ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ស្តីបន្ទោស​បស្ចិម​ប្រទេស ហើយ​ការពារ​ការឈ្លានពាន​អ៊ុយក្រែន​នៅ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​មួយ


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ទៅកាន់​សភា​សហព័ន្ធ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ទៅកាន់​សភា​សហព័ន្ធ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​ការញុះញង់​និង​គាំទ្រ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​បាន​ច្រាន​ចោល​ការស្តីបន្ទោស​ណា​មួយ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​សង្គ្រាម​រយៈពេល​ជិត​មួយ​ឆ្នាំ​បន្ទាប់ពី​ការឈ្លានពាន​ដោយ​គ្មាន​ហេតុផល​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លើ​ប្រទេស​ជិតខាង​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់។

នៅ​ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​ទៅកាន់​ប្រទេស​ជាតិ លោក Putin បាន​ចាត់ទុក​រុស្ស៊ី​និង​អ៊ុយក្រែន​ជា​ជនរងគ្រោះ​នៃ​ការឆ្លៀត​កេង​ប្រយោជន៍​របស់​ប្រទេស​លោក​ខាង​លិច​ហើយ​បាន​និយាយ​ទៀត​ថា​រុស្ស៊ី មិន​មែន​អ៊ុយក្រែន​ទេ​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​ការរស់រាន​មាន​ជីវិត​របស់​ខ្លួន​នេះ។

«យើង​មិន​មែន​កំពុង​វាយ​ប្រហារ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ទេ» លោក Putin បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​សុន្ទរកថា​មួយ​ប៉ុន្មាន​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​សង្គ្រាម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ លោក​និយាយ​ទៀត​ថា៖ «អ៊ុយក្រែន​បាន​ក្លាយជា​ចំណាប់​ខ្មាំង​របស់​របប​ក្រុង​កៀវ​ ហើយ​ចៅហ្វាយនាយ​ប្រទេស​លោក​ខាង​លិច​របស់​គេ​បាន​ត្រួតត្រា​ប្រទេស​នេះ​ដោយ​ប្រសិទ្ធភាព»។

សុន្ទរកថា​នោះ​បាន​រំឭក​ឡើង​វិញ​ពី​ការសារទុក្ខដដែលៗ​ដែល​មេដឹកនាំ​រុស្ស៊ី​ជារឿយៗ​បាន​ផ្តល់ជា​លេស​ត្រឹមត្រូវ​ចំពោះ​សង្គ្រាមដែល​រងការ​ថ្កោលទោស​ដ៏​ខ្លាំង​និង​បាន​ព្រងើយ​កន្តើយ​ពី​ការទាមទារ​របស់​អន្តរជាតិ​ឱ្យ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​រុស្ស៊ី​ត្រួតត្រា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ហៅ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា​ជា«ការបរាជ័យ​ខាង​យុទ្ធសាស្ត្រ»។

លោក Blinken បាន​និយាយ​នៅ​ទីក្រុង Athens ប្រទេស​ក្រិក​នៅឯ​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃ​ទៅកាន់​តំបន់​អឺរ៉ុប​ថា «មួយ​ឆ្នាំ​បន្ទាប់ពី​លោក​ប្រធានាធិបតី Putin បាន​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន។ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ សង្គ្រាម​របស់​លោក Putin បាន​បរាជ័យ​ខាង​យុទ្ធសាស្ត្រ»។

លោក Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា «គ្មាន​នរណា​ម្នាក់​ចង់​បាន​សង្គ្រាម​នេះ​ទេ។ គ្មាន​នរណា​ម្នាក់​ចូលចិត្ត​សង្គ្រាម​នេះ​ទេ។ គេ​គ្រប់​គ្នា​ចង់​បាន​ការបញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

អ្នក​សង្កេតការណ៍​ត្រូវ​គេ​រំពឹង​ថា​នឹង​រកឃើញ​សញ្ញា​ថា​តើ​លោក Putin មើលឃើញ​សង្គ្រាម​នេះ​យ៉ាង​ដូចម្តេច​ដែល​បាន​ក្លាយ​ជា​ការជាប់ផុង​ហើយ​នឹង​ពាក្យ​សម្តី​ដែល​លោក Putin និយាយ​សម្រាប់​មួយ​ឆ្នាំ​ខាង​មុខ។ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​សន្យា​មិន​បន្ធូរបន្ថយ​ខាង​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​លោក​បាន​ត្រួតត្រា​ខុស​ច្បាប់​ដែល​ជា​ការទំនង​ច្រានចោល​សំណើ​សន្តិភាព​នៅ​ក្នុង​សង្គ្រាម​ដែល​បាន​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច​ឡើង​វិញ​ពី​សង្គ្រាម​ត្រជាក់​ថ្មី។

លោក Vladimir Putin ​បាន​ក៏​និយាយ​ដែរ​ថា​ លោក​ផ្អាក​ការចូលរួម​របស់​រុស្ស៊ី​នៅក្នុង​សន្ធិសញ្ញា​ New START ​ដែល​ជា​សន្ធិ​សញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​អាមេរិក​និង​រុស្ស៊ី។

សន្ធិសញ្ញា​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ២០១០ ​បាន​កំណត់​ប្រទេស​នីមួយៗ​ឲ្យ​រក្សា​ទុក​គ្រាប់​នុយក្លេអ៊ែរ​រហូត​ដល់​អតិបរមា​ចំនួន​១៥៥០​គ្រាប់។ វា​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ២០២៦។

ក្នុង​សុន្ទរកថា​រដ្ឋ​ទៅកាន់​សភា​រុស្ស៊ី ​លោក Putin បាន​ថ្លែង​ថា លោក​មិន​ទាន់​ដកខ្លួន​ទាំងស្រុង​ពី​សន្ធិសញ្ញា​នៅពេលនេះ​ទេ។

លោក​ក៏​បាន​និយាយ​ដែរ​ថា រុស្ស៊ី​គួរតែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បន្ត​ការ​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរឡើងវិញ​ប្រសិន​បើ​អាមេរិក​ធ្វើ​ដូច្នេះ៕​

XS
SM
MD
LG