រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងស្ថិតនៅទីក្រុងប៉ារីសសម្រាប់កិច្ចប្រជុំជាមួយមន្រ្តីបារាំងដើម្បីព្យាយាមធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរមានភាពប្រសើរឡើង បន្ទាប់ពីមានជម្លោះអំពីដៃគូសន្តិសុខរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។
លោក Blinken បានចាប់ផ្តើមជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian នៅថ្ងៃអង្គារ ហើយនៅពេលសួរថា តើធ្វើយ៉ាងម៉េចដើម្បីធានាឱ្យបារាំងអាចជឿជាក់បាន លោកបានឆ្លើយថា «យើងនឹងមានឱកាសពិភាក្សាជាក្រោយ»។
លោកក៏មានគម្រោងពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិបារាំងលោក Emmanuel Bonne ហើយនឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទំាងថ្លែងសុន្ទរកថាផងដែរ។
ក្រសួងការបរទេសស.រ.អ. បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា៖«លោករដ្ឋមន្ត្រី Blinken នឹងជួបជាមួយសមភាគីបារាំងដើម្បីបន្តការពិភាក្សាបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងអាមេរិក-បារាំងលើបញ្ហាជាច្រើនរួមមាន សន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក វិបត្តិអាកាសធាតុ ការស្តារសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺកូវីដ១៩ ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាពនានាក្នុងពិភពលោក»។
ភាពតានតឹងទាក់ទងនឹងកិច្ចព្រមព្រៀងអាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS)
រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា អំពីកិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយប្រទេសអូស្ត្រាលី និងអង់គ្លេស។ តាមកិច្ចព្រមព្រៀងនោះ ប្រទេសអូស្ត្រាលី នឹងទទួលបាននាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរយ៉ាងតិច ៨ គ្រឿង ដែលនឹងផលិតក្នុងស្រុក ដោយប្រើបច្ចេកវិទ្យាអាមេរិក។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពីមុនជាមួយប្រទេសបារាំងអំពីនាវាមុជទឹកប្រើថាមពលម៉ាស៊ូត និងអគ្គិសនី ហើយបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសខឹងសម្បារ។
ប្រទេសបារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីការប្រកាសនេះ។ លោក Le Drian បានប្រកាសថា មាន«វិបត្តិមិនទុកចិត្ត»នៅក្នុងសហរដ្ឋអាមេរិក។
បន្ទាប់ពីការហៅទូរស័ព្ទរវាងលោកប្រធានាធិបតី Biden និងលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃទី២២ ខែកញ្ញា ដែលចង់បន្ធូរបន្ថយភាពតានតឹងទាក់ទងនឹងកិច្ចព្រមព្រៀងអំពីនាវាមុជទឹកនោះ មេដឹកនាំទាំងពីរ បានសម្រេចចិត្ត«ឱ្យដំណើរការការពិគ្រោះយោបល់ស៊ីជម្រៅ»ដើម្បីធានា«ទំនុកចិត្ត»។ លោក Macron ក៏បានសម្រេចចិត្តថា ឯកអគ្គរដ្ឋទូតបារាំងលោក Philippe Etienne នឹងត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ នៅសប្តាហ៍បន្ទាប់មក៕
លោក Chris Hannas រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។