ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ជួប​បណ្ដា​មេដឹកនាំ​នៃ​សមាជិក​អង្គការ​អូតង់​មកពី​អឺរ៉ុប​ខាង​កើត


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ (NATO) ដែល​មកពី​តំបន់​អឺរ៉ុប​ខាង​កើត​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សន្តិសុខ​របស់​ពួកគេ។

ក្រុម​ប្រទេស Bucharest 9 នេះ​មាន​ដូចជា​ប៊ុលហ្គារី សាធារណរដ្ឋ​ឆែក អេស្ដូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រូម៉ានី និង​ស្លូវ៉ាគី ហើយ​ប្រទេស​ភាគ​ច្រើន​ក្នុង​ចំណោម​នោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ខ្លាំងក្លា​បំផុត​នូវ​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​សុន្ទរកថា​ក្នុង​រដ្ឋធានី​វ៉ាសូវី​នៃ​ប្រទស​ប៉ូឡូញ​កាលពី​ថ្ងៃ​អង្គារ លោក Biden បាន​ការពារ​កិច្ច​ប្រឹងប្រែង​ពេញ​មួយ​ឆ្នាំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី និង​បាន​សន្យា​ថា ​កិច្ច​ប្រឹងប្រែង​នេះ​នឹង​មិន​បញ្ឈប់​នោះ​ទេ។

លោក Biden បាន​ប្រាប់​ពលរដ្ឋ​ប៉ូឡូញ​ជាង​មួយ​ម៉ឺន​នាក់​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​អគារ Royal Castle ក្នុង​ប្រទេស​ប៉ូឡូញ​ថា៖ «កាលពី​មួយ​ឆ្នាំ​មុន ពិភពលោក​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ដួល​រលំ​នៃ​រដ្ឋធានី​កៀវ។ ខ្ញុំ​ទើបតែ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​កៀវ ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា រដ្ឋធានី​កៀវ​នៅតែ​ឈរ​យ៉ាង​រឹងមាំ​និង​ខ្ពស់​ត្រដែត ហើយ​សំខាន់​ជាង​នេះ​ទៀត​គឺ​នៅតែ​ឈរ​ដោយ​មាន​សេរីភាព»។

លោក Biden បាន​សន្យា​ថា ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន​នឹង​មិន​ប្រែប្រួល​នោះ​ទេ ហើយ​អង្គការ​អូតង់​នឹង​មិន​បែកបាក់​នោះ​ឡើយ។

លោក​ប្រកាស​ថា៖ «អ៊ុយក្រែន​នឹង​មិន​ក្លាយជា​ជ័យជម្នះ​សម្រាប់​រុស្ស៊ី​ជា​ដាច់ខាត» ដោយ​លោក​បាន​និយាយ​ថា អង្គការ​អូតង់​គឺ​«មាន​ការ​តាំងចិត្ត​ជាង​ពេល​ណាៗ​ទាំង​អស់» នៅ​ក្នុង​ការ​ផ្គត់ផ្គង់​សព្វាវុធ​និង​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​មិន​មែន​ជា​សមាជិក​អង្គការ​អូតង់ ដើម្បី​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​រុស្ស៊ី។

ដោយ​ទើប​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ លោក Biden បាន​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចំពោះ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន​ដែល​លោក Putin បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ​មុន និង​បាន​និយាយ​ថា លោក Putin អាច​បញ្ចប់​សង្គ្រាម​នេះ​បាន​យ៉ាង​ងាយស្រួល​ដូច​ដែល​លោក Putin បាន​ចាប់ផ្ដើម​ដូច្នេះ​ដែរ។

លោក Biden ថ្លែង​ថា៖ «ប្រទេស​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​គឺ​កាន់តែ​ខ្លាំង​ឡើង» នៅ​ក្នុង​ការ​ប្រឆាំង​តបតនឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី ហើយ«ប្រទេស​អត្តាធិបតេយ្យ​នៅ​លើ​ពិភពលោក​គឺ​កាន់តែ​ខ្សោយ​ទៅ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។

XS
SM
MD
LG