ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីយប់ថ្ងៃពុធ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់សភាទាំងពីរថ្នាក់ថា សហរដ្ឋអាមេរិក«កំពុងតែប្រែក្លាយគ្រោះថ្នាក់ឲ្យទៅជាលទ្ធភាព» ដោយសាទរចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញឲ្យមានការវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៨ លានលានដុល្លារ ចំពោះកុមារ ក្រុមគ្រួសារ និងការអប់រំ ដែលអាចផ្លាស់ប្ដូរយ៉ាងខ្លាំងនូវតួនាទីរបស់រដ្ឋាភិបាលនៅក្នុងជីវិតរស់នៅរបស់ពលរដ្ឋអាមេរិក។
នៅក្នុងគម្រប់១០០ថ្ងៃនៃការកាន់តំណែងរបស់លោក Biden សហរដ្ឋអាមេរិកកំពុងងើបឡើងពីវិបត្តិផ្ទួនៗគ្នា ហើយលោកប្រធានាធិបតីបានថ្លែងផ្តល់អំណះអំណាងចំពោះផែនការរបស់លោក នៅចំពោះមុខក្រុមអ្នកតាក់តែងច្បាប់មួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវពាក់ម៉ាស់និងរក្សាគម្លាតដោយសារតែការរឹតត្បិតក្នុងអំឡុងពេលរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
សុន្ទរកថានេះត្រូវបានធ្វើឡើងនៅវិមានសភាសហរដ្ឋអាមេរិក ដែលនៅមានរបងព័ទ្ធជុំវិញនៅឡើយ បន្ទាប់ពីមានការធ្វើកុបកម្មកាលពីខែមករាដើម្បីជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតដែលលោកបានឈ្នះ។ ក្រុមកុបករបាននាំគ្នាឡោមព័ទ្ធទ្វារនានាទៅកាន់សាលប្រជុំសភា ទីដែលលោកបានថ្លែងសុន្ទរកថានេះ។
សុន្ទរកថាទៅកាន់សភាទាំងពីរថ្នាក់ជាលើកដំបូងរបស់លោកប្រធានាធិបតីដែលមានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសគឺជាសុន្ទរកថាដែលត្រូវបានគេមើលច្រើនបំផុតក្នុងអំឡុងពេលដែលលោក Biden កាន់តំណែងជាប្រធានាធិបតី។ ការណ៍នេះបានជួយបង្កើនលទ្ធភាពរបស់លោកក្នុងអាចព្យាយាមទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតទាំងពីរគណបក្សចំពោះផែនការរបស់លោក បើទោះជាសមាជិកសភាខាងគណបក្សសាធារណរដ្ឋបានបង្ហាញជំហរប្រឆាំងក៏ដោយ។
ទិដ្ឋភាពនៅក្នុងសាលប្រជុំសភាក្នុងឆ្នាំនេះមានលក្ខណៈប្រវត្តិសាស្ត្រជាលើកដំបូង ដោយសារមានអ្នកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក អង្គុយនៅពីក្រោយលោកប្រធានាធិបតី។ ហើយអ្នកស្រី Harris ក៏អង្គុយនៅជិតស្ត្រីម្នាក់ទៀតដែរ នោះគឺអ្នកស្រី Nancy Pelosi ដែលជាប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ។
លោកប្រធានាធិបតី Biden បានទទួលស្វាគមន៍អ្នកស្រី Harris ដោយនិយាយថា៖ «ជម្រាបសួរអ្នកស្រីអនុប្រធានាធិបតី»។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris (ឆ្វេង) និងប្រធានរដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ អ្នកស្រី Nancy Pelosi ជជែកគ្នានៅមុនលោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរថ្នាក់ កាលពីថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
ទិដ្ឋភាពនៃសភាទាំងមូលមិនមានលក្ខណៈដូចគ្នានេះទេនៅក្នុងអាណត្តិប្រធានាធិបតីមុនៗលោក Biden។ លើកនេះ សមាជិកសភាទាំងអស់ត្រូវអង្គុយឃ្លាតគ្នា មានចៅក្រមតុលាការកំពូលតែម្នាក់មានវត្តមាននៅទីនោះ ហើយសមាជិកសភាខាងគណបក្សសាធារណរដ្ឋជាច្រើនបានលើកឡើងថា «មានការរវល់ជាន់គ្នា» មិនអាចចូលរួមបានទេ។
គេក៏មិនមានការចាត់តាំងឲ្យមាន «ប្រធានាធិបតីត្រៀមបម្រុងម្នាក់»នោះទេ ដោយសារតែមិនមានសមាជិកគណៈរដ្ឋមន្ត្រីច្រើននៅទីនោះទេ ហើយមិនសូវមានមនុស្សច្រើននោះទេនៅក្នុងសាលប្រជុំសភា ដែលធ្វើឲ្យគេអាចឮសូរសំឡេងទះដៃលាន់ខ្ទរពីជញ្ជាំងមកវិញ។
លោកប្រធានាធិបតីបានលើកសំណើឱ្យមានមត្តេយ្យសម្រាប់កុមារគ្រប់រូប ការសិក្សាដោយឥតគិតថ្លៃរយៈពេល២ឆ្នាំនៅមហាវិទ្យាល័យសហគមន៍ គម្រោងដែលមានទឹកប្រាក់ ២២៥ ពាន់លានដុល្លារសម្រាប់កម្មវិធីថែទាំកុមារ និងប្រាក់ប្រចាំខែយ៉ាងតិចណាស់ ២៥០ ដុល្លារសម្រាប់ឪពុកម្តាយ។ គំនិតរបស់លោក Biden សំដៅដោះស្រាយចំណុចខ្សោយនានាដែលបានផុសឡើងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ហើយលោកបានអះអាងថា កំណើនសេដ្ឋកិច្ចនឹងកើតមានឡើងបានល្អបំផុតពីការយកពន្ធពីអ្នកមានទៅជួយអ្នកមានជីវភាពមធ្យមនិងអ្នកក្រីក្រ។
លោក Biden បានថ្លែងថា៖ «ខ្ញុំអាចថ្លែងទៅកាន់ប្រទេសជាតិបានថា សហរដ្ឋអាមេរិកចាប់ដំណើរការវិញហើយ តាមរយៈការប្រែក្លាយគ្រោះថ្នាក់ឱ្យទៅជាលទ្ធភាព វិបត្តិឱ្យទៅជាឱកាស និងបរាជ័យឱ្យទៅជាសក្ដានុពល»។
ដោយចាប់យកឱកាសដែលកើតចេញពីទុក្ខភ័យនេះ លោក Biden បានសម្រេចចាត់វិធានការធំៗជាជាងវិធានការសន្សឹមៗ។ ប៉ុន្តែលោកនឹងត្រូវគេបង្ខំឱ្យជ្រើសរើសមាគ៌ាដ៏ប្រយ័ត្នប្រយែងមួយ រវាងក្រុមគណបក្សសាធារណរដ្ឋដែលរិះគន់ពីការពង្រីកអំណាចរដ្ឋាភិបាលសហព័ន្ធខ្លាំងពេក និងក្រុមគណបក្សប្រជាធិបតេយ្យខ្លះ ដែលបារម្ភថាលោក Biden នឹងមិនជំរុញកំណែទម្រង់ឲ្យបានគ្រប់គ្រាន់។
លោក Biden ក៏បានថ្លែងអំពីបញ្ហាមួយដែលប្រធានាធិបតីអាមេរិកនានាកម្រលើកយកមកប្រឈម គឺថាដើម្បីអាចប្រកួតប្រជែងជាមួយនឹងប្រទេសដែលប្រព័ន្ធនយោបាយបែបផ្តាច់ការដូចជាចិន ប្រជាជាតិអាមេរិកត្រូវ «បង្ហាញឱ្យឃើញថារបបប្រជាធិបតេយ្យនៅតែមានដំណើរការ» គឺនៅក្រោយប្រធានាធិបតីមុនលោក ដែលនោះគឺលោក Donald Trump។ លោក Trump ធ្លាប់បានចោទដោយគ្មានភ័ស្តុតាងអំពីការលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអំពើកុបកម្មវាយលុកទៅលើវិមានសភាមក។
លោកប្រធានាធិបតី Biden ថ្លែងថា៖ «នៅក្នុងរយៈពេល១០០ថ្ងៃដំបូងរួមគ្នារបស់យើង យើងបានធ្វើការដើម្បីស្តារឡើងវិញនូវជំនឿរបស់ប្រជាពលរដ្ឋចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើងដែលផ្តល់នូវផលប្រយោជន៍» ដោយលោកចង្អុលបង្ហាញអំពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ និងការរើបឡើងវិញនៃសេដ្ឋកិច្ច។
ចំណែកផ្នែកនយោបាយអន្តរជាតិវិញ ក្រោយរយៈពេល៤ឆ្នាំនៃគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលផ្ដោតលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាអាទិភាព លោក Biden បានថ្លែងថា សហរដ្ឋអាមេរិកនឹងដឹកនាំជាមួយនឹងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Biden បានថ្លែងថា ក្នុងការពិភាក្សារបស់លោកជាមួយនឹងប្រធានាធិបតីចិន លោក Xi Jinping លោក Biden ថាលោកស្វាគមន៍ការប្រកួតប្រជែងខាងសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប៉ុន្តែ «យើងមិនចង់ឲ្យមានជម្លោះនោះទេ»។ លោក Biden បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងប្រឆាំងនឹងរបៀបធ្វើពាណិជ្ជកម្មណា បន្ថយអត្ថប្រយោជន៍សម្រាប់កម្មករ និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ហើយថា សហរដ្ឋអាមេរិកក៏នឹងមិនដកថយចេញពីការប្ដេជ្ញាឲ្យមានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននោះដែរ។
រយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីស្នើឲ្យដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីចំពោះការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក និងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័ររួចមក លោក Biden បាននិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា សហរដ្ឋអាមេរិកមិនចង់ឲ្យរឿងកាន់តែធំនោះទេ ប៉ុន្តែសកម្មភាពរបស់រុស្ស៊ីដែលបានធ្វើត្រូវតែទទួលទណ្ឌកម្ម។ លោកក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរអាចសហការគ្នាទៅលើអត្ថប្រយោជន៍ទៅវិញទៅមក ដូចជាក្នុងផ្នែកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាដើម។
ចំពោះបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើង លោក Biden ថ្លែងថា រដ្ឋបាលរបស់លោកនឹង «ធ្វើការជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងដើម្បីដោះស្រាយការគំរាមកំហែងពីប្រទេសទាំងពីរនេះ តាមរយៈការទូត ក៏ដូចជាការបង្ការទប់ទល់យ៉ាងម៉ឺងម៉ាត់ផងដែរ»។
ក្រោយពីប្រកាសអំពីការដកកងកម្លាំងសហរដ្ឋអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានឱ្យអស់ត្រឹមថ្ងៃទី១១ ខែកញ្ញាមក លោកBiden ថ្លែងថា សហរដ្ឋអាមេរិកត្រូវបន្តប្រុងប្រយ័ត្នចំពោះការគំរាមកំហែងដែលខ្លួនប្រឈម ដែលរួមមានទាំងការគំរាមកំហែងមកពីក្រុម al-Qaida ក្រុមរដ្ឋឥស្លាមពីក្រៅប្រទេស និងពីក្រុមជនស្បែកសដែលរើសអើងជាតិសាសន៍ខ្លាំងនៅក្នុងប្រទេសដែលអាចបង្កអំពើភេរវកម្មផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា និងលោក សឹង សុផាត