ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បារាំង​ថា លោក Putin ​យល់ព្រម​មិន​​​ធ្វើ​សមយុទ្ធ​ថ្មី​ណា​មួយ​នៅ​ពេល​នេះ​​​នៅ​ជិត​ព្រំដែន​ជាមួយ​អ៊ុយក្រែនឡើយ


រូបឯកសារ៖ ប្រធានាធិបតី​បារាំង​​លោក Emmanuel Macron (ស្ដាំ) ចាប់​ដៃ​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​ទាំង​ពីរ​នៅ​ប្រទេស​បារាំង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (Alexei Druzhinin, Sputnik, Kremlin Pool Photo via AP)

ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បាន​សន្យា​ថា នឹង​មិន​ធ្វើ​សកម្មភាព​យោធា​ថ្មី​ណា​មួយ​ឡើយ​នៅ​ពេល​នេះ​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែនឡើយ​ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង។ នេះ​បើតាម​ការឲ្យ​ដឹង​របស់​មន្ត្រី​បារាំង​ម្នាក់​ក្រោយ​ជំនួបរវាង​លោកPuitnនិង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ហើយ​ដែលត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មានReuters។

បើតាម​មន្ត្រី​បារាំងដដែល​នោះ​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​រុស្ស៊ី​ក៏​បាន​យល់​ព្រម​ផង​ដែរ​ថា កង​កម្លាំងរុស្ស៊ី​ដែល​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធានៅ​ក្នុងទឹកដី​ប្រទេស​បេឡារុស​ដែល​នៅ​ជាប់ព្រំដែន​ជាមួយ​អ៊ុយក្រែន នឹង​ត្រូវ​ដកចេញ​ទៅ​វិញ​នៅពេល​ដែល​សមយុទ្ធ​យោធា​នោះ​ ត្រូវ​បាន​បិទ​បញ្ចប់។

បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី ក៏​លោកPutin មិនបាន​ផ្ដល់​អត្ថាធិប្បាយ​ដូច្នេះ​ឡើយ នៅពេល​ដែល​លោកបាននិយាយ​ជា​មួយ​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​រយៈ​ពេល​៦ម៉ោង​របស់​លោកជា​មួយ​ប្រធានាធិបតី​បារាំង​នៅ​ក្នុង​វិមាន​ក្រឹមឡាំង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ពុំ​អាច​ស្វះស្វែង​រក​ការបញ្ជាក់​ដោយ​ឯករាជ្យ​ណា​មួយដែលថា មេដឹកនាំ​រុស្ស៊ី​ពិត​ជាបាន​ថ្លែង​យ៉ាង​ដូច្នេះ​មែន​នោះ​ទេ។

មន្ត្រីបារាំងម្នាក់​ដែលបាន​និយាយ​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​ជុំវិញការ​លើក​ឡើងរបស់​មេដឹកនាំ​រុស្ស៊ីនេះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ប្រធានាធិបតី​បារាំង​លោកMacron ជា​មេដឹកនាំ​ប្រទេស​លោក​ខាង​លិចមួយ​រូប​ដែល​បាន​ជួបជា​មួយលោកPutinចាប់តាំងពី​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយក្រែន​មក។ ប្រទេស​លោក​ខាង​លិច​មាន​ការបារម្ភ​ថា រុស្ស៊ី​កំពុង​រៀបចំ​ចូល​ឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ បាន​បដិសេធ​នូវ​គោលបំណង​ទាំង​នេះ ដោយនិយាយ​ថា ខ្លួន​អាច​ធ្វើ​សកម្មភាព​យោធា​ដោយ​មិនកំណត់​ណា​មួយ ប្រសិន​បើ​ការ​ទាមទារ​ផ្នែកសន្តិសុខ​របស់​ខ្លួនមួយ​ចំនួន មិន​ត្រូវ​បាន​គេឆ្លើយ​តប​នោះ។

មន្ត្រី​បារាំង​ខាង​លើ​នោះ បាននិយាយ​ទៀត​ថា ក្នុង​អំឡុង​ពេល​នៃ​ការពិភាក្សា​នោះ​ លោក Macron បាន​យល់ព្រម«បើក​នូវ​ការសន្ទនាស្តីពីសំណួរ​យុទ្ធសាស្ត្រ» ប៉ុន្តែពុំ​មាន​សេចក្តី លម្អិត​នោះ​ឡើយអំពីអ្វីដែលការ​សន្ទនាគ្នា បាន​ផ្តោត​ទៅលើ​នោះ​ទេ។

លោក Putinបានទាមទារ​ឲ្យ​មាន​ការកែសម្រួល​នូវលក្ខខណ្ឌ​សន្តិសុខ​នៅ​ក្នុងតំបន់​អឺរ៉ុប​ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​សន្យា​មួយ​ដែល​ថា អង្គការ​អូតង់​នឹង​មិន​ត្រូវ​ទទួល​យក​អ៊ុយក្រែនធ្វើ​ជា​សមាជិក​របស់​ខ្លួន​ឡើយ និង​ថា កាំជ្រួច​មីស៊ីល​នឹង​មិន​ត្រូវ​ដាក់ពង្រាយ​នៅ​ជិត​ព្រំដែនប្រទេស​រុស្ស៊ី​នោះ​ឡើយ ហើយថា​ក្រុមសម្ព័ន្ធមិត្ត​លោក​ខាង​លិច​ត្រូវ​កាត់​បន្ថយ​នូវរចនាសម្ព័ន្ធ​របស់​ខ្លួន​ជាដើម។

មន្ត្រី​បារាំងរូប​នេះ​ក៏​បានលើក​ឡើង​ផងដែរ​ថា កិច្ចព្រមព្រៀង​មួយ​ក៏​ត្រូវ​បានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​នោះ​ផង​ដែរដើម្បីបង្កើន​នូវ​សកម្មភាព​ការទូត​ក្រោមទម្រង់​មួយ​ដែលហៅ​ថា Normandy Format ដែល​ក្នុង​នោះ​ប្រទេស​បារាំង​និង​អាល្លឺម៉ង់​ដើរតួធ្វើ​ជា​អ្នក​សម្រប​សម្រួលនៅក្នុង​ការ ពិភាក្សា​ពាក់​ព័ន្ធ​នឹងបញ្ហា​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន៕

XS
SM
MD
LG