រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធបានជំរុញឲ្យក្រុមតាលីបង់អនុញ្ញាតឲ្យយន្តហោះឈ្នួលដឹកអ្នកដំណើរចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលមានសេចក្តីរាយការណ៍ថា យន្តហោះដែលដឹកពលរដ្ឋអាមេរិកាំងនិងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះទាំងនោះ បានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Mazar-i-Sharif។
ក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas នៅឯមូលដ្ឋានទ័ពអាកាស Maas ក្នុងប្រទេសអាល្លឺម៉ង់ លោក Blinken បានថ្លែងថា «នៅពេលឥឡូវនេះ ក្រុមតាលីបង់មិនអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរចាកចេញទេ។ ពួកគេអះអាងថា អ្នកដំណើរខ្លះមិនមានឯកសារ»។
លោកមានប្រសាសន៍ទៀតថា «ចំណុចសំខាន់គឺថា យន្តហោះដឹកអ្នកដំណើទាំងនោះចាំបាច់ត្រូវអាចចាកចេញបាន។ ហើយយើងនឹងធ្វើការរាល់ថ្ងៃដើម្បីធ្វើឲ្យប្រាកដថា យន្តហោះទាំងនោះអាចចាកចេញ»។
មានសេចក្តីរាយការណ៍ថាពលរដ្ឋអាមេរិកាំងនិងពលរដ្ឋអាហ្វហ្គានីស្ថានដែលមានហានិភ័យបានជាប់គាំងនៅអាកាសយានដ្ឋានអន្តរជាតិ Mazar-i-Sharif នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយអ្នករៀបចំជើងយន្តហោះខ្លះបានចោទប្រកាន់ថា ក្រសួងការបរទេសស.រ.អា.មិនបានខិតខំគ្រប់គ្រាន់ដើម្បីសម្រួលការចេញដំណើររបស់យន្តហោះទាំងនោះ។
សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Richard Blumenthal បាននិយាយក្នុងសារតាម Twitter ថា «ខ្ញុំរកាំចិត្ត ថែមទាំងខឹងសម្បារខ្លាំងចំពោះការពន្យារពេល និងការមិនចាត់វិធានការរបស់រដ្ឋាភិបាលយើង។ មានការទទួលខុសត្រូវជាច្រើនខាងការិយាធិបតេយ្យដែលមិនអាចដោះសារបាន ដែលបានធ្វើឲ្យសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានជាច្រើនជាប់នៅទីនោះ»។
នៅសេតវិមាន នៅពេលដែលគេសួរថា តើសហរដ្ឋអាមេរិកអាចគាបសង្កត់ឲ្យក្រុមតាលីបង់អនុញ្ញាតថែមទៀតទេ ក្រុមមន្ត្រីសារភាពថា មានកម្រិត។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតកាលពីថ្ងៃពុធថា «យើងមិនមានតួនាទីក្នុងការរារាំងមិនឱ្យយន្តហោះចាកចេញទេ។ យើងមិនបានស្ថិតនៅទីនោះទេ»។
ក៏ប៉ុន្តែលោកស្រីបាននិយាយថា យន្តហោះមួយចំនួនអាចមានជនជាតិអាមេរិកាំង រួមជាមួយមនុស្សរាប់រយនាក់ផ្សេងទៀតដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ឬពិនិត្យ ហើយមានបញ្ហាដ៏សំខាន់ថា តើពួកគេនឹងចុះនៅទីណា៕