ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​សម្ងាត់​បន្ថែម​ទៀត​ត្រូវ​បាន​ក្រុម​មេធាវី​រកឃើញ​នៅ​ផ្ទះ​របស់​លោក Biden


រូបឯកសារ៖ នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​សេតវិមាន​នេះ​បង្ហាញ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ទូរសព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ទីក្រុង Wilmington រដ្ឋ Delware សហរដ្ឋ​អាមេរិក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​សេតវិមាន​នេះ​បង្ហាញ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និយាយ​ទូរសព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ទីក្រុង Wilmington រដ្ឋ Delware សហរដ្ឋ​អាមេរិក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។

សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​មេធាវី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រកឃើញ​ឯកសារ​សម្ងាត់​បន្ថែម​ទៀត​នៅ​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

មេធាវី​ប្រចាំ​សេតវិមាន​លោក Richard Sauber បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ឯកសារ​សម្ងាត់​ដែល​សរុប​មាន​ចំនួន ៦ ទំព័រ​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ស្វែងរក​នៅ​បណ្ណាល័យ​ឯកជន​របស់​លោក Biden។ សេតវិមាន​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​មុន​ថា មាន​ឯកសារ​តែ​មួយ​ទំព័រ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ទីនោះ។

ការ​រកឃើញ​ចុងក្រោយ​បំផុត​នេះ​គឺ​ជា​ការ​រក​ឃើញ​បន្ថែម​ទៀត​ពី​លើ​ឯកសារ​ដែល​ត្រូវ​បាន​រកឃើញ​កាលពី​ខែ​ធ្នូ​នៅ​កន្លែង​ដាក់​រថយន្ត​របស់​លោក Biden និង​កាលពី​ខែ​វិច្ឆិកា​នៅ​ការិយាល័យ​ពី​មុន​របស់​លោក​ក្នុង​មជ្ឈមណ្ឌល Penn Biden ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ទុកដាក់​មិន​បាន​ត្រឹមត្រូវ​នូវ​ឯកសារ​សម្ងាត់​និង​ឯកសារ​ផ្លូវការ​ដែល​បាន​មកពី​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អតីត​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​លោក Robert Hur ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland។

លោក Sauber បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Biden ដែល​មិន​បាន​ឆ្លងកាត់​ការ​ស៊ើបអង្កេត​ប្រវត្តិរូប បាន​ឈប់​ធ្វើ​ការ​ស្វែងរក​ឯកសារ​សម្ងាត់​បន្ត​ទៀត​បន្ទាប់ពី​បាន​រកឃើញ​ឯកសារ​សម្ងាត់​មួយ​ទំព័រ​ដំបូង​កាលពី​ល្ងាច​ថ្ងៃ​ពុធ។

លោក Sauber បាន​រកឃើញ​ឯកសារ​សម្ងាត់​ដែល​នៅ​សេសសល់​បន្ថែម​ទៀត​កាលពី​ថ្ងៃព្រហស្បតិ៍ ក្នុង​អំឡុងពេល​ដែល​លោក​សម្របសម្រួល​ការ​ស្វែងរក​ឯកសារ​ទាំង​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌។

លោក Sauber ថ្លែង​ថា៖ «ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ផ្ទេរ​វា​ទៅ​ឱ្យ​ក្រុម​មន្ត្រី​ក្រសួង​យុត្ដិធម៌​ដែល​អម​ដំណើរ​ជាមួយ​នឹង​ខ្ញុំ ឯកសារ​ចំនួន ៥ ទំព័រ​បន្ថែម​ទៀត​ដែល​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់​ត្រូវ​បាន​រកឃើញ​ក្នុង​ចំណោម​នោះ ដែល​ធ្វើ​ឱ្យ​ឯកសារ​សម្ងាត់​សរុប​ដែល​យើង​បាន​រកឃើញ​មាន​ចំនួន ៦ ទំព័រ»។

លោក​បាន​បន្ថែម​ថា៖ «ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​មក​ជាមួយ​ខ្ញុំ​បាន​យក​ឯកសារ​ទាំង​នោះ​ភ្លាមៗ»។

លោក Sauber បាន​និយាយ​កាលពី​ពេល​មុន​ថា សេតវិមាន​មាន «ទំនុក​ចិត្ត​ថា ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​នឹង​បង្ហាញ​ថា​ឯកសារ​ទាំង​នេះ​ត្រូវ​បាន​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ​ដោយ​អចេតនា ហើយ​លោក​ប្រធានាធិបតី​និង​ក្រុម​មេធាវី​របស់​លោក​បាន​ចាត់​វិធានការ​ភ្លាមៗ​បន្ទាប់ពី​បាន​រកឃើញ​កំហុស​នេះ»។

ការ​លើកឡើង​របស់​លោក Sauber នេះ​មិន​បាន​ពន្យល់​នោះ​ទេ​អំពី​មូលហេតុ​ដែល​សេតវិមាន​បាន​រង់ចាំ​អស់​រយៈពេល ២ ថ្ងៃ​មុន​នឹង​ផ្ដល់​តួលេខ​ចុងក្រោយ​អំពី​ចំនួន​នៃ​ឯកសារ​សម្ងាត់​ដែល​បាន​រកឃើញ។ សេតវិមាន​បាន​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​រួច​ទៅ​ហើយ​ចំពោះ​ការ​រង់ចាំ​អស់​រយៈពេល​ជាង ២ ខែ​មុន​នឹង​ទទួល​ស្គាល់​ថា​បាន​រកឃើញ​ឯកសារ​សម្ងាត់​ដំបូង​នៅ​ការិយាល័យ​របស់​លោក Biden។

លោក Sauber បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​ថា សេតវិមាន​នឹង​សហការ​ជាមួយ​នឹង​ក្រុម​ការងារ​ស៊ើបអង្កេត​របស់​លោក Hur៕

លោក Eric Tucker អ្នក​សរសេរ​អត្ថបទ​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG