ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Joe Biden​ នឹង​ទុក​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ជនជាតិ​អាមេរិក​ចុងក្រោយ​បាន​​ត្រូវ​ជម្លៀស​ចេញ​


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ Joe Biden ថ្លែង​សុន្ទរកថា​អំពី​វិបត្តិ​​នៅ​​អាហ្វហ្គានីស្ថាន ពី​​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​ Joe Biden ថ្លែង​សុន្ទរកថា​អំពី​វិបត្តិ​​នៅ​​អាហ្វហ្គានីស្ថាន ពី​​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១។

ព័ត៌មាន​ចុងក្រោយ​ពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថានមាន​នៅ Live Blog វីអូអ​ខ្មែរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ​Joe Biden ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​លោក​នឹងទុក​កងទ័ព​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​រហូត​ដល់​ជនជាតិ​អាមេរិក​ចុង​ក្រោយ​បាន​ត្រូវជម្លៀស​ចេញ​ពី​ប្រទេស​នេះ។​លោក​បាន​កំណត់នៅថ្ងៃទី​៣១​ ខែ​សីហា​ ជាថ្ងៃ​ចុង​ក្រោយ។

នាយិកា​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​អ្នកស្រី Mary Ellen McGroarty កំពុង​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​មនុស្ស​ធម៌​ដែល​មនុស្ស​១៤​លាន​នាក់​ប្រឈម​មុខ​នឹង​ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ។​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​តាម​វីដេអូ​ខ្លី​មួយ​កាលពី​ថ្ងៃពុធ​អ្នកស្រី​បាន​និយាយ​អំពី​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះរួម​មាន​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​និង​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។​

យ៉ាងតិច​មនុស្ស​បីនាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃពុធ​នៅ​ពេល​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​បាន​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ទីក្រុង ​Jalalabad។​ ក្រុម​បាតុករ​បាន​ព្យាយាម​ទម្លាក់​ទង់​តាលីបង់​ហើយ​ជំនួស​ដោយ​ទង់ជាតិ​អាហ្វហ្គានីស្ថាន។​

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​ផ្អាកធនធាន​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដោយ​អ្នក​នាំពាក្យ​ម្នាក់​បាន​លើក​ឡើង​ថា៖​ «សហគមន៍​អន្តរជាតិ​មិន​ច្បាស់លាស់​ក្នុង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​នៅ​អាហ្វហ្គានីស្ថាន»។​

រូប​ឯកសារ៖ ទាហាន​ម៉ារីន​អាមេរិក​ម្នាក់​ការពារ​សន្តិសុខបុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​ដែល​ពរ​កូន ដើម្បី​ត្រៀម​ជម្លៀស​ចេញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៃ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ទាហាន​ម៉ារីន​អាមេរិក​ម្នាក់​ការពារ​សន្តិសុខបុគ្គលិក​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​ដែល​ពរ​កូន ដើម្បី​ត្រៀម​ជម្លៀស​ចេញ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៃ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ​Lloyd Austin​ បាន​និយាយ​ថា​កងកម្លាំង​អាមេរិក​ផ្តោត​លើ​ការ​ធានា​សុវត្ថិភាព​នៅ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​ហើយ​មិន​អាច​ជួយ​មនុស្ស​ឱ្យ​ទៅ​ដល់​ទីនោះ​ទេ។​មន្រ្តី​សេតវិមាន​ម្នាក់​បាន​និយាយ​ថា​យន្តហោះ​យោធា​បាន​យក​មនុស្ស​ជិត​៦.០០០​នាក់​ចេញ​ពី​ប្រទេស​នេះ​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍។​

ការ​វិល​ត្រឡប់​មក​កាន់​អំណាច​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​មានការ​គាំទ្រ​ជាសាធារណៈ​របស់​ប្រទេស​ចិន។​អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ចិន​កំពុង​ប្រើ​វិធីសាស្រ្ត​គិត​តែ​ចំណេញ​នៅ​អាហ្វហ្គានីស្ថាន​ដោយសារ​ទំនាក់ទំនង​អតីតកាល​របស់​ចិន​ជាមួយ​ពួក​តាលីបង់។​

លោក ​Sean Roberts​ សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ George Washington ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ប្រទេស​ចិន​គឺ​ជា​រដ្ឋាភិបាល​មួយ​នៃ​រដ្ឋាភិបាល​ខ្លះ​ដែល​បាន​ទាក់ទង​និង​បង្កើត​ទំនាក់ទំនង​ជាមួយទៅ​ពួក​តាលីបង់​នៅ​ចុង​ទសវត្សរ៍​១៩៩០។​ ហើយ​នៅ​ឆ្នាំ​២០០០​ឯក​អគ្គរដ្ឋទូត​ចិន​នៅ​ប៉ាគីស្ថាន​បាន​ជួប​ជាមួយ​មេដឹក​នាំ​តាលីបង់​ឈ្មោះ​ Mullah Omar៕​

​(វីអូអេ​ភាសា​អឺឌូ ​និង​ Asim Kashgarian​, Gaitty Ara Anis ​និង​Wajid Shah​រួម​ចំណែក​ក្នុងសេចក្តី​រាយ​ការណ៍​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន)

XS
SM
MD
LG