ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​ប្តេជ្ញា​សងសឹក​លើ​អ្នកវាយ​ប្រហារ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ដែល​បាន​សម្លាប់​​បុគ្គលិក​យោធា​អាមេរិក​យ៉ាង​តិច​១៣​នាក់។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ​អំពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ដែល​បាន​សម្លាប់​​បុគ្គលិក​យោធា​អាមេរិក​យ៉ាង​តិច​១៣​នាក់។

លោក​ប្រធានាធិបតី​ Joe Biden ​បាន​ប្តេជ្ញា​សងសឹកអ្នក​ដែលទ​ទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាងក្រៅ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​ដែល​បាន​សម្លាប់​បុគ្គលិក​យោធា​អាមេរិក​យ៉ាងតិច​១៣​នាក់​និង​ជន​ស៊ីវិល​រាប់សិប​នាក់​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​ដោយ​សង្ឃឹម​ថា​នឹង​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​ពួក​តាលីបង់។​

លោក​ Biden​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​ទូទាំង​ប្រទេស​ថា៖​ «ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ក៏ដូច​ជាអ្នក​ដែល​ចង់​ឱ្យ​អាមេរិក​ឈឺ​ចាប់​សូម​ចាំ​ថា យើង​នឹង​មិន​អត់​ទោស​ឱ្យ​ទេ។​យើង​នឹង​តាម​រក​អ្នក​ហើយ​ឱ្យ​អ្នក​ឯង​ទទួលខុស​ត្រូវ»។​

ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ក្នុង​របាយការណ៍​មួយ​បង្ហោះ​តាម​បណ្តាញ​ Telegram របស់​ទីភ្នាក់​ងារ​ព័ត៌មាន​របស់​ខ្លួន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយ​ប្រហារ​ចំនួន​ពីរ​កន្លែង​នៅ​ក្បែរបរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ Hamid Karzai​ នៅ​ជិត​ច្រកទ្វារ​ Abbey​ និង​ខាងក្រៅ​សណ្ឋាគារ​ក្បែរ​នោះ។​

សាខា​ក្នុង​តំបន់មួយ​របស់ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ខេត្ត ​Khorasan ​ហៅ​កាត់​ថា ISIS-K​ ត្រូវ​បាន​គេ​ស្តី​បន្ទោស​ចំពោះ​កា​រវាយ​ប្រហារ​នេះ។ លោក​ Biden​ បាន​ថ្លែង​ថា​លោក​បាន​បញ្ជា​ឱ្យ​មេ​បញ្ជាការ​អាមេរិក​បង្កើត​ផែនការ​ប្រតិបត្តិការ​ដើម្បី​វាយ​ប្រហារ​ទ្រព្យ​សម្បត្តិថ្នាក់​ដឹកនាំ​និង​ទីតាំង​នានា​របស់​ក្រុម​ISIS-K។​ លោក​និយាយ​ថា៖ ​«យើង​នឹង​ឆ្លើយតប​ដោយ​កម្លាំង​និង​ជាក់លាក់​អាស្រ័យ​តាម​ពេលវេលា​និង​ទី​កន្លែង​ដែល​យើង​ជ្រើសរើស»។​

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​សុន្ទរកថារបស់​លោក​ប្រធានាធិបតី​អ្នក​នាំពាក្យ​សេតវិមាន​បាន​បន្ទរ​សារ​របស់​លោក​ថា៖​ «យើង​នឹង​តាម​ប្រមាញ់​ភេរវករ​ទាំងនេះ​ហើយ​សម្លាប់​ពួកគេ​មិន​ថា​ពួកគេ​នៅ​ទីណា»។​

ជនជាតិ​អាហ្វហ្គានីស្ថាន​យ៉ាង​ហោច​ចំនួន​៩០​នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​នេះ។ បូក​សរុប​ជាមួយ​ការ​ស្លាប់​របស់​បុគ្គលិក​យោធា​អាមេរិក​១៣នាក់ មនុស្ស​ទាំងអស់​ជាង​១០០​ត្រូវ​បាន​សម្លាប់។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Pajhwok របស់​អាហ្វហ្គានីស្ថាន។

អ្នកនាំ​ពាក្យ​បញ្ជាការដ្ឋាន​កណ្តាល​អាមេរិក​លោក​អនុសេនីយ៍​ឯក​ Bill Urban​ បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​យោធា​អាមេរិក​ដែល​រងរបួស​ចំនួន​១៨​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​អាហ្វហ្គានីស្ថាន​តាម​យន្តហោះ ​C-17 ដែល​បំពាក់​ឧបករណ៍​ពិសេស​ជាមួយ​អង្គភាព​ពេទ្យ។​ ឧត្តម​សេនីយ៍​អាមេរិក​លោក ​Frank McKenzie​ ប្រធាន​បញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ថា​ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​បាន​កើត​ឡើង​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក៕

XS
SM
MD
LG