ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​នឹង​​បំពេញ​ទស្សនកិច្ច​នៅ​តួកគី​ស្រប​ពេល​​មាន​ភាព​តាន​តឹង​រឿង​បត្យាប័ន​​​បព្វ​ជិត​​ឥស្លាម


អនុ​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​នៅ​ក្នុង​ថ្ងៃ​សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្រុង Philadelphia កាល​ពី​ខែ​កក្កដា។
អនុ​ប្រធានាធិបតី​អាមេរិក Joe Biden ថ្លែង​នៅ​ក្នុង​ថ្ងៃ​សន្និបាត​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្រុង Philadelphia កាល​ពី​ខែ​កក្កដា។

លោក Joe Biden អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​នឹង​បំពេញ​ទស្សនកិច្ចទៅ​កាន់ប្រទេស​តួកគី​នៅ​ថ្ងៃ​ទី២៤ ​ខែ​សីហា ​ហើយ​វា​ជា​ទស្សនកិច្ច​លើក​ដំបូងរបស់​មេដឹកនាំ​កំពូល​ប្រទេស​លោក​ខាងលិច​ ចាប់​តាំង​ពី​ការ​ប៉ុន​ប៉ងធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១៥ ​ខែកក្កដា​មក។

​ដំណើរ​ទស្សនកិច្ច​នេះ ​កើត​មាន​ឡើង​ពេល​ទំនាក់​ទំនង​រវាងរដ្ឋាភិបាល​តួកគី​ និង​រដ្ឋាភិបាល​អាមេរិក​មាន​ភាព​តាន​តឹងលើ​ការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ប្រគល់​បព្វ​ជិត​ឥស្លាម​ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​រៀប​ចំ​ចាត់​ចែង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu ​ដែល​គាំទ្រ​ដោយ​រដ្ឋ​តួកគី បាន​រាយការណ៍​ថា ​ពួក​មន្រ្តី​តួកគី ​បាន​រៀប​ចំ​សំណើ​ជាផ្លូវការ​មួយ​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់​ខ្លួនលោក​ Fetullah Gulen ​បព្វ​ជិត​ឥស្លាមដោយ​ការ​ជាប់​ទាក់ទិន​របស់​លោក​ទៅ​នឹង​រដ្ឋ​ប្រហារ។

នៅ​ដើម​សប្តាហ៍​នេះ ​លោក ​Mevlut Cavusoglu ​រដ្ឋ​មន្រ្តីការ​បរទេសតួកគី ​បាន​និយាយ​ថា ​តួកគី​បាន​ទទួល​សញ្ញាវិជ្ជមាន​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ចំពោះ​ការ​ធ្វើ​បត្យាប័ន​បព្វជិត​ឥស្លាម​នោះ។

ក៏ប៉ុន្តែ ​នាយករដ្ឋ​មន្រ្តី ​Binali Yildrim ​បាន​និយាយ​ឡើង​វិញ​ថា ​ដំណើរ​ទស្ស​នកិច្ច​របស់​អនុប្រធានា​ធា​ធិបតី​សហរដ្ឋ​អាមេរិក ​នឹង​មិន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​ការ​សម្រុះ​សម្រួល​បញ្ហា​នេះ​ទេ។

យោង​តាម​បណ្តាញ​ទូរទស្សន៍ ​CNN​ បានឲ្យ​ដឹង​ថា នាយក​រដ្ឋ​មន្រ្តី​តួកគី ​និយាយ​ថា៖ «ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អាមេរិក​ គឺ​អាស្រ័យ​លើ​ការ​ធ្វើ​បត្យាប័ន​លោក ​Gulen​ ហើយ​បញ្ហា​នេះ ​គ្មាន​កន្លែង​សម្រាប់​ការ​ចរចា​ទេ‍»។

រដ្ឋាភិបាល​តួកគី​បាន​សុំឲ្យ​ធ្វើ​បត្យាប័ន​លោក Fethullah Gulen ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​រៀប​ចំ​ផែនការ​ទម្លាក់​ប្រធានា​ធិបតី Recep Teyyip Erdogan ​ក្នុង​អំឡុង​ពេល​នៃការ​ប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​មិន​បានជោគ​ជ័យនៅ​ដើម​រដូវក្តៅ​នេះ។

សហរដ្ឋ​អាមេរិក ​បាន​ឆ្លើយ​តប​ថា តួកគី​ត្រូវ​តែ​មាន​ភស្តុតាង​គ្រប់គ្រាន់ដើម្បី​ចោទ​លើ​បព្វជិត​ដែល​ជា​អតីត​សម្ព័ន្ធ​មិត្ត​របស់​ប្រធានាធិបតី​តួកគី​ ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើបត្យាប័ន​បញ្ជូន​លោក Gulen មាន​ភាព​ស្រប​ច្បាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG