ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​​ផ្សព្វផ្សាយ​ផែន​ការ​ត្រៀម​ខ្លួន​សម្រាប់​​ទប់ទល់​ជំងឺកូវីដ១៩​​ក្នុង​រដូវ​រងា​​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដោះម៉ាស់​ខណៈ​លោក​មក​ដល់​កន្លែង​ថ្លែង​​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដោះម៉ាស់​ខណៈ​លោក​មក​ដល់​កន្លែង​ថ្លែង​​នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​២០២២។

សេតវិមានបាន​ចេញ​ផ្សាយ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ ជា​ផែន​ការ​សម្រាប់​ត្រៀម​ខ្លួន​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩​ ក្នុង​រដូវរងា​នេះ​ ដោយផ្តល់​ឧបករណ៍​ធ្វើ​តេស្តតាម​ផ្ទះ​ដោយ​មិន​គិតថ្លៃ​និង​ការត្រៀមចាក់​វ៉ាក់សាំងកូវីដ១៩​នៅ​ទូទាំង​ប្រទេស​អាមេរិក។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​សេតវិមាន​និយាយ​ថា​ ស្រប​ពេល​ដែល​ជំងឺ​កូវីដលែង​ក្លាយ​ជាឧបសគ្គ​បន្ទុច​បង្អាក់ដូច​មុន​ក៏​ពិត​មែនក៏ដោយ ​ក៏​វីរុស​នេះ​នៅ​តែ​បន្ត​វិវត្តន៍​កើតមាន​ ហើយ​ទិន្នន័យពី​មជ្ឈមណ្ឌលគ្រប់គ្រង​និង​ការពារ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) បាន​បង្ហាញ​ថា​ ករណី​ថ្មីៗ​នៃ​ជំងឺ​កូវីដ១៩ ​ការ​ចូល​សម្រាក​ពេទ្យ​ ​និង​ការ​ស្លាប់​ មាន​ចំនួន​កើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​ ​

សេតវិមាន​និយាយ​ថា​ បន្ថែម​ទៅ​លើ​ទី​តាំង​ធ្វើ​តេស្ត​ដោយ​មិន​គិតថ្លៃ​ដែល​មាន​ស្រាប់​នោះ​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍តទៅ​ គ្រប់​ក្រុមគ្រួសារ​អាមេរិក​ទាំង​អស់ អាចស្នើសុំដោយ​មិន​គិត​ថ្លៃ​នូវ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺកូវីដ​១៩ចំនួន​៤​ប្រអប់ ​ដែល​នឹង​ត្រូវ​ផ្ញើ​ទៅ​ផ្ទះ​របស់​គេដោយ​ផ្ទាល់​តែ​ម្តង។​ ​

បន្ថែមពី​លើទី​តាំងចែកចាយ​សម្ភារៈ​ធ្វើ​តេស្ត​និង​ការ​ធ្វើតេស្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ ​សេតវិមាន​ បាន​បន្ថែមកម្មវិធី​ថ្មី ដែល​រួម​មាន​ការចែកចាយ​ឧបករណ៍​ធ្វើតេស្ត​ជំងឺកូវីដ១៩ ទៅ​អគារ​ជួលសម្រាប់​មនុស្ស​ចាស់ជាង​៦.៥០០​កន្លែង​ដែល​គាំទ្រ​ដោយ​ក្រសួង​លំនៅដ្ឋាន​និង​អភិវឌ្ឍន៍​ទីក្រុង​ នៅ​តាម​ទីក្រុង​នានាផង​ដែរ​៕ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​ផ្តល់​ឱ្យ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន Associated Press (AP)

XS
SM
MD
LG