ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ព្រមាន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ជាបន្ទាន់


ទាហាន​អ៊ុយក្រែន ជិះ​រថយន្ត​នៅ​លើ​ផ្លូវ​ដែល​មាន​ភក់​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​ម្សិលមិញ​ បាន​ជំរុញឲ្យ​ពលរដ្ឋអាមេរិកាំង​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ជា​បន្ទាន់​ ហើយ​បាន​ព្រមានពី​សក្ដានុពល​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​ដ៏​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ដែល​កងទ័ព​សហរដ្ឋ​អាមេរិក​ និង​កងទ័ព​រុស្ស៊ី​ អាច​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​ផ្លូវ​គោក។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍ NBC News ថា៖ «ពលរដ្ឋ​អាមេរិកាំង ​ត្រូវតែ​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន។ ត្រូវតែ​ចាក​ចេញ​ឥឡូវ​នេះ»។

លោក​ប្រធានាធិបតី​បាន​និយាយ​ទៀត​ថា៖ «យើង​កំពុង​ប្រឈម​មុខ​នឹង​កម្លាំង​កងទ័ព​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។ នេះ ជា​ស្ថានភាព​ខុស​ប្លែក​មួយ​ដែល​ស្ថានការណ៍​នេះ អាច​ក្លាយ​ជាគ្រោះ​ថ្នាក់​មួយ​រំពេច»។

លោក Biden ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ លោក​នឹង​បញ្ជូន​ទាហានអាមេរិក​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន សូម្បីតែ​ដើម្បី​ជួយ​សង្គ្រោះ​ជនជាតិ​អាមេរិក​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​រុស្ស៊ី​ក៏​ដោយ។

លោក​និយាយ​ទៀត​ថា៖ «នេះ​ ជា​សង្រ្គាម​លោក​មួយ។ នៅ​ពេល​ដែល​អាមេរិក​ និង​រុស្ស៊ី​ចាប់​ផ្ដើម​ប្រយុទ្ធ​គ្នា វា​ដូច​ជា​យើង​ស្ថិត​នៅ​ក្នុង​ពិភព​មួយ​ផ្សេង​ទៀត​អ៊ីចឹង»។

ភាពតានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​មូស្គូ ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក ដោយ​សហរដ្ឋ​អាមេរិក បាន​និយាយថា ទាហាន​រុស្ស៊ី​ប្រហែល ១ សែន ៣ ម៉ឺន​នាក់​ ត្រូវ​បាន​ដាក់​ជា​ក្រុម​នៅ​ក្នុង​កងពល​ប្រយុទ្ធ​តូចៗ​រាប់​សិប​កងពល​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយក្រែន។

មេដឹកនាំ​លោក​ខាង​លិច កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ខាងការទូត​ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បន្ធូរ​បន្ថយ​ភាពតានតឹង​នេះ។ ប៉ុន្តែ​ការ​អត្ថាធិប្បាយ​របស់​លោក Biden និងក្រសួង​ការបរទេស​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ត​ព្រមាន​ឲ្យពលរដ្ឋ​អាមេរិកាំង​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន​ គឺ​ស្ទើរតែ​ប្រាកដ​ថា ច្បាស់​ជា​មានភាព​តានតឹង​ថ្មី​ៗមិន​ខាន។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក Biden បាន​ច្រានចោល​សេណារីយ៉ូ​នៃ​ការ​ជួយ​សង្គ្រោះ​ជនជាតិ​អាមេរិកាំង​នៅ​អ៊ុយក្រែន​ដោយ​និយាយ​ថា «តើ​អ្នក​រក​ពួកគេ​ដោយ​របៀប​ណា»?។

លោក Biden បាន​បន្ត​ទៀត​ថា «អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ ប្រសិន​សិន (ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin) ល្ងង់​រហូត​ដល់បង្ក​ជម្លោះ​នេះ លោក​ក៏​ឆ្លាត​គ្រប់គ្រាន់​ក្នុង​ការ​មិន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ពលរដ្ឋ​អាមេរិក​ដែរ»។

លោក Biden បាន​និយាយ​ថា លោក​មិន​ចាំបាច់​ប្រាប់​លោក Putin នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា «លោក Putin ដឹង​រឿង​នេះ​ហើយ»៕

XS
SM
MD
LG