ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តើអ្វី​ទៅ​ជា​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍?


រូបឯកសារ៖ ផែនទី​នៃ​ប្រទេស​បេឡារុស​ដែល​បង្ហាញ​ពី​រដ្ឋធានី​មីនស្កិ៍ (Minsk) ទីក្រុង Hrodna ទីក្រុង Mahilyou និងទីក្រុង Homel។

កិច្ចព្រមព្រៀងទី​ក្រុង​មីនស្កិ៍​ឆ្នាំ ២០១៤ និង ២០១៥ បាន​ប៉ុនប៉ង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​តំបន់ Donbass នៃ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ រវាង​អ៊ុយក្រែន​ និង​ពួក​ទាមទារ​បំបែក​រដ្ឋ​ដែល​និយាយ​ភាសា​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donetsk និង Luthansk ដែលមាន​ជម្លោះ។

ក្នុង​ឆ្នាំ ២០១៤ អ្នក​តំណាង​នៃ​ពួក​ទាមទារ​បំបែក​រដ្ឋ​អ៊ុយក្រែន​ និង​រុស្ស៊ី បាន​ព្រមព្រៀង​គ្នា​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​មាន ១២ ផ្នែក​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍​នៃ​ប្រទេស​បែលឡារុស។ កិច្ចព្រមព្រៀង​នោះ រួមមាន​ការដោះដូរ​អ្នក​ទោស ការផ្តល់ជំនួយ​មនុស្ស​ធម៌​ និង​ការដក​អាវុធ​ធន់ធ្ងន់​ចេញពី​តំបន់​មាន​ជម្លោះ។

ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នោះ បាន​ទទួល​បរាជ័យ​ភ្លាមៗ បន្ទាប់ពី​ភាគី​ទាំង ២ បាន​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នោះ។

ភាគី​ទាំង ២ បាន​ព្យាយាម​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៥ នៅ​ពេល​នេះជាមួយ​ពួក​អ្នក​តំណាង​អង្គការ​ដើម្បី​សន្តិសុខ​ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​ ឬ (OSCE)។

នៅ​ក្នុង​កិច្ចព្រមព្រៀង​លើក​ទី២នេះ កិច្ចព្រមព្រៀង​មួយ​ដែល​មាន ១៣ ផ្នែក បាន​ត្រូវ​ចុះ​ហត្ថលេខា​ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការឈប់​បាញ់​គ្នា​ជា​បន្ទាន់ ដក​អាវុធ​ធន់ធ្ងន់ ការឃ្លាំមើល​ពី​អង្គការ​ដើម្បី​សន្តិសុខ​ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​ ឬ (OSCE) លើកលែង​ទោស​អ្នក​ដែល​ទាក់ទិន​នៅ​ក្នុង​ការប្រយុទ្ធ ដោះដូរ​ចំណាប់​ខ្មាំង​និង​អ្នក​ទោស ត្រួតត្រា​ពេញលេញ​ព្រំដែន​អ៊ុយក្រែន ដក​កងទ័ព​បរទេស បង្កើត​ចំណង​ទាក់ទង​ខាង​សេដ្ឋកិច្ច​ និង​សង្គម​ឡើង​វិញ និង​ធ្វើ​ការបោះឆ្នោត​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ ស្ថិត​នៅ​ក្នុង​ចំណោម​បទបញ្ញត្តិ​ទាំង​នោះ។ កិច្ចព្រមព្រៀង​នោះ ក៏​បាន​ផ្តល់​ឲ្យ​តំបន់​ជា​ទីកន្លែង​ដែល​ពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ប្រទេស​រុស្ស៊ី មាន​អំណាច​នៃ​ការគ្រប់គ្រង​ដោយ​ខ្លួន​ឯង​ដែល​អាច​មាន​ការប៉ះពាល់​ដល់​ការសម្រេច​របស់​រដ្ឋាភិបាល​កណ្តាល។

ពួក​មេដឹកនាំ​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ រុស្ស៊ី​ និង​អ៊ុយក្រែន មាន​វត្តមាន ​ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​កិច្ចព្រមព្រៀង​នោះ។ កិច្ចព្រមព្រៀង​នោះ ក៏​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែរ។

ក៏ប៉ុន្តែ បទបញ្ញត្តិ​ភាគ​ច្រើន​នៃ​កិច្ចព្រមព្រៀង​នោះ មិន​ត្រូវ​បាន​អនុវត្ត​ទេ ពីព្រោះតែរុស្ស៊ី​ទទូច​ថា ខ្លួន​មិន​បាន​ទាក់ទិន​នៅ​ក្នុង​ជម្លោះ​នោះ ដូច្នេះ ខ្លួន​មិន​អាច​ដក​កងទ័ព ពីព្រោះ​តែ ខ្លួន​មិន​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ទីនោះ។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ រុស្ស៊ី​ទទូច​ថា កិច្ចព្រមព្រៀង​ណា​ក៏ដោយ ត្រូវតែ​ធ្វើ​ឡើង​រវាង​អ៊ុយក្រែន​ និង​តំបន់​ដែល​មាន​ជម្លោះ។ អ៊ុយក្រែន បាន​ច្រានចោល​ការសន្ទនា​ជាមួយ​ពួក​ទាមទារ​រដ្ឋ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ បើ​តាម​បណ្តាញ​ទូរទស្សន៍ CNN ការប្រយុទ្ធ​ដ៏​អាក្រក់​បំផុត​ភាគច្រើន បាន​បញ្ឈប់ ហើយអង្គការ​ដើម្បី​សន្តិសុខ ​និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប ​ឬ (OSCE) ដែល​យាមល្បាត​នៅ​តំបន់នោះ បាន​រាយការណ៍​ពី​ការរំលោភ​នៃ​ការឈប់​បាញ់​គ្នា៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG