ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់​រៀបចំ​កិច្ច​ពិភាក្សា​ស្តីពី​អាហ្វហ្គានីស្ថាន


រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​លោក ​Antony Blinken ចាកចេញពី​ទីក្រុង​ដូហា។ (Reuters)

រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​លោក ​Antony Blinken ​និង​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​លោក​Heiko Maas ​កំពុង​រៀបចំ​កិច្ច​ពិភាក្សា​នៅថ្ងៃ​ពុធ​ជាមួយ​ក្រុម​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​រួមទាំង​កិច្ច​ខិតខំ​បន្ត​លំហូរ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រទេស​នេះ​បន្ទាប់​ពីក្រុម​តាលីបង់​បាន​កាន់កាប់។​

មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ម្នាក់​បាន​និយាយ​នៅ​មុន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​នោះ​ថា​ប្រធាន​បទ​មួយ​នៃ​ការ​ពិភាក្សា​នោះ​គឺ​ថា​ ​តើ​ពួក​តាលីបង់​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ និង​ដូច​ការ​រំពឹងទុក​របស់​សហគមន៍​អន្តរជាតិ​ឬ​ទេ។​

មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​ លោក ​Blinken​ អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​ប្រទេស​កាតា​បាន​និយាយ​សង្កត់ធ្ងន់​ថា​ សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ដទៃ​ទៀត​កំពុង​អំពាវនាវ​ឱ្យ​ពួក​តាលីបង់​ធ្វើតាម​ការ​សន្យាដែល​ថា ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដែល​មាន​ឯកសារ​ធ្វើ​ដំណើរ​ត្រឹមត្រូវ​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ​បើ​ពួក​គេ​ចង់​ចេញ។​

បញ្ហា​នេះ​ជា​ការ​ផ្តោត​អារម្មណ៍​ចាប់តាំង​ពី​សហ​រដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នៅចុង​ខែ​សីហា​ដោយ​បញ្ចប់​វត្តមាន​យោធា​រយៈ​ពេល​ពីរ​ទសវត្សរ៍​និង​កិច្ច​ប្រឹងប្រែង​ចុងក្រោយ​ដើម្បី​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​ប្រទេស​នោះ។​ មនុស្ស​ជាច្រើន​ដែល​ចង់ចាក​ចេញ​មិន​អាច​ចេញ​បាន​ទេ​មុន​ពេល​កងទ័ព​អាមេរិក​ដក​ខ្លួន​ចេញ។​

ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា​កិច្ច​ប្រជុំ​នៅថ្ងៃ​ពុធ​នេះ​ក៏​ទំនង​ជា​នឹង​មាន​ការ​ពិភាក្សា​ផងដែរ​អំពី​បញ្ហា​ប្រឆាំង​ភេរវកម្ម​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG