ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖ ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​អាច​ចាប់​ផ្តើម​ឡើងវិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​


រូប​ឯកសារ៖ កម្មករ​ម្នាក់​ដាក់​គ្រាប់​ធញ្ញជាតិ​លើ​រថយន្ត​ធំ​អំឡុង​រដូវ​ច្រូតកាត់​នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​អំឡុង​ពេល​មាន​ការឈ្លានពាន​បន្ត​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
រូប​ឯកសារ៖ កម្មករ​ម្នាក់​ដាក់​គ្រាប់​ធញ្ញជាតិ​លើ​រថយន្ត​ធំ​អំឡុង​រដូវ​ច្រូតកាត់​នៅ​តំបន់ Odesa ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​អំឡុង​ពេល​មាន​ការឈ្លានពាន​បន្ត​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន​អាច​ចាប់ផ្តើម​ឡើងវិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ ​បើទោះបី​ជា​អង្គការ​ពិភពលោក​នេះ​បាន​ថ្កោលទោស​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​លើ​ Odesa ​ទីក្រុង​កំពង់ផែ​សមុទ្រ​ខ្មៅ​ដ៏​សំខាន់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​នៃ​កិច្ច​ព្រមព្រៀង​បន្ត​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ឡើង​វិញ​ក៏ដោយ។​

ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​នឹង​ត្រូវ​ធ្វើ​ពី​កំពង់ផែ ​Odesa ​និង​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ​ពីរ​ផ្សេង​ទៀត​នៅ​ Chernomorsk ​និង ​Yuzhny។ ​ អ្នក​នាំពាក្យ​អង្គការ​សហ​ប្រជាជាតិ​លោក​ Farhan Haq ​បាន​និយាយ​ថា៖​ «ហើយ​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ លក្ខខណ្ឌ​ទាំងអស់​គឺ​ត្រឹមត្រូវ ​ច្បាស់លាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​កប៉ាល់​ដោយ​សុវត្ថិភាព»។​

លោក​ Haq ​បាន​និយាយ​ថា៖ ​«អ្វី​ដែល​មិន​សមស្រប​នោះ​ គឺ​មិន​មាន​ប្រយោជន៍​សម្រាប់​ជោគជ័យ​នៃ​គំនិត​ផ្តួច​ផ្តើម​នេះ​ទេ»។ ​លោក​ Haq ​ថ្លែង​ដូច្នេះ​នៅ​ពេល​គាត់​និយាយ​ឡើង​វិញ​នូវ​ការ​ថ្កោលទោស​របស់​អគ្គ​លេខាធិការ​អ.ស.ប.​លោក ​Antonio Guterres​ ចំពោះ​ប្រទេស​រុស្ស៊ី​ដែល​បាន​បាញ់​កាំជ្រួច​កាលពី​ថ្ងៃ​សៅរ៍​លើ​ទីក្រុង​ Odesa។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ​លោក ​Sergey Lavrov ​បាន​ប្រកែក​ថា​ ​«ការ​សន្យា​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ដែល​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង Istanbul (អ៊ីស្តង់ប៊ុល) ​នោះ​ មិន​មាន​ហាមឃាត់​យើង​មិន​ឱ្យ​បន្ត​ប្រតិបត្តិការ​យោធា​ពិសេស​របស់​យើង​ដើម្បី​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា ​និង​គោលដៅ​យោធា​ផ្សេង​ទៀត​នោះ​ទេ»។​

រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ការ​វាយ​ប្រហារ​មីស៊ីល​របស់​ខ្លួន​លើ​ការ​ដំឡើង​ផ្នែក​យោធា​នៅ​ Odesa​ មិន​គួរ​ប៉ះពាល់​កិច្ច​ព្រមព្រៀង​ដើម្បី​បន្ត​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​នោះ​ទេ។ ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​ លោក ​Dmitry Peskov ​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​«មិន​ទាក់ទង​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​នោះ​ទេ» ។​

រុស្ស៊ី​បាន​បដិសេធ​ពី​ដំបូង​ថា​ ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ ​នោះ​ទេ​ ប៉ុន្តែ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​កម្លាំង​របស់​ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ។​

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ​ពួក​គេ​កំពុង​ធ្វើ​ការ​ដើម្បី​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ដែល​អ៊ុយក្រែន ​និង​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​សុក្រ។ ​រដ្ឋមន្ត្រី​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ុយក្រែន ​លោក ​Oleksandr Kubrakov ​បាន​និយាយ​ថា ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ពុធ។ ​នេះ​បើ​យោង​តាម​កាសែត​ Kyiv Independent។​

អង្គការ​សហ​ប្រជាជាតិ ​និង​ប្រទេស​តួកគី​បាន​ជួយ​សម្រប​សម្រួល​កិច្ច​ព្រមព្រៀង​នេះ ​ដែល​អំពាវនាវ​ឱ្យ​កង​នាវា​រុស្ស៊ី​នៅ​ក្នុង​សមុទ្រ​ខ្មៅ​អនុញ្ញាត​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​ក្នុង​តំបន់​ដែល​រុស្ស៊ី​បាន​រារាំង​ចាប់តាំង​ពី​ចាប់​ផ្តើម​ការ​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ចុង​ខែ​កុម្ភៈ។​

ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​តួកគី​រំពឹង​ថា​ រុស្ស៊ី ​និង​អ៊ុយក្រែន​នឹង​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​ព្រមព្រៀង​នេះ៕

ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters

XS
SM
MD
LG