ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken បាន​ជួប​ប្រធានាធិបតី​បារាំង​ដើម្បី​ស្តារ​សម្ព័ន្ធភាព​ឆ្លងកាត់​មហា​សមុទ្រ​អាត្លង់ទិក​ឡើងវិញ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ស្តាំ) ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian (មិន​នៅ​ក្នុង​រូប) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ស្តាំ) ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian (មិន​នៅ​ក្នុង​រូប) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ពិភាក្សា​វិស័យ​សំខាន់​ៗ​នៃ​កិច្ចសហប្រតិបត្តិការ​កាលពី​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​លោក Blinken បំពេញ​ទស្សនកិច្ច​ទីក្រុង​ប៉ារីស​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​២ ​បន្ទាប់ពី​ជម្លោះ​អំពី​ភាព​ជា​ដៃគូ​នៃ​សន្តិសុខ​ក្នុង​ចំណោម​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស​និង​ប្រទេស​អូស្ត្រាលី។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ជំនួប​ដែល​មិន​មាន​នៅ​ក្នុង​កម្មវិធី​សាធារណៈ​របស់​លោក Blinken មាន​រយៈពេល​៤០នាទី ហើយ​រួមមាន​ការពិភាក្សា​អំពី​គម្រោង​រួម​គ្នា​ដែល​ភាគី​ទាំង២ អាច​ប្រកាស​នៅ​ចុង​ខែ​នេះ​នៅពេល​ដែល​លោក​ប្រធានាធិបតី Macron និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួបគ្នា។

លោក Blinken បាន​ធ្វើ​ការចរចា​កាលពី​ព្រឹកថ្ងៃ​អង្គារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​បារាំង​លោក Emmanuel Bonne។ អ្នក​ការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រូប​នេះ ក៏​នឹង​ត្រូវ​ធ្វើ​ជា​ប្រធាន​ជំនួប​នៃ​ក្រុមប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ផង​ដែរ ​ហើយលោក​នឹងថ្លែង​សុន្ទរកថា។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ អំពី​កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​មួយ​ជាមួយ​ប្រទេស​អូស្ត្រាលី ​និង​ចក្រភព​អង់គ្លេស។ នៅ​ក្រោម​កិច្ចព្រមព្រៀង​នោះ ប្រទេស​អូស្ត្រាលី នឹង​ទទួល​បាន​នាវា​មុជ​ទឹក​ដែល​ប្រើ​ថាមពល​នុយក្លេអ៊ែរ​យ៉ាង​តិច​៨​គ្រឿង​ដែល​ត្រូវ​សាងសង់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក។ កិច្ចព្រមព្រៀង​នោះ បាន​កើត​មាន​ឡើង បន្ទាប់ពី​អូស្ត្រា​លី បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ដំបូង​ជាមួយ​បារាំង​ដើម្បី​ផលិត​នាវា​មុជទឹក​ដែល​ប្រើ​ប្រេង​មាស៊ូត​ ហើយ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ខឹង​សម្បារ។

បារាំង​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​ ​ឲ្យ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​បារាំង​វិញ​នៅ​ក្នុង​រយៈពេល​២ថ្ងៃ​ បន្ទាប់ពី​ការប្រកាសនោះ។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Le Drian បាន​ប្រកាស​ថា មាន«វិបត្តិ​នៃ​ការមិនទុក​ចិត្ត​គ្នា​»នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

បន្ទាប់ពី​ការនិយាយ​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី Biden និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​ទី២២ ខែ​កញ្ញា ​ដែល​បាន​ស្វះស្វែង​បន្ថយ​ការតានតឹង​ដោយសារ​កិច្ចព្រមព្រៀង​នាវាមុជទឹក​នេះ ភាគី​ទាំង​២ បាន​សម្រេច​ឲ្យ​មាន​ដំណើរការ​នៃ​ការពិគ្រោះគ្នា​ដ៏​ស៊ី​ជម្រៅ​ដើម្បី​ឲ្យមាន​ការទុកចិត្ត​គ្នា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG