ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ថា «គ្មាន​ថ្ងៃ​ផុត​កំណត់»​សម្រាប់​ការជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​ទេ


ក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​កងទ័ព​អាកាស​អាមេរិក​បង្ហាញពី​យន្តហោះ C-17 Globemaster III របស់​កងទ័ព​អាកាស​អាមេរិក​ដែល​ត្រូវបាន​ចាត់តាំង​នៅក្នុង​កិច្ចគាំទ្រ​ការជម្លៀស​នៅ​អាហ្វហ្គានីស្ថាន​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Hamid Karzai នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សន្យា​ថា នឹង​បន្ត​កិច្ចប្រឹងប្រែង​ដើម្បី​ជម្លៀស​ជនជាតិ​អាមេរិក អ្នក​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​នៅ​អាមេរិក សម្ព័ន្ធមិត្ត និង​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​ផ្សេង​ទៀត ទោះបីជា​ហួស​កាល​កំណត់​សម្រាប់​កងកម្លាំង​អាមេរិក​ចាកចេញ​ពី​អាហ្វហ្គានីស្ថាន​នៅ​ចុង​ខែ​នេះ​ក៏ដោយ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ «គ្មាន​ថ្ងៃ​កំណត់​ក្នុង​ការ​ដឹក​ជនជាតិ​អាមេរិក​ និង​អាហ្វហ្គានីស្ថាន​ដែល​ចង់​ចាកចេញក្រោយថ្ងៃ​ទី​៣១ ​ខែ​សីហា​ នេះ​ទេ»។​

លោក​ Blinken ​បាន​និយាយ​សង្កត់​ធ្ងន់​នៅ​ពេល​លោក​ឆ្លើយ​សំណួរ​អ្នក​យក​ព័ត៌មាន​ថា​ «ពួកគេ​ នឹង​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ​។ ហើយ​ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ យើង​នឹង​ប្រើ​វិធី​ជំនួយ​ ការទូត ​និង​សេដ្ឋកិច្ច​គ្រប់​បែប​យ៉ាង​តាម​លទ្ធភាព​របស់​យើង​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួក​តាលីបង់អនុញ្ញាត​ឱ្យ​ប្រជាជន​ចាកចេញ​ពី​ប្រទេសនេះ»។​

ពេញ​មួយ​ថ្ងៃ​ពុធ​នៅ​ឯ​ក្រសួង​ការ​បរទេស​នៅ​មន្ទីរ​បញ្ចកោណ​ និង​នៅ​សេតវិមាន ​មន្រ្តី​នានា​ បាន​បន្ត​ច្រានចោល​ការ​រិះគន់​អំពី​ភាព​វឹកវរ​នៅ​ច្រក​ទ្វារ​ចូល​អាកាស​យានដ្ឋាន​ក្រុង​កាប៊ុល។​

សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ចាប់តាំង​ពី​ថ្ងៃ​ទី​១៤​ ខែ​សីហា​មក​ សហ​រដ្ឋ​អាមេរិក ​បាន​ជម្លៀស​ ឬ​ជួយ​ជម្លៀស​មនុស្ស​ប្រហែល​ ៨២៣០០នាក់​ តាម​ជើង​យន្តហោះ​យោធា​សហរដ្ឋអាមេរិក ​និង​យន្តហោះ​សម្ព័ន្ធ​ភាពនៅក្នុង​ការ​ដឹក​ជញ្ជូន​ធំបំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ។​ ចាប់តាំង​ពីចុងខែ​កក្កដា​មក​ ​សហ​រដ្ឋ​អាមេរិក​ បាន​ផ្លាស់ប្តូរ​ទីលំ​នៅ​ប្រជាជន​ប្រហែល ​៨៨០០០​នាក់ ​ដែល​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ពួកគេ គឺ​ជា​ស្ត្ រី​និង​កុមារ។ ​លោកស្រី​ Jen Psaki​ អ្នកនាំពាក្យ​សេតវិមាន​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​«យើង​កំពុង​ធ្វើការជម្លៀស​មនុស្សតាម​យន្តហោះ​ចំនួន​ច្រើនបំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ យើងឃើញលទ្ធផល​ជាក់ស្តែងហើយ»។​

លោក ​Blinken ​បាន​និយាយ​នៅ​ក្រសួង​ការ​បរទេស​ថា «កិច្ច​ប្រឹងប្រែង​នេះ​ មាន​ភាពស្មុគស្មាញ​ និង​គ្រោះថ្នាក់​យ៉ាង​ក្រៃលែង។ ​យើង​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​អរិភាព​នៅក្នុង​ទីក្រុង​ និង​ក្នុង​ប្រទេស​ដែលឥឡូវ​ស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់​ពួក​តាលីបង់​ ដោយ​មាន​លទ្ធភាព​ពិតប្រាកដ​នៃ​ការ​វាយ​ប្រហារ​របស់​ពួក​រដ្ឋអ៊ីស្លាម​ISIS-K។ ​យើង​កំពុង​ប្រុង​ប្រយ័ត្ន​គ្រប់​បែបយ៉ាង ប៉ុន្តែ​មាន​ហានិភ័យ​ខ្លាំង»។​

កាលពី​ថ្ងៃ​ពុធ​ ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​កាប៊ុល​ បាន​ប្រកាស​ការ​ព្រមាន​មួយ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួនថា​ «ដោយសារ​តែ​មាន​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​នៅ​ខាងក្រៅ​ខ្លោង​ទ្វារ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​ យើង​កំពុង​ផ្តល់​ដំបូន្មាន​ដល់​ពលរដ្ឋ​អាមេរិក​ឱ្យ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​អាកាស​យានដ្ឋាន​ និង​ចៀសវាង​ច្រក​អាកាស​យានដ្ឋាន​នៅពេល​នេះ​ លុះត្រាតែ​អ្នក​ទទួល​បាន​ការណែ​នាំ​ពី​តំណាង​រដ្ឋាភិបាល​អាមេរិក​ឱ្យ​ធ្វើ​ដូច្នេះ។ ​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​ស្ថិតនៅខ្លោង​ទ្វារ​ Abbey ​ខ្លោង​ទ្វារ​ខាង​កើត ​ឬ​ខ្លោងទ្វារ​ខាងជើង​ គួរតែ​ចាក​ចេញ​ជាបន្ទាន់»៕

XS
SM
MD
LG