ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​លោក ​Biden​ អំពី​អាហ្វហ្គានីស្ថាន​មាន​ប្រតិកម្ម​ចម្រុះ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ក្រោយ​ពី​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ Joe Biden​ ដែល​ថា ​លោក​មិន​ងាករេ​ពី​ការ​សម្រេច​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ វីអូអេ​ចងក្រង​ប្រតិកម្ម​ខ្លះ​របស់​សមាជិក​សភា​និង​អ្នក​វិភាគ​ចំពោះ​សុន្ទរកថា​របស់​លោក។​

ឧត្តម​សេនីយ៍​ចូលនិវត្តន៍​លោក ​Doug Lute ​និង​ជា​អតីត​តំណាង​អចិន្ត្រៃយ៍​អង្គការ​អូតង់​និយាយ​ថា​ «ខ្ញុំ​គិត​ថា​ គាត់​ធ្វើ​រឿង​នេះ​យ៉ាង​ម៉ឺងម៉ាត់​ថា​ អាមេរិក​មិន​គួរ​ស្ថិត​នៅ​កណ្ដាល​សង្គ្រាម​ស៊ីវិល​អាហ្វហ្គានីស្ថាន​ឡើយ»។ ​

លោក​ Kevin McCarthy ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ​សភា​ថ្លែង​ថា ​«បន្ទាប់ពី​ស្ងៀមស្ងាត់​រយៈ​ពេល ​៦​ ថ្ងៃ​ ទីបំផុត​លោក​ប្រធានាធិបតី​និយាយ​អំពី​គោល​នយោបាយ​ការ​បរទេស ​មហន្តរាយ​បំផុត​ជាច្រើន​ទសវត្សរ៍​មក​នេះ។​ សុន្ទរកថា​របស់​លោក​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​អំពី​ការ​ដក​កងទ័ព​ដ៏​គ្រោះថ្នាក់​ដែល​មិន​បាន​ការពារ​ពលរដ្ឋ​អាមេរិកធ្វើ​ឱ្យ​ទ័ព​អាមេរិក​រាប់ពាន់​នាក់​ប្រឈម​គ្រោះថ្នាក់​និង​បង្កើន​ការ​គំរាម​កំហែង​ភេរវកម្ម​នៅ​ជុំវិញ​ពិភព​លោក​នោះ​ទេ»។​

ប៉ុន្តែ​លោកស្រី​ Nancy Pelosi ​ប្រធាន​រដ្ឋសភា​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​«លោក​ប្រធានាធិបតី​ត្រូវ​បាន​គេ​កោត​សរសើរ​ចំពោះ​ការ​ដឹកនាំ​ដ៏រឹងមាំ​របស់​លោក​និង​ផ្តោត​ជាពិសេស​បញ្ចប់​ការ​ពាក់​ព័ន្ធ​របស់​យោធា​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន»។

តែ​ផ្ទុយ​ទៅវិញ​ លោក ​Lindsey Graham ​សមាជិក​ព្រឺទ្ធ​សភា​គណបក្ស​សាធារណ​រដ្ឋ​ថ្លែង​ថា​«លោក​ប្រធានាធិបតី​បាន​ជ្រើសរើស​ផ្លូវ​ដ៏​គ្រោះថ្នាក់ និង​គួរ​ឱ្យ​អាម៉ាស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ហើយ​គាត់​មិន​អាច​បន្ទោស​នរណា​បាន​ទេ​ចំពោះ​បរាជ័យ​នេះ​ មានតែ​បន្ទោស​ខ្លួន​គាត់​ផ្ទាល់»។​

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​ជាលើក​ដំបូង​ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​តាលីបង់​កាន់កាប់​ប្រទេស​អាហ្វហ្គានីស្ថាន លោក​ប្រធានាធិបតី​ Joe Biden ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​លោក​ «មិន​ងាករេ​ដាច់ខាត» ​ពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​ដក​កងកម្លាំង​សហ​រដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។​

នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ពី​សេតវិមាន​ លោក ​Biden ​បញ្ជាក់​ថា​ បេសកកម្ម​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ «មិន​ដែល​សន្មតថា​ជា​បេសក​កម្ម​កសាង​ប្រទេស​នោះ​ទេ» ​ហើយ​ការ​គំរាម​កំហែង​របស់​ភេរវកម្ម​ដែល​នាំ​ឲ្យ​សហ​រដ្ឋ​អាមេរិក​មាន​វត្តមាន​នៅ​អាហ្វហ្គានីស្ថាន​នោះ ​ឥឡូវ​នេះ​បាន​រីកសាយ​ហួស​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត​ទៅ​ហើយ។​

លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ដួល​រលំ​នៃ​រដ្ឋាភិបាភិបាល​អាហ្វហ្គានីស្ថាន និង​ជ័យ​ជម្នះ​របស់​ក្រុម​តាលីបង់​នៅ​ទូទាំង​ប្រទេស​នេះ ​បាន​កើត​ឡើង​«លឿន​ជាង​ការ​រំពឹង​ទុក​របស់​យើង»។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​លោក​ Biden ​ថ្លែង​ថា វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ដែល​បញ្ជា​ឱ្យ​ទាហាន​អាមេរិក​បន្ត​ប្រយុទ្ធ ​នៅ​ពេល​ទាហាន​អាហ្វហ្គានីស្ថាន​ខ្លួន​ឯង​មិន​មាន​ឆន្ទៈ​ប្រយុទ្ធ​នោះ៕

(​ព័ត៌មាន​ខ្លះ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពីទីភ្នាក់ងារ​ព័ត៌មាន​ Associated Press។)

XS
SM
MD
LG