សមាជិកសភាអាមេរិកនៅថ្ងៃពុធបានជំរុញឱ្យលោកប្រធានាធិបតី Joe Biden ជម្លៀសមនុស្សរាប់រយនាក់ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល(USAGM) ពីប្រទេសអាហ្វហ្គានីស្ថានខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រញាប់ប្រញាល់ធ្វើតាមកាលកំណត់នៃការដកកងទ័ពនៅថ្ងៃទី៣១ខែសីហា។
នៅក្នុងលិខិតផ្ញើទៅលោក Biden កាលពីថ្ងៃអង្គារសមាជិកព្រឹទ្ធសភាលោក Ben Cardin និងសមាជិករដ្ឋសភាលោក William Keating បាននិយាយថាមនុស្សប្រហែល៥៥០នាក់ដែលជាបុគ្គលិករបស់ USAGM និងគ្រួសាររបស់ពួកគេនៅតែព្យាយាមចាកចេញពីអាហ្វហ្គានីស្ថាន។
USAGM គឺជាទីភ្នាក់ងារសហព័ន្ធឯករាជ្យមួយដែលមានបណ្តាញព័ត៌មានមួយចំនួនរួមមានសំឡេងសហរដ្ឋអាមេរិក (វីអូអេ) និងវិទ្យុ Azadi។
លិខិតនោះបានសរសេរថា៖ «យើងបញ្ជាក់ប្រាប់លោកថាបុគ្គលិកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលចំនួន៥៥០នាក់និងគ្រួសាររបស់ពួកគេមិនខុសពីអ្នកសារព័ត៌មានដែលលោកបានធ្វើការយ៉ាងស្វិតស្វាញដើម្បីជម្លៀសចេញនោះទេ»។ លិខិតនោះបានបញ្ជាក់ថា«ពួកគេកំពុងបន្តក្លាយជាគោលដៅវាយប្រហាររបស់ពួកតាលីបង់ដោយសារតែពួកគេបានសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
USAGM មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយទេ។ កិច្ចប្រឹងប្រែងជម្លៀសអ្នកកាសែតអាហ្វហ្គានីស្ថានបានកើនឡើងនៅសប្តាហ៍នេះចំពេលមានរបាយការណ៍ថាយុទ្ធជនតាលីបង់កំពុងស្វែងរកផ្ទះរបស់បុគ្គលិកសារព័ត៌មានមួយចំនួន។អង្គការការពារសិទ្ធិសារព័ត៌មាននិយាយថាកាលពីសប្តាហ៍មុនក្រុមតាលីបង់បានឆែកផ្ទះរបស់អ្នកសារព័ត៌មានយ៉ាងតិច៥នាក់៕