ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោក «មិនងាករេដាច់ខាត» ពីសេចក្តីសម្រេចរបស់លោកក្នុងការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងការថ្លែងជាសាធារណៈជាលើកដំបូងចាប់តាំងពីក្រុមឧទ្ទាមតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសនៅអាស៊ីខាងត្បូងមួយនេះបានទាំងស្រុងមក។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ពីសេតវិមាន ទៅកាន់ប្រទេសជាតិអាមេរិក លោក Biden បញ្ជាក់ថា បេសកកម្មអាមេរិកនៅអាហ្វហ្គានីស្ថាន «មិនដែលមានបំណងដើម្បីកសាងប្រទេសជាតិនោះទេ» ហើយការគំរាមកំហែងពីភេរវកម្មដែលជាកត្តានាំឲ្យសហរដ្ឋអាមេរិកមានវត្តមាននៅអាហ្វហ្គានីស្ថាននោះ ឥឡូវបានរីកសាយហួសពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសផ្សេងៗទៀតទៅហើយ។
លោកប្រធានាធិបតីអាមេរិកក៏បានទទួលស្គាល់ថា ការដួលរលំនៃរដ្ឋាភិបាភិបាលអាហ្វហ្គានីស្ថាននិងជ័យជម្នះរបស់ក្រុមតាលីបង់នៅទូទាំងប្រទេសនេះ បានកើតឡើង«លឿនជាងការរំពឹងទុករបស់យើង»។
ទោះជាយ៉ាងនេះក្តី ក៏លោក Biden ថ្លែងថា វាជាការមិនត្រឹមត្រូវទេ ដែលបញ្ជាឱ្យទាហានអាមេរិកបន្តប្រយុទ្ធ នៅពេលទាហានអាហ្វហ្គានីស្ថានខ្លួនឯងមិនមានឆន្ទៈប្រយុទ្ធនោះ ដោយលោកបញ្ជាក់ថា ព្រឹត្តិការណ៍វិវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលបង្ហាញពីការបរាជ័យយ៉ាងឆាប់រហ័សរបស់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាន់តែគាំទ្របន្ថែមនូវសេចក្តីសម្រេចរបស់លោកក្នុងការដកទ័ពអាមេរិកចេញ។
ថ្លែងអំពីស្ថានភាពដ៏ច្របូកច្របល់នៅអាហ្វហ្គានីស្ថាន លោក Biden ថា លោកបានប្រឈមនឹងការត្រូវសម្រេចរវាងកិច្ចព្រមព្រៀងដើម្បីដកកម្លាំងទ័ពអាមេរិក ឬមួយក៏ត្រូវបញ្ជូនទាហានអាមេរិករាប់ពាន់នាក់បន្ថែមទៀតទៅសមរភូមិក្នុង«ទសវត្សរ៍ទី៣»ទៀត។ លោកថា លោកនឹងមិនឱ្យមានការសម្រេចខុសដូចកាលពីអតីតកាលទៀតទេ។
ការថ្លែងរបស់លោក Biden បានកើតមានឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានភៀសខ្លួនពីប្រទេស ខណៈក្រុមប្រយុទ្ធតាលីបង់បានរុលចូលកាន់កាប់រដ្ឋធានីកាប៊ុល។
កន្លងមកលោក Biden តែងតែរក្សាជំហរដកទ័ពអាមេរិកទាំងអស់ត្រឹមថ្ងៃទី២១ ខែសីហា ដោយលោកថាការពន្យារពេលណាមួយនឹងមិនអាចធ្វើឱ្យមានការប្រែប្រួលស្ថានភាពអ្វីឡើយ។
កងកម្លាំងសហរដ្ឋអាមេរិកបានប្រចាំការនៅអាហ្វហ្គានីស្ថានអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយរួមបញ្ចូលគ្នានូវអាណត្តិប្រធានាធិបតីអាមេរិកចំនួន៤។ លោក Biden បានប្រកាសកាលពីខែមេសាថា កងកម្លាំងអាមេរិកទាំងអស់នឹងត្រូវដកត្រឡប់មកមាតុភូមិវិញត្រឹមដំណាច់ខែសីហា ដែលនេះជាការសម្រេចដោយបដិសេធនូវអនុសាសន៍របស់ក្រសួងការពារជាតិអាមេរិកឱ្យរក្សាកងកម្លាំងមួយក្រុមតូចឱ្យបន្តមានវត្តមាននៅអាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតី Biden បន្ថែមថា នៅពេលនេះ លោកបានសម្រេចថានឹងមិនផ្ទេរការទទួលខុសត្រូវក្នុងការដកទ័ពពីអាហ្វហ្គានីស្ថាននេះទៅឱ្យប្រធានាធិបតីបន្ទាប់ពីលោកទៀតនោះទេ។
សម្រាប់ស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាននៅពេលនេះ សហរដ្ឋអាមេរិកបន្តគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ប៉ុន្តែភាពច្របូកច្របល់បានកើតឡើងនៅទីនោះ ដោយសារតែពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានសម្រុកចូលអាកាសយានដ្ឋាននោះដើម្បីភៀសខ្លួនពីចេញប្រទេស។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋមួយចំនួនបានរិះគន់រដ្ឋបាលលោក Biden អំពីភាពវឹកវរដែលកំពុងកើតមាននៅអាហ្វហ្គានីស្ថាន៕
ប្រែសម្រួលដោយលោក សឹង សុផាត
(ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន AP។)