ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ផ្តល់​សក្ខីកម្ម​អំពី​ការដក​ទ័ព​​អាមេរិក​ចេញពី​​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមហោស្រព Queen ក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (Photo by Mark Makela / GETTY IMAGES NORTH AMERICA / AFP)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មាន​គម្រោង​នឹង​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ចន្ទនេះ​ នៅ​ចំពោះមុខ​គណៈកម្មការ​សភា​ដែល​ពិនិត្យមើល​ការដក​កងទ័ព​ប្រកប​ដោយ​ភាព​ចលាច័ល​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​បាន​បញ្ចប់​សង្គ្រាម​២ទសវត្សរ៍​របស់​ខ្លួនដែល​ជា​រយៈពេល​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

ពួក​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំង​និង​សហការី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​វាយ​ប្រហារទៅ​លើ​ចំណាត់​ការ​របស់​លោក​ ចំពោះ​ការដក​កងទ័ព​អាមេរិក ពលរដ្ឋ​អាមេរិក​និងពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ ដែល​បាន​ធ្វើការ​ឲ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​ជា​អ្នក​បកប្រែ​ភាសា​និង​ទីប្រឹក្សា​ក្នុង​អំឡុង​នៃ​សង្គ្រាម​នោះ។

ការរិះគន់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ពិសេស​បន្ទាប់ពី​ទាហាន​សហរដ្ឋ​អាមេរិក​ចំនួន​១៣នាក់ បាន​ស្លាប់​នៅ​ក្នុង​ការវាយប្រហារ​គ្រាប់​បែក​អត្តឃាត​មួយ​នៅឯ​ចំណត​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុនការបិទ​បញ្ចប់​ការដក​កងទ័ព​អាមេរិក​នោះ។ ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan ជា​ក្រុម​ភេរវកម្ម​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា ​បាន​ប្រកាស​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​នោះ។

លោក Blinken ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃចន្ទ​ នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា។ លោក​ក៏​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​អង្គារ ​នៅ​ចំពោះ​មុខគណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​ដែរ។

ការស្ទង់​មតិ​ជាតិ​របស់​អ្នក​បោះឆ្នោត​អាមេរិក បង្ហាញ​នូវ​ការគាំទ្រ​ដល់​ការសម្រេច​របស់​លោក​ប្រធានាធិបតីBidenដើម្បី​បញ្ចប់​អ្វី​ដែល​លោក​ប្រធានាធិបតី បាន​ហៅ​ថា «សង្គ្រាម​ជារៀង​រហូត»នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក៏ប៉ុន្តែ មិន​មែន​របៀប​នៃ​ការដក​កងទ័ព​នោះ​ទេ។

លោក Blinkenដែល​ជា​អ្នក​ការទូតកំពូល​សហរដ្ឋ​អាមេរិក ទំនង​ជា​ប្រឈម​សំណួរ​ដ៏​តឹង​តែង​ អំពី​ថា​តើ​ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​ មិន​ចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​បាន​ឆាប់​រហ័ស​ជាង​នេះ​ ជាពិសេស​ចាប់តាំង​ពី​លោក​ប្រធានាធិបតី Biden បាន​ប្រកាស​គោលបំណងរបស់​លោក​កាលពី​ខែ​មេសា​ដើម្បី​គោរព​កិច្ចព្រមព្រៀង​របស់​អតីត​ប្រធានាធិបតី Donald Trump ជាមួយ​ក្រុម​តាលីបង់​ដើម្បី​បញ្ចប់​សង្គ្រាម​និង​ការដក​កងទ័ព​សហរដ្ឋ​អាមេរិកនោះ​។

ពួក​សមាជិក​សភា​ក៏​បាន​វាយ​ប្រហារ​ទៅ​លើការប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ​ចំពោះ​បរាជ័យ​ក្នុង​ការព្យាករណ៍​ពីការដណ្តើម​កាន់​អំណាច​ដ៏​ឆាប់​រហ័ស​ដោយ​ក្រុម​តាលីបង់​ និង​ការដួលរលំរបស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដោយ​ប្រធានាធិបតី Ashraf Ghani បាន​រត់គេច​ខ្លួន​ភ្លាមៗ​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាត​ អារ៉ាប់​រួម៕

XS
SM
MD
LG