ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាល្លឺម៉ង់​និង​អាមេរិក​ពិភាក្សា​គ្នា​អំពី​វិបត្តិ​អ៊ុយក្រែន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​អំពី​ការ​វាយឆ្មក់​ប្រឆាំង​អំពើ​ភេរវកម្ម ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​មេដឹកនាំ​កំពូល​ម្នាក់​របស់​ក្រុមរដ្ឋឥស្លាម ពី​សេតវិមាន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Patrick Semansky)

ប្រធានាធិបតី​អាមេរិកលោក Joe Biden នឹងរៀបចំ​ជំនួប​មួយ​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក​ Olaf Scholzនៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែលរបៀប​វារៈ​នៃ​កិច្ចប្រជុំ​នេះ ទំនង​ជា​ផ្តោត​សំខាន់ទៅ​លើ​កិច្ចប្រឹងប្រែង​ដើម្បី​កំញើញដល់​ការ​ឈ្លានពានណា​មួយ​របស់​រុស្ស៊ី​លើប្រទេស​អ៊ុយក្រែន។

សមាជិក​អង្គការ​អូតង់​ទាំង​ពីរ​នេះ​បាន​សម្តែង​នូវ​ការគាំទ្រ​ដើម្បី​ជំរុញ​កង​កម្លាំងសម្ព័ន្ធមិត្ត​អង្គការ​អូតង់​នៅផ្នែក​ខាង​កើតអឺរ៉ុប ដោយសហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យដាក់​កង​កម្លាំង​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញនិង​រ៉ូម៉ានី​ហើយ​លោក Scholzបាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​យល់​ព្រម​ពង្រឹង​នូវ​ក្រុម​កម្លាំងសមរភូមិ ដែល​ដឹកនាំ​ដោយ​អាល្លឺងម៉ង់​នៅ​ក្នុង​ប្រទេស​លីទុយអានី។

សហរដ្ឋ​អាមេរិក​ក៏​បាន​ដឹក​ជញ្ជូន​ជំនួយ​យោធា​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ផងដែរ​ ដែល​ក្នុង​នោះ​មាន​គ្រាប់​រំសេវ​ ​និង​កាំជ្រួច​មីស៊ីល​កម្ទេច​រថក្រោះ​ជា​ដើម។ អាល្លឺម៉ង់​បាន​ធ្វើ​ឲ្យ​សមាជិក​អង្គការ​អូតង់​មួយ​ចំនួន​មិន​ពេញ​ចិត្ត ចំពោះ​ការ​បដិសេធមិន​គាំទ្រ​ការផ្តល់​អាវុធ​ប្រល័យ ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់បាន​លើក​ឡើង​ពី​គោលនយោបាយ​របស់​ខ្លួន​ ដែលមិន​បញ្ជូនអាវុធ​ប្រភេទទាំង​នេះ​ទៅ​កាន់​តំបន់​ជម្លោះ​នោះ​ទេ។

ចំណុច​រសើប​មួយ​ទៀត​នោះ​គឺ​ថា អាល្លឺម៉ង់​បាន​ពឹង​ផ្អែក​ទៅ​លើការផ្គត់ផ្គង់ថាមពលរបស់​រុស្ស៊ី​ហើយ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ Nord Stream 2 ត្រូវ​បាន​បង្កើត​ឡើងដើម្បី​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ។

សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដទៃ​ជាច្រើន​ទៀត បាន​មើល​ឃើញពី​គម្រោងបំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​នោះ ថា​ជា​ការកំញើញ​មួយ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្សីលើអ៊ុយក្រែន​ ដោយ​បាន​និយាយ​ថា ការ​ចូល​ឈ្លានពាន​ណា​មួយ​ នឹង​មានន័យ​ថា​នឹង​បញ្ចប់​នូវគម្រោង​នេះ។

ទន្ទឹម​នឹង​ការ​ពិភាក្សា​ស្តីពី​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី​នោះ សេតវិមាន​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក Biden និង​លោកScholz ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ​ពី​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀតផង​ដែរ ​ដែល​រួម​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុ​និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩​ជា​ដើម៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG