ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រៀមលក្ខណៈរួចរាល់ហើយនៅក្នុងការផ្ដល់ការវាយតម្លៃដែលធ្វើឱ្យមានការទុកចិត្តឡើងវិញអំពីស្ថានភាពប្រទេសជាតិ ជាជាងការដែលគ្រាន់តែបង្ហាញអំពីសំណើគោលនយោបាយដ៏ទាក់ទាញ នៅពេលដែលលោកនឹងថ្លែងសុន្ទរកថាលើកទីពីរអំពីស្ថានភាពប្រទេសជាតិនៅយប់ថ្ងៃអង្គារនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការថ្លែងរបស់លោកនៅពីមុខសភាដែលមានការខ្វែងគំនិតគ្នាផ្នែកនយោបាយនេះនឹងធ្វើឡើង នៅចំពេលដែលប្រទេសជាតិប្រឹងប្រែងដើម្បីស្វែងយល់អំពីចរន្តបញ្ច្រាសប្រទាក់ក្រឡាគ្នាដ៏ស្មុគស្មាញនៅក្នុងសហរដ្ឋអាមេរិកនិងនៅបរទេស ដែលនោះគឺភាពស្រពិចស្រពិលផ្នែកសេដ្ឋកិច្ច សង្គ្រាមដ៏នឿយណាយនៅប្រទេសអ៊ុយក្រែន និងភាពតានតឹងកើនឡើងជាមួយនឹងប្រទេសចិនជាដើម និងនៅចំពេលដែលប្រទេសជាតិវាយតម្លៃដោយប្រយ័ត្នប្រយែងថាតើលោក Biden សក្ដិសមនឹងត្រូវបានគេបោះឆ្នោតឱ្យកាន់តំណែងនៅអាណត្តិទីពីរជាបន្តទៀតនៅឆ្នាំ ២០២៤ ខាងមុខ ឬក៏អត់។
នេះគឺជាសុន្ទរកថាលើកដំបូងបង្អស់របស់លោក Biden ទៅកាន់សភា តាំងពីពេលដែលគណបក្សសាធារណរដ្ឋបានដណ្ដើមគ្រប់គ្រងរដ្ឋសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីកន្លងមក។
លោក Biden នឹងឈរនៅលើវេទិការដ្ឋសភាថ្លែងសុន្ទរកថាអំពីប្រទេសជាតិនេះ នៅចំពេលដែលការស្ទង់មតិថ្មីរបស់មជ្ឈមណ្ឌល NORC សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈនៃទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា ពលរដ្ឋអាមេរិកាំងពេញវ័យចំនួនតែ ២៥% ប៉ុណ្ណោះដែលអះអាងថាអ្វីៗនៅក្នុងប្រទេសកំពុងឈានទៅមុខក្នុងទិសដៅត្រឹមត្រូវ។ នៅក្នុងការស្ទង់មតិនេះ ពលរដ្ឋប្រហែល ៧៥% និយាយថា អ្វីៗកំពុងស្ថិតនៅលើផ្លូវខុស។ ជាងនេះទៀត សមាជិកគណបក្សប្រជាធិបតេយ្យជាច្រើននាក់មិនចង់ឱ្យលោក Biden កាន់តំណែងមួយអាណត្តិទៀត។
ទីប្រឹក្សារបស់លោក Biden បានបញ្ជាក់ថា លោក Biden មានបំណងនឹងតតាំងជាមួយនឹងការយល់ឃើញទាំងនេះដោយផ្ទាល់មុខ ហើយស្របពេលនោះដែរព្យាយាមបញ្ចៀសនូវការលើកឡើងណាមួយដែលមើលទៅហាក់ដូចជាមិនខ្វាយខ្វល់ចំពោះក្ដីបារម្ភរបស់ពលរដ្ឋអាមេរិកាំង។
លោក Brian Deese ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃសេតវិមាន បាននិយាយថា លោក Biden នឹង «ទទួលស្គាល់និងជួបប្រជាពលរដ្ឋអាមេរិកាំងនៅកន្លែងផ្ទាល់» ដោយសារ «ក្ដីបារម្ភផ្នែកសេដ្ឋកិច្ច» របស់ពួកគេ «គឺមានពិតមែន»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា សារដ៏សំខាន់គឺថា យើងត្រូវតែធ្វើឱ្យមានការវិវឌ្ឍទៅមុខបន្ថែមទៀត ប៉ុន្តែគេគួរតែមានសុទិដ្ឋិនិយម»៕
វ៉ាស៊ីនតោន —