ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បង់ក្លាដែស​ត្រូវ​បាន​គេ​រិះគន់​ទៅ​លើ​ភាព​យឺតយ៉ាវ​ក្នុង​ការ​វែក​មុខ​ឃាតក​សម្លាប់​អ្នក​សរសេរ​ប្លុក


(រូបឯកសារ​) អ្នកសរសេរ​ប្លុក​ជនជាតិ​បង់ក្លាដែស​ ឈ្មោះ​ Shammi Haque បង្ហាញ​ខ្លួននៅ​រដ្ឋាធានី​ដាក្កា​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៥​។ នាង​ គឺជាសកម្មជន​កិច្ចការសង្គម​ និង​ជាអ្នក​សរសេរ​អំពីរឿងស្រ្តី​ និងជំនឿ​ថាគ្មាន​ព្រះ។
(រូបឯកសារ​) អ្នកសរសេរ​ប្លុក​ជនជាតិ​បង់ក្លាដែស​ ឈ្មោះ​ Shammi Haque បង្ហាញ​ខ្លួននៅ​រដ្ឋាធានី​ដាក្កា​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៥​។ នាង​ គឺជាសកម្មជន​កិច្ចការសង្គម​ និង​ជាអ្នក​សរសេរ​អំពីរឿងស្រ្តី​ និងជំនឿ​ថាគ្មាន​ព្រះ។

ពីរ​ឆ្នាំ​បន្ទាប់​ពី​លោក​ Avijit ​Roy​ ត្រូវ​បាន​កាប់​ទាល់​តែ​ស្លាប់​ដោយ​ពួក​ជន​សង្ស័យ​សកម្ម​ប្រយុទ្ធ​ឥស្លាម​នៅ​ក្នុង​ក្រុង​ដាក្កា ​សាច់ញាតិ​ និង​មិត្តភក្តិ​របស់​អ្នក​សរសេរ​ប្លុក​ជនជាតិ​អាមេរិក​ដើម​កំណើត​ បង់ក្លាដែស​ដែល​មិន​ជឿ​លើ​អទិទេព​បាន​និយាយ​ថា​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ល្បឿន​នៃ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​ប៉ូលិស។

ប្រទេស​បង់ក្លាដែស​មិន​ទាន់​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​លើឃាតកម្ម​លោក​ Roy​ ឬ​អ្នក​សរសេរ​ប្លុក ​អ្នក​និពន្ធ​ និង​អ្នក​ផ្សាយ​ដែល​មិន​មាន​សាសនា​រាប់សិប​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ចន្លោះ​ឆ្នាំ​២០១៣ ​និង​២០១៥​ ហើយ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​គំរាមកំហែង​ពី​ក្រុម​ឥស្លាម​នេះ​បាន​បញ្ឈប់​ការ​បោះពុម្ភ​ផ្សាយ​សៀវភៅ​សំខាន់​ពី​សាសនា​ផ្សេងៗ និង​មូលដ្ឋាន​គ្រឹះ​សាសនា​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

«(ក្នុង​ករណី​ឃាតកម្ម​របស់​លោក​ Roy) បើ​ទោះ​បី​ជា​ រយៈពេល​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​ស្ថាប័ន​ [រដ្ឋាភិបាល]​ មិន​ទាន់​បាន​ដាក់​បណ្តឹង​ចោទ​ប្រកាន់​ទៅ​តុលាការ​នៅ​ឡើយ​នោះ​ទេ។

ពួក​គេ​បាន​ពន្យារ​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​យ៉ាងហោច​ណាស់​ចំនួន​១៦​ដង​មក​ហើយ។ មនុស្ស​ចំនួន​ប្រាំបី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្តែ​មិន​មាន​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ពួក​គេ​នោះ​ទេ។

លោក ​Imran ​H.Sarker​ ដែល​ដឹកនាំ​ឱ្យ​បណ្តាញ​សកម្មជន និង​អ្នក​សរសេរ​ប្លុក​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ (Blogger and Online Activist Network) បាន​និយាយ​ថា ឥឡូវ​នេះ​ពួក​គេ​កំពុង​និយាយ​ថា ​ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​បុរស​ប្រាំ​នាក់​ថា​ជា​ឃាតក​ពិត​ ប៉ុន្តែ​បុរស​ទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ រដ្ឋាភិបាល​កំពុង​លាក់បាំង​ឃាតក​ និង​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចាប់​ខ្លួន​ពួកគេ»។

ប៉ូលិស​បង់ក្លាដែស​បាន​និយាយ​ថា ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ក្នុង​តំបន់​ Ansarullah ​Bangla ​Team ​(ABT)​ នៅ​ពី​ក្រោយ​ការ​សម្លាប់​ទាំង​អស់។ ទោះ​យ៉ាងណា​ក៏​ដោយ ​គ្មាន​ឃាតកម្ម​ណា​មួយ​រួម​ទាំង​ឃាតកម្ម​លោក ​Roy​ ផង​នោះ​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន

ប៉ុន្តែ​អគ្គលេខាធិការ​ផ្នែក​អធិការកិច្ចនៃ​នគរបាល​ជាតិ ​(IGP) ​បង់ក្លាដែស លោក AKM Shahidul​ Hoque​ បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ថា​ ប៉ូលិស​កំពុង​ធ្វើ​ការងារ​មិន​ល្អ​លើ​ការ​ស៊ើប​អង្កេត​ករណី​នៃ​ការ​សម្លាប់​អ្នក​សរសេរ​ប្លុក​នេះ​គឺ​មិន​មាន​មូលដ្ឋាន​នោះ​ទេ។

លោក​បាន​និយាយ​ថា​ ប៉ូលិស​នឹង​ដាក់​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​ករណី​នៃ​ការ​សម្លាប់​លោក​ Roy ​ក្នុង​ពេល ​«ឆាប់ៗ» ​នេះ។

លោក​ Hasanul ​Haq ​Inu​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បង់ក្លាដែស​បាន​ឱ្យ​ដឹង​ថា​ការ​ស៊ើប​អង្កេត​នានា​ទៅ​លើ​ការ​សម្លាប់​អ្នក​សរសេរ​ប្លុក​ទាំងអស់​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​ល្អ។

លោក​ Inu​ ប្រាប់​ VOA ថា៖ «ការ​ធ្វើការ​របស់​ប៉ូលិស​របស់​យើង​គឺ​អាច​សរសើរ​បាន​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ទាំងអស់​ទៅ​លើ​ឃាតកម្ម​អ្នក​សរសេរ​ប្លុក​ទាំងអស់​គ្នា។ យើង​ជិត​ដោះ​ស្រាយ​ករណី​ទាំង​នោះ​បាន​អស់​ហើយ។ នៅ​ក្នុង​ករណី​ លោក Avijit​ យើង​បាន​ដឹង​ទី​តាំង​ឃាតក​រួច​ទៅ​ហើយ»។

«ក្រុម​ដែល​គេ​ហៅ​ថា​ ក្រុម​ឥស្លាម​ជ្រុល​និយម​មិន​ទាន់​ស្ថិត​ក្នុង​លទ្ធភាព​ដែល​អាច​ប្រព្រឹត្ត​អំពើ​ហិង្សា​ណា​មួយ​នោះ​ឡើយ។ យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​អព្យាក្រិត​រួចរាល់​ហើយ​»។​

ការ​ភ័យខ្លាច​កើត​ចេញ​ពី​ការ​បោះពុម្ព​ផ្សាយ

ជា​ច្រើន​ខែ​បន្ទាប់​ពី​លោក​ Roy ​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ ​២០១៥​ លោក​ Faisal​ Arefin​ Dipan​ ដែល​ជា​អ្នក​បោះ​ពុម្ព​ផ្សាយ​របស់​លោក Roy ​ម្នាក់​ត្រូវ​បាន​គេ​កាប់​ឲ្យ​ស្លាប់​ដែរ​នៅ​ក្នុង​ក្រុង​ដាក្កា។

លោក ​Robin ​Ahsan ​ ចាងហ្វាង​រោងពុម្ព ​Shrabon ​Prokashoni​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ដាក្កា ​និង​ដែល​បាន​ចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍​សៀវភៅ​ជាតិ​នៅ​ក្នុង​ទី​ក្រុង​ដាក្កា​បាន​និយាយ​ថា៖ «ការ​សម្លាប់​អ្នក​និពន្ធ​ និង​ចាងហ្វាង​ផ្សាយ​របស់​លោក​ Roy បាន​បង្ក​ឱ្យ​មាន​បរិយាកាសភ័យខ្លាច​ខ្លាំង​នៅ​ក្នុង​សង្គម។ ហើយ​ការ​ភ័យខ្លាច​នោះ​មាន​ឥទ្ធិពល​ខ្លាំង​លើ​ឧស្សាហកម្ម​បោះ​ពុម្ពផ្សាយ​នៅ​ក្នុង​ប្រទេស​នេះ»។

ជាង​មួយ​ទសវត្សរ៍​កន្លង​ផុត​ទៅ អ្នក​និពន្ធ​បង់ក្លាដែស​មួយ​ចំនួន​ដែល​បាន​ធ្វើ​បទ​បង្ហាញ​របស់​ពួក​គេ​ប្រឆាំង​នឹង​សាសនា​ឥស្លាម​ និង​ការ​ជឿ​លើ​សាសនា​ផ្សេង​ទៀត​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «អ្នក​សរសេរ​ប្លុក​មិន​ជឿ​សាសនា»។

អ្នក​សរសេរ​ប្លុក ​លោក​ Mohiuddin ​Sharif​ ដែល​ប្រឈម​នឹង​ការ​គំរាមកំហែង​អាយុ​ជីវិត​និង​បាន​ចាកចេញ​ពី​ប្រទេស​បង់ក្លាដែស​ក្នុង​ឆ្នាំ២០១៥ ​បាន​ឱ្យ​ដឹង​ថា​ អត្ថបទ​ថ្មីៗ​ដែល​សរសេរ​ស៊ី​ជម្រៅ​អំពី​សាសនា​ សង្គម​ និង​រដ្ឋ​បាន​បាត់បង់​នៅ​ក្នុង​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាគ​ច្រើន​ដោយសារ​រដ្ឋាភិបាល​បាន​ប្រកាន់​យក​ «ជំហរ​ទន់​ភ្លន់ »​ ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នេះ។

លោក​ Sharif​ ដែល​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អាស៊ី​ខាង​ត្បូង​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​ បាន​និយាយ​ថា៖ «នៅ​ពេល​ក្រុម​រដ្ឋ​ឥស្លាម​បាន​ចាប់​ផ្តើម​ផ្តោត​គោល​ដៅ​លើ​អ្នក​សរសេរ​ប្លុក ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​សុវត្ថិភាព​ដល់​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ រដ្ឋាភិបាល​បែរ​ជា​ស្តី​បន្ទោស​ពួក​គេ​ដែល​បណ្ដោយឲ្យខ្លួន​ឯង​សរសេរ​អត្ថបទ​ដែល​នាំ​ឲ្យ​មាន​រឿង។

អ្នក​សរសេរ​ប្លុក​បាន​កត់​សម្គាល់​ថា​ ក្នុង​ពេល​កន្លង​មក​ សៀវភៅ​ជា​ច្រើន​សរសេរ​ដោយ​អ្នក​និពន្ធ​ដែល​មិន​ជឿ​សាសនា​ជា​ច្រើន​ធ្លាប់​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​អំឡុង​ពេល​ពិព័រណ៍​សៀវភៅ​ក្រុង​ដាក្កា​ប្រចាំ​ឆ្នាំ។​

លោក​បាន​និយាយ​ថា៖«ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​មិន​មាន​សៀវភៅ​សូម្បី​តែ​មួយ​ក្បាល​អំពី​ការ​គិត​ដោយ​សេរី​ ត្រូវ​បាន​គេ​បោះ​ពុម្ព​ក្នុង​ការ​ពិព័រណ៍​នេះ។ គ្មាន​តូប​ក្នុង​ពិធី​តាំង​ពិព័រណ៍​ណា​មួយ​ដាក់​បង្ហាញ​សូម្បី​តែ​សៀវភៅ​ចាស់​ណា​មួយ​របស់​លោក ​Avijit​ Roy​ នៅ​ឆ្នាំ​នេះ» ។

ច្បាប់​សារគមនាគមន៍

អ្នក​សរសេរ​ប្លុក អ្នក​និពន្ធ និង​អ្នក​បោះពុម្ព​ផ្សាយ​និយាយ​ថា ជាមួយ​នឹង​ការ​គំរាម​កំហែង​ពី​ក្រុម​ឥស្លាម​និយម ​ មាត្រា៥៧​នៃ​ច្បាប់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ ឬ Information ​and​ Communications ​Technology ​(ICT) ​Act​ របស់​ប្រទេស​បង់ក្លាដែស​គឺ​ជា​កត្តា​មួយ​រួម​ចំណែក​ក្នុង​ការ​បាត់បង់​ការ​សរសេរ​ស៊ីជម្រៅ​អំពី​សាសនា​ រដ្ឋាភិបាល ​និង​សង្គម។

នៅ​ក្រោម​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ មនុស្ស​ម្នាក់​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ​សម្រាប់​ការ​ «ប៉ះពាល់​ដល់​ជំនឿ​សាសនា»​ និង​ «ការ​ផ្សាយ​ព័ត៌មាន​បរិហាកេរ្តិ៍ ឬ​ក្លែងក្លាយ​ ឬ​មិន​ច្បាស់លាស់​ក្នុង​ទម្រង់​អេឡិចត្រូនិច» ​ឬ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​ «មាន​ការ​រើស​អើង​នៃ​កិត្តិនាម​រដ្ឋ ​ឬ​បុគ្គល​ណា​ម្នាក់»។​

លោក​ Mahbub​ Leelen ​សហស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព ​Shuddhashar​ Publishing​ ដែល​បាន​បោះពុម្ភ​សៀវភៅ​ជា​ច្រើន​សរសេរ​ដោយ​លោក​ Avijit ​Roy​ បាន​និយាយ​ថា​ដោយ​ប្រើប្រាស់​ច្បាប់ ​«ដ៏​សាហាវ​មួយ​នេះ» ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​អ្នក​និពន្ធ ​និង​ចាងហ្វាង​បោះពុម្ព​ផ្សាយ។

លោក​ Leelen ​ដែល​បាន​គេច​ខ្លួន​ទៅ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៥​ តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​លោក ​Ahmedur​ Rashid Chowdhury Tutul ដែល​ជា​ចាងហ្វាង​រួម ​នៅ​រោងពុម្ព Shuddhashar ត្រូវ​បាន​ជន​សង្ស័យ​ឥស្លាម​និយម​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ដាក្កា​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ ​«ច្បាប់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ​និង​សេចក្តី​ថ្លែង​ការណ៍​ពាក់ព័ន្ធ​ផ្សេង​ទៀត​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ផ្ទាល់​ទៅ​លើ​ទស្សនៈ​របស់​ក្រុម​អ្នក​ជឿ​សាសនា​ទាមទារ។ ក្នុងនាមជាបុគ្គល​ អ្នកនិពន្ធ​ ឬចាង​ហ្វាង​បោះពុម្ព​ផ្សាយមិន​មាន​សមត្ថភាពប្រយុទ្ធ​ប្រឆាំង​នឹង​កម្លាំង​រួបរួម​របស់​អ្នក​ប្រកាន់​ខ្ជាប់​សាសនា​ និង​រដ្ឋាភិបាល​នោះ​ទេ»។

រោងពុម្ព​ Shuddhashar ​ត្រូវ​បាន​បិទ​នៅ​ទី​ក្រុង​ដាក្កា​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ ហើយ​លោក ​Leelen​ និង​ លោក Tutul ​ ដែល​រស់​នៅ​ក្នុង​ប្រទេស​ន័រវែស​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​ដើម្បី​រៀបចំ​រោង​បោះពុម្ភ​ផ្សាយ​នៅ​បរទេស​ ជាមួយ​នឹង​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​អេឡិចត្រូនិច​មួយ​ចំនួន៕

ប្រែ​សម្រួល​ដោយ​ ផន ​បុប្ផា

XS
SM
MD
LG