​ ដែល​ជា​អ្នក​សសេរ​ប្លុក​ និង​ជា​អ្នក​សារ​ព័ត៌មាន​វ័យ ២២​ឆ្នាំ​ឲ្យ​ជាប់​ពន្ធ​នាគារ​៧ឆ្នាំ​ និង​ជាប់​ការ​ឃុំ​ឃាំងនៅ​ក្នុងផ្ទះ​ចំនួន​៣ឆ្នាំ​បន្ថែម​ទៀត​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ដែល​ថា​ លោក​បានផ្សព្វផ្សាយការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ករណី​អ្នក​សសេរ​ប្លុក​ឈ្មោះ​ Mother Mushroom

អ្នក​ស្រី​ Quynh​ ដែល​មាន​ប្លុក​ខ្លួន​ឯង​ផ្ទាល់​ និង​ដែល​សសេរ​អត្ថបទ​ឲ្យ​គេហទំព័រ​របស់​ពលរដ្ឋ​វៀត​ណាម​នៅ​ក្រៅ​ប្រទេស ជា​រឿយៗ​ ​សសេរ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ «ដែល​ផ្តោត​ទៅ​លើ​ករណី​ស្លាប់​ជា​ច្រើន​របស់​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស​នៅ​ក្នុង​ប្រទេស​វៀត​ណាម»។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អង្គការ​គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក។

សកម្មជន​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ​ ក៏​បាន​សសេរ​អំពី​ការ​រឹប​អូស​ដីធ្លី​ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សេច​ក្តី​ប្រកាស​របស់​ខ្លួន​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ អ្នក​ស្រី​ធ្លាប់ត្រូវ​បាន​គេ​ដាក់​ទោស​ឲ្យ​ជាប់​ឃុំ​ឃាំង​ឲ្យ​នៅ​តែ​ផ្ទះ​រួច​មក​ហើយ។

អ្នក​ស្រី​ Quynh​ បាន​និយាយនៅ​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្តី​ថា​ អ្នក​ស្រី​មិន​មាន​ទោស​ទេ​ ។

តើ​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មែន​ទេ?

លោក​ Dustin Daugherty​ សមាជិក​ជាន់​ខ្ពស់ផ្នែក​ដំណើរការ​បច្ចេក​វិទ្យា​អាជីវកម្មនៃក្រុម​ហ៊ុន​ប្រឹក្សា​អាជីវកម្ម​ Dezan Shira & Associates​ នៅ​ទី​ក្រុង​ហូជីមិញ​ប្រទេស​វៀត​ណាម​ ​បាន​ថ្លែង​ថា​ ជាជាង​ធ្វើ​ការ​ត្រួត​ត្រា​ទៅ​លើ​ប្លុក​ និង​បណ្តាញ​សង្គមឲ្យ​រឹត​តែ​តឹង​រឹង​ឡើង​នោះ​ រដ្ឋាភិបាល​វៀត​ណាម​បាន​បង្ហាញ​សញ្ញាណ​ពី​ការ​ទទួល​យក​ការ​ជំទាស់​ក្នុង​កម្រិត​តិច​តួច។​

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ប្រហែល​ជា​មិន​ដាក់​ទោស​លើ​ការ​រិះ​គន់​ណា​ដែល​ពិត​ប្រាកដ​ ក្នុងន័យ​ស្ថាបនា​ និង​ មិន​ទាក់​ទិន​នឹង​នយោបាយ​ពេក​នោះ​ទេ។​ នៅ​ទី​បំផុត​ អាជ្ញាធរ​ប្រហែល​ជា​ធ្វើ​សកម្មភាព​សម្អាត​អំពើ​ពុក​រលួយ។ វា​ប្រា​កដ​ជា​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​គោល​នយោបាយ​ត្រួត​ត្រា​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ប្រទេស​ចិន។

លោក​ Daugherty​ បាន​ថ្លែង​ថា៖​

«ពួក​គេ​អាច​ព្យាយាម​តាម​ដាន​បណ្តាញ​សង្គម​ Facebook​ ហើយ​ចាប់​ខ្លួន​ពលរដ្ឋ​សម្រាប់​រឿង​តូចតាច​ ក៏​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះគឺមិន​ទំនង​នោះ​ទេ។​ ខ្ញុំ​គិត​ថា​ សម្ពាធ​ទៅ​លើ​ការ​បញ្ចប់​អំពើ​ពុក​រលួយ​នឹង​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ល្អ​ និង​ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា​ពួក​គេ​ធ្វើ​ការ​ងារ​ល្អ​នឹង​ទទួល​បាន​ការ​គោរព​ពី​សាធារណជន៕​

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG