ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​បារាំង ជំរុញ​ឲ្យ​អឺរ៉ុប«គិត​ឲ្យ​បាន​​ហ្មត់ចត់»អំពី​សម្ព័ន្ធភាព


រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ខាងក្រៅ​សម័យ​ប្រជុំ​លើក​ទី៧៦ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian ដែល​កំពុងស្ថិត​នៅ​ក្នុង​បូរី​ញូយ៉ក​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំរបស់​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ដល់​អឺរ៉ុប​ឲ្យ«គិត​ឲ្យ​បាន​ហ្មត់ចត់»អំពី​សម្ព័ន្ធភាព ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉ារីស មាន​ការខឹងសម្បារ​អំពី​ការបាត់បង់​កិច្ចសន្យា​នាវា​មុជទឹក​ជាមួយ​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ បាន​និយាយ​នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា «បញ្ហា​ទី១ គឺ​ការ​បាត់​បង់​ទំនុកចិត្ត​រវាង​សម្ព័ន្ធមិត្ត»។ លោក​បាន​អំពាវនាវ​ដល់«អឺរ៉ុប​ឲ្យគិត​ឲ្យបាន​ហ្មត់ចត់»។

លោក Le Drian បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការក្បត់ ​និង​ចោទ​ប្រទេសអូស្ត្រាលី​ពីការ​រំលោភលើ​សេចក្តី​ទុកចិត្ត​ ហើយ​លោកមិន​មាន​ជំនួប​ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​នោះ​ទេ។

លោក​ បាន​រិះគន់​ម្តងទៀត​ទៅ​លើ​«សេចក្តី​ប្រកាស»​ដែល​បាន​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ អំពី​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​ថ្មី​ជាមួយ​អូស្ត្រាលី​និង​ចក្រភព​អង់គ្លេស​ដែល​បាន​ធ្វើ​ឲ្យ​បរាជ័យ​នូវ​ការលក់​នាវា​មុជទឹក​បារាំង​ទៅឲ្យប្រទេស​អូស្ត្រាលី​នោះ។

លោក La Drian បាន​បន្ថែម​ថា សម្ព័ន្ធភាព​រវាង​បារាំង​និង​សហរដ្ឋ​អាមេរិក ​គឺ​«តម្លាភាព» «ការពន្យល់»និង «ការពិភាក្សា​គ្នា​ទៅវិញ​ទៅមក»។

លោក បាន​និយាយ​ទៀត​ថា «ចំណុច​ទាំង​នេះ​ដែល​តម្រូវ​ឲ្យ​មាន​ការបញ្ជាក់​ឲ្យ​ច្បាស់​នៅ​ថ្ងៃ​នេះ»។

លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង ក៏បាន​រិះគន់​ទៅ​លើ​«ការតម្រង់​នៃ​ការប្រឈម​មុខ» របស់​អាមេរិកចំពោះ​ប្រទេស​ចិន​ ហើយ​បាន​និយាយ​ថា លោក​មាន​ការស្តាយក្រោយ​ដែល​អឺរ៉ុប​ ត្រូវ​បាន​គេផាត់ចេញពី​យុទ្ធសាស្រ្ត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​ក្រុង​វ់ាស៊ីនតោន​នោះ។

លោក Le Drian មាន​គម្រោង​ថា​ នឹង​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Blinken ​នៅ​ថ្ងៃ​ពុធ​នេះ ​ក្នុង​អំឡុងពេល​នៃ​ការពិភាក្សា​អំពី​ប្រទេស​អ៊ីរ៉ង់​ ខណៈពេល​ដែល​មានការខំប្រឹងប្រែង​ចុង​ក្រោយ​ដើម្បី​ជួយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លែអ៊ែ​ឆ្នាំ​២០១៥។

លោក Le Drian បាន​និយាយ​ថា «ខ្ញុំ នឹង​មាន​ឱកាស​ជួប​លោក​នៅ​ក្រៅ​សាល​ប្រជុំ»៕

XS
SM
MD
LG