រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដែលជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសបារាំង បន្ទាប់ពីភាពជាដៃគូនៃសន្តិសុខត្រីភាគីដែលហៅថា AUKUS ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើឲ្យមានទំនាក់ទំនងតានតឹងរវាងសម្ព័ន្ធមិត្តនៅត្រើយម្ខាងទៀតនៅមហាសមុទ្រអាត្លង់ទិកនេះ។
ពួកអ្នកជំនាញបាននិយាយថា ពួកគេរំពឹងថា លោក Blinken ដែលមានចំណងទាក់ទងផ្ទាល់ខ្លួនយ៉ាងខ្លាំងជាមួយប្រទេសបារាំង នឹងប្រើប្រាស់ទស្សនកិច្ចនេះ ដើម្បីព្យាយាមធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបារាំងល្អប្រសើរឡើងវិញ។
អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ នឹងធ្វើជាប្រធាននៃជំនួបក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រីរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដែលមានគម្រោងធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា និងរំលឹកខួបលើកទី៦០នៃការបង្កើតអង្គការនេះ។
លោក Blinken នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian នៅក្នុងទីក្រុងប៉ារីស។ បារាំង មានគម្រោងធ្វើជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា «លោករដ្ឋមន្ត្រីការបរទេស Blinken ក៏នឹងជួបជាមួយសមភាគីបារាំងដើម្បីបន្តការពិភាក្សាស្តីពីការពង្រឹងទំនាក់ទំនងដ៏សំខាន់រវាងសហរដ្ឋអាមេរិក ស្តីពីបញ្ហានានារួមទាំងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក វិបត្តិបរិស្ថាន ការងើបឡើងវិញនូវសេដ្ឋកិច្ចចេញពីការរាតត្បាតនៃជំងឺកូវីដ១៩ ទំនាក់ទំនងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកឱកាសសម្រាប់សាកលលោក»៕