ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​ផ្ទុះ​យ៉ាង​តិច​ពីរ​ដង​​នៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ត្រូវ​បាន​រាយការណ៍​


ផ្សែង​ហុយ​ចេញ​​ពី​កន្លែង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ជិត​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។
ផ្សែង​ហុយ​ចេញ​​ពី​កន្លែង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ជិត​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។

ក្រសួង​ការពារជាតិ​អាមេរិក​បានបញ្ជាក់​នូវ​សេចក្តី​រាយការណ៍​នានា​អំពី​ការ​ផ្ទុះយ៉ាង​តិច​ពីរ​ដង​ដែល​ជា​លទ្ធផល​នៃ​ការ​«វាយប្រហារ​ស្មុគស្មាញ» នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​កាប៊ុល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ថា​មាន​ចំនួន​ការ​ស្លាប់​និង​របួស​ដែល​គេ​មិន​ទាន់​ដឹង​ចំនួន​ច្បាស់​លាស់។

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក John Kirby បាន​បញ្ជាក់​ថា ការ​ផ្ទុះ​នោះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ជិត​ច្រក Abby Gate នៃ​ព្រលានយន្តហោះ​នោះ ទី​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ព្យាយាមជម្លៀស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្រោយ​ការ​ចូល​កាន់កាប់​របស់​ក្រុម​តាលីបង់។​

ប្រភព​ពីមន្ត្រី​តាលីបង់​ជាន់​ខ្ពស់​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា មាន​បុរសដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​តំបន់ក្បែរ​ច្រក​ចូល​មួយ​ទៅ​កាន់​ព្រលាន​យន្តហោះ​ដែល​មាន​មនុស្ស​កកកុញ រួម​ទាំង​ស្ត្រី​ផង។

ប្រភព​ពី​ក្រុម​អ្នក​ស៊ើបការណ៍​សម្ងាត់​បាន​ប្រាប់​វីអូអេ​ថា មាន​ការ​ផ្ទុះ​ទី​២​ទៀត​បាន​កើត​ឡើង​នៅ​ជិត​សណ្ឋាគារ​ Baron Hotel ដែល​នៅ​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ​ ពី​ច្រក​ចូល​អាកាសយានដ្ឋាន​នោះ។

នៅ​មុន​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាលបស្ចិមប្រទេស​បាន​ព្រមាន​ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​អាកាសយានដ្ឋាននោះ និង​ថា​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ​ដើម្បី​ឱ្យ​គេ​ជម្លៀស​ចេញ គួរចេញ​ពី​ទី​នោះ​ដើម្បី​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​វិញ។

លោក Antony Blinken រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​មើល​ឃើញ​ពី​ហានិភ័យ​នៃ​ការ​គំរាមកំហែង​ពី​ក្រុមភេរវករនៅ​អាហ្វហ្គានីស្ថាន​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។

សេតវិមាន​បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា មក សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​មនុស្ស​ប្រមាណ​៩៥.៧០០​នាក់​តាម​ជើង​យន្តហោះ​យោធា​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត។

នៅ​ពេលនេះ គេ​គិត​ថា​នៅ​មាន​ពលរដ្ឋ​ស៊ីវិលអាមេរិក​ប្រមាណ​១.៥០០​នាក់​ដែល​នៅ​ជាប់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ។

សូម​រង់​ចាំ​ព័ត៌មានបន្ថែមពី​វីអូអេ​នៅ​ពេល​ខាង​មុខ។

(ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយកាណ៍​នេះបាន​មក​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press, Agence France-Presse និង Reuters)

XS
SM
MD
LG