ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ការទូត​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​រវាង​​អ៊ុយក្រែន​​និង​រុស្ស៊ី


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​ក្នុង​ជំនួប​ជាមួយ​នឹង​អ្នក​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស និង​គោលនយោបាយ​អន្តរជាតិ លោក Josep Borrell Fontelles នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​វិបត្តិ​រុស្ស៊ី​និង​អ៊ុយក្រែន គឺ​ដំណោះស្រាយ​ខាង​ការទូតហើយ​លោក​រំពឹង​ថានឹងពិភាក្សា​ជាមួយរដ្ឋមន្ត្រី​ការបរទេស​មក​ពី​ប្រទេស​បារាំង អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេសនៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ដែលកំពុង​ធ្វើ​ដំណើរ​ជា​មួយ​លោក​ទៅកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប្រទេស Quadថា«ដូច​អ្នក​ទាំងអស់​គ្នា​ដឹង​រួច​ហើយ​ថា យើង​កំពុង​ចូលរួមក្នុង​យុទ្ធសាស្ត្រផ្លូវ២ដែល​យើង​កំពុង​មាន​ដើម្បី​ជំរុញសកម្មភាព​ការទូត​ដែល​ជា​ជម្រើស​មួយ​ដែល​យើង​ចង់​បាន​និង​មាន​ការ​ទទួល​ទទួល​ខុសត្រូវ​ ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ យើង​ក៏កំពុង​បង្កើត​នូវ​ភាពកំញើញ​ដ៏ខ្លាំង​មួយ​ដើម្បីការពារ​កុំឲ្យ​រុស្ស៊ីបង្កើន​សកម្មភាព​ដ៏​គឃ្លើន​របស់​ខ្លួន»។

ប្រធានាធិបតី​បារាំង​លោកEmmanuel Macron បាន​និយាយ​កាល​ពីថ្ងៃ​អង្គារម្សិល​មិញ​ថា ដំណោះ​ស្រាយមួយ អាច​ប្រើ​ពេល​រាប់ខែ។

លោក Macron បាន​និយាយ​នៅក្នុង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​ជា​ទីកន្លែង​ដែល​លោក​បាន​ជួប​ពិភាក្សាជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ថា៖ «យើង​មិន​ត្រូវ​មើល​ស្រាល​ទៅ​លើ​ភាពតានតឹងនៃ​ស្ថានការណ៍​នេះឡើយ។ វាជា​ស្ថានភាពមួយ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា យើង​អាច​ដោះស្រាយ​វិបត្តិនេះបាន​តាមរយៈ​ការពិភាក្សា​តែ​២ឬ៣ម៉ោង​នោះ​ឡើយ»។

លោកMacron បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin រយៈពេល​៥ម៉ោង​នៅ​ក្នុង​ទីក្រុង​មូស្គូ​កាល​កាលពី​ថ្ងៃ​ចន្ទកន្លង​ទៅ​នេះ។

ប្រធានាធិបតី​បារាំង​រូប​នេះ បាន​និយាយ​ថា កិច្ចពិភាក្សា​របស់​លោក​ជាមួយលោកPutinបាន​ជួយ​ធានា​ថា ស្ថានការណ៍​នៃ​វិបត្តិ​នេះ នឹង​មិន​កាន់​តែ​អាក្រក់​ឡើងហើយ​ភាពតានតឹង​នឹង​មិន​កើន​ឡើង​ថែម​ទៀតនោះ​ឡើយ​ជុំវិញភាព​មិនចាញ់​មិន​ឈ្នះ​គ្នា​រវាងរុស្ស៊ីនិង​អ៊ុយក្រែន​និង​សម្ព័ន្ធមិត្ត​លោក​ខាងលិចដែល​គាំទ្ររដ្ឋាភិបាល​ទីក្រុង​កៀវ​នោះ។

លោក Macron បាន​ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​លោកZelenskiyថា៖ «ខ្ញុំ​ជឿជាក់​ថា មាន​ដំណោះ​ស្រាយ​ជាក់ស្តែង​និង​រឹង​មាំ​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើងធ្វើ​សកម្មភាព​ទៅ​មុខ​ទៀត»។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំងរបស់​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា៖ «សំណើ​របស់​លោក Macronចំពោះ​លោកPutinមាន​លក្ខណៈ​សមហេតុផលមួយ​ចំនួន ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បដិសេធន៍​ចំពោះ​ការលើក​ឡើងមួយ​ចំនួន​ដែលថា វិបត្តិ​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ។ លោក​ថ្លែង​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ យើង​នៅ​មិន​ទាន់​មើល​ឃើញពី​ភាព​ប្រុងប្រៀបខ្លួនរបស់​សមភាគី​ប្រទេស​លោក​ខាង​លិច​របស់​យើង​ក្នុង​ការ​គិតគូរ​លើក្តីកង្វល់​របស់យើង​នោះ​ឡើយ»។

ចំណែក​ប្រធានាធិបតី​អ៊ុយក្រែន​លោកZelenskiyវិញ​បាន​លើក​ឡើងក្រោយ​ជំនួប​ជា​មួយ​លោកMacronថា លោក​ចង់​ឲ្យប្រធានាធិបតី​រុស្ស៊ី​លោកPutinបង្ហាញ​នូវ​ចេតនា​ល្អ​មួយ​ក្នុង​ការដក​កងទ័ព​រុស្ស៊ីចេញ​ពី​តាម​បណ្តោយព្រំដែនរបស់​អ៊ុយក្រែន។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ជឿ​ទាំង​ស្រុង​តែ​ទៅ​លើ​ពាក្ស​សម្ដី​នោះ​ឡើយ។ ខ្ញុំ​ជឿ​ថា អ្នក​នយោបាយ​គ្រប់រូប​ អាច​មាន​តម្លាភាព​តាមរយៈ​សកម្មភាព​ជាក់​ស្តែង​របស់​ខ្លួន»៕

XS
SM
MD
LG