ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រភព​បេឡារុស​ថា​មាន​ការ​គំរាមកំហែង​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​ជើង​អ៊ុយក្រែន​


រូបភាព​ពី​វីដេអូ​​របស់​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ២០២២​នេះ​ បង្ហាញ​​រថក្រោះ​រុស្ស៊ី​និង​បេឡារុស ធ្វើ​សមយុទ្ធ​នៅ​ជិត​ទី​ក្រុង Brest ប្រទេស​បេឡារុស។
រូបភាព​ពី​វីដេអូ​​របស់​​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ២០២២​នេះ​ បង្ហាញ​​រថក្រោះ​រុស្ស៊ី​និង​បេឡារុស ធ្វើ​សមយុទ្ធ​នៅ​ជិត​ទី​ក្រុង Brest ប្រទេស​បេឡារុស។

ប្រភព​បេឡារុស​និរទេស​ខ្លួន​និយាយ​ថា សកម្មភាព​យោធា​រុស្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​បេឡារុស​ដែល​ជា​សម្ពន្ធមិត្ត​សំខាន់​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នោះ​ បង្ហាញ​ថា ​រុស្ស៊ី​កំពុង​ព្យាយាម​រក្សា​ការ​គំរាម​កំហែង​វាយ​ប្រហារ​ពី​ប្រទេស​បេឡារុស​លើភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន​ បន្ទាប់​ពី​បរាជ័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ដីគោក​ទៅ​លើ​តំបន់​នោះ ​ដែល​រួម​មាន​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ​កាលពី​ដើម​ឆ្នាំ​នេះ។ ​

ខណៈ​ពួក​អ្នក​កាសែត ​ពួក​អ្នក​វិភាគ​ និង​ពួក​ប្រឆាំង​បេឡារុស​និយាយ​ថា ការ​ឈ្លានពាន​មួយ​លើក​ទៀត​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន​ដោយ​ចេញ​ពី​ទឹកដី​បេឡារុស​ទំនង​ជា​មិន​កើត​មាន​ឆាប់ៗ​ក៏ដោយ​ ​ ប៉ុន្តែ​វា​បាន​នាំ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​ក្នុង​ចំណោម​ពួកគេ​ថា​ តើ​កងកម្លាំង​របស់​ប្រធានាធិបតី​បេឡារុស ​លោក​ Alexader Lukashenko ​នឹង​ចូលរួម​ការ​វាយ​ប្រហារ​បែប​នេះ ​ឬ​យ៉ាងណា។ ​

កងទ័ព​រុស្ស៊ី​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​បេឡារុស​ បាន​រុល​ចូល​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន​ ​នៅ​ពេល​រុស្ស៊ី​ចាប់​ផ្តើម​ការ​ឈ្លានពាន​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​កាលពី​ចុង​ខែ​កុម្ភៈ​ នៅ​ក្នុង​ការ​ព្យាយាម​ដណ្តើម​កាន់កាប់​រដ្ឋធានី​កៀវ​ដែល​មាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​បេឡារុស។ ​លោក ​Lukashenko ​មិន​បាន​ឱ្យ​កងទ័ព​របស់​លោក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ឈ្លានពាន​នេះ​ទេ​ ទោះបី​ជាលោក​គាំទ្រ​ជា​សាធារណៈ​ដល់​ការ​ឈ្លានពាន​នេះ ​ហើយ​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​បេឡារុស​ក៏​ដោយ។​

កងទ័ព​អ៊ុយក្រែន​ ដែល​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​អាវុធ​ពី​ប្រទេស​លោក​ខាង​លិចនោះ បាន​បញ្ឈប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​ខាង​ក្រៅ​រដ្ឋធានី​កៀវ​ ហើយ​បាន​វាយ​ប្រហារ​បក​វិញ​ ដែល​បាន​បណ្តាល​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​តំបន់​នានា​នៅ​ភាគ​ខាង​ជើង​អ៊ុយក្រែន​ជុំវិញ​រដ្ឋធានី​កៀវ ​ហើយ​បាន​ដក​កងទ័ព​ចូល​ក្នុង​ប្រទេស​បេឡារុស​វិញ​នៅ​ដើម​ខែ​មេសា។​

រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​សែន​នាក់​នៅ​ក្នុង​ប្រទេស​បេឡារុស​នៅ​ពេល​ចាប់​ផ្តើម​សង្គ្រាម​នៅ​អ៊ុយក្រែន។​ ឥឡូវ​នេះ ​វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​បេឡារុស​មាន​ចំនួន​រាប់រយ​នាក់​តែ​ប៉ុណ្ណោះ។​ នេះ​បើ​តាម​លោក​ Franak Viacorka ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោកស្រី ​Sviatlana Tsikhanouskaya​ មេដឹក​នាំ​និរទេស​ខ្លួន​ដែល​ប្រឆាំង​ប្រទេស​បេឡារុស៕​

អ្នក​ឆ្លើងឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់​វីអូអេ​លោក ​Jeff Seldin ​រួមចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​អ្នក​យក​ព័ត៌មានឱ្យ​វីអូអេ​ភាសា​រុស្ស៊ី​លោកស្រី​ Anna Plotnikova​ រួមចំណែក​រាយ​ការណ៍​ពី​វីលនីញូស ​រដ្ឋធានី​ប្រទេស​លីទុយអានី

XS
SM
MD
LG